សហរដ្ឋអាមេរិក និងចិនកំពុងមានផែនការ ដើម្បីបន្តការចរចាខាងការទូតកម្រិតខ្ពស់នៅក្នុងខែតុលា ដើម្បីវិលត្រឡប់ទៅកាន់តុចរចា ដើម្បីពិភាក្សាបញ្ហាការទូត ខណៈដែលប្រទេសនានានៅតែជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្មដែលកំពុងរីកកាន់តែធំឡើង។
ការចរចាខាងការទូតជុំទី២រវាងសហរដ្ឋអាមេរិក និងចិននិងការចរចាខាងសន្តិសុខឬ (DSD) មិនបានប្រកាសជាផ្លូវការទេ ក៏ប៉ុន្តែ ត្រូវគេរំពឹងនឹងធ្វើឡើងនៅក្នុងទីក្រុងប៉េ កាំងនៅពាក់កណ្តាលខែតុលាបន្ទាប់ពីការពន្យាពេលអស់ជាច្រើនខែមក នេះតាមប្រភពការទូត។ លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo និងលោករដ្ឋមន្រ្តីការពារប្រទេស Jim Mattis មានផែនការដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកដើម្បីជួបជាមួយសមភាគីចិន។
ក្រុមអ្នកវិភាគសហរដ្ឋអាមេរិកកំពុងមើលឃើញជំនួបនេះថាជាមធ្យោបាយមួយ ដើម្បីស្ទង់មើលថាតើមានវិស័យណាខ្លះដែលពួកគេអាចធ្វើការជាមួយគ្នា។
លោក Bob Manning ជាអ្នកជំនាញខាងប្រទេសចិននៅក្រុមប្រឹក្សា Atlantic និយាយថា «ខ្ញុំគិតថា យើងបានឃើញចំណុចដ៏ទាបបំផុតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនក្នុងរយៈពេលប៉ុន្មានខែនេះ។ ការណ៍នេះបង្ហាញពីការប៉ុនប៉ងធ្វើឲ្យមានការសន្ទនាជាប្រចាំឡើងវិញស្តីពីបញ្ហាគ្រប់បែបយ៉ាងសម្រាប់អ្វីដែលជាទំនាក់ទំនង ដ៏ធំនិងស្មុគ្រស្មាញបំផុតនោះ»។
ការចរចារវាងសហរដ្ឋអាមេរិក និងចិនបានស្ថិតនៅក្នុងភាពមិនប្រាកដប្រជានៅពេលមានជម្លោះខាងពាណិជ្ជកម្មទ្វេភាគីដ៏ក្តៅគគុក។
ប្រភពការទូតប្រាប់ឲ្យដឹងជាច្រើនខែមកហើយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានឆ្លើយតបទៅនឹងការចាប់អារម្មណ៍របស់ចិននៅក្នុងការបន្តការចរចាខាងការទូត និងសន្តិសុខ ដោយការសាទរប្រកបដោយភាពកក់ក្តៅ៕