សហរដ្ឋ​អាមេរិក​និង​ចិន​ប្រជែង​គ្នា​យក​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា

រូបឯកសារ៖ លោក ចន ឃែរី រដ្ឋ​មន្ត្រី​ការបរទេស​អាមរិក​បាន​ស្វាគមន៍​ទៅកាន់​អ្នក​ចូលរួមរបស់​ក្លីបអ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​បរទេស​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទទី២៥ ខែ​មករា ឆ្នាំ​២០១៦។ (រូបថត៖ AP/Jacquelyn Martin, Pool)

លោក ចន ឃែរី បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​ពី​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ការ​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ មុន​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​នឹង​បណ្តា​មេដឹកនាំ​ ASEAN ​និង​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៅ​រដ្ឋ California ​នៅ​ខែ​ក្រោយ​នេះ។

លោក ចន ឃែរី (John Kerry) ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​កំពុង​តែ​ត្រូវ​បាន​គេ​ដាក់​សំពាធ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​កំណែ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​ និង​បញ្ហា​សិទ្ធិមនុស្ស​គឺ​ជា​របៀបវារៈ​កំពូល ​នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​នឹង​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​កម្ពុជា ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​(CPP) ​ ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​នេះ។

ដោយ​សារ​តែ​លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​និរទេស​ខ្លួន​ឯង ​ដើម្បី​ចៀសវាង​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ជា​ការ​ចោទ​ប្រកាន់​បែប​នយោបាយ​ ហើយ​មាន​សមាជិក​គណបក្ស​របស់​ខ្លួន ​និង​សកម្មជន​ចំនួន​១៧​នាក់​ ត្រូវ​ជាប់​ពន្ធនាគារ​នោះ ​អង្គការ​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ ការរឹត​ចំណង​ការទូត​ត្រូវ​តែ​ធ្វើ​ឡើង​ជាមួយ​នឹង​ការ​ធានា​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ តាមរយៈ​ការ​បដិសេធ​ក្នុង​ការ​និយាយ​ជំទាស់​ដូច​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា ASEAN ​មួយ​ចំនួន ជុំវិញ​ការ​ទាមទារ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ ​ប្រទេស​កម្ពុជា​យល់​ថា ​ខ្លួន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ ​ដែល​មាន​អានុភាព​នយោបាយ​កាន់​តែ​ខ្លាំង​ចំពោះ​ការប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ ដើម្បី​ទទួល​បាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់។

លោក អ៊ូ វីរៈ ​ដែល​ជា​អ្នកវិភាគ​នយោបាយ​ និង​ស្ថាបនិក​នៃ​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​បាន​មាន​ប្រសាសន៍​ថា​«ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ដ៏​តូច​មួយ​ ដែល​មិន​គួរ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ឆាក​នយោបាយ​មហាអំណាច​នេះ​ទេ ​ប៉ុន្តែ​ដោយ​សារ​ប្រទេស​កម្ពុជា​គឺ​សមាជិក​របស់ ​ASEAN។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​កម្ពុជា​ក្លាយ​ជា​ប្រទេស​សំខាន់​មួយ។ ប៉ុន្តែ​ក៏​ដោយសារ​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន​ និង​ក៏​ជា​កូន​អុក​របស់​ចិន​នៅ​ក្នុង​ស្មារតី​ឯកភាព ​ASEAN។ ឥឡូវ​នេះ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​តូច​មួយ​ដ៏​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ងាក​មក​កាន់​តំបន់​អាស៊ី»។

លោក ឃែរី បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​ពី​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ការ​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ មុន​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​នឹង​បណ្តា​មេដឹកនាំ​ ASEAN ​និង​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៅ​រដ្ឋ California ​នៅ​ខែ​ក្រោយ​នេះ។ ​

ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​១៩៩០​មក​ ជំនួយ​តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប ​ឧស្សាហកម្ម​កាត់ដេរ​របស់​កម្ពុជា​បាន​រីកចម្រើន​ពី​ជិត​១ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) ​ទៅ​ជិត​១០​ភាគរយ​នៃ GDP ​នា​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ​២០១៥ ​ការ​នាំចេញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​មាន​ទឹកប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ​ និង​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​៦​សែន​នាក់។ ​

លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​នេះ​គឺ​ជា​ការ​រួម​ចំណែក​ដ៏​ខ្លាំងក្លា​បំផុត​ពី​រដ្ឋាភិបាល​អាមេរិក​ដល់​ប្រទេស​កម្ពុជា។

ប៉ុន្តែ​លោក ស៊ីផាន​ បាន​បន្ថែម​ថា ​ជំនួយ​នោះ​គឺ​មាន​លក្ខខណ្ឌ ​ដោយ​រួម​មាន​ទាំង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស ​និង​កែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ផង​ដែរ។ ​

លោក ស៊ីផាន ​បាន​បន្ត​ថា ​ផ្ទុយ​ទៅ​វិញ ​ប្រទេស​ចិន​មិន​បាន​ដាក់​លក្ខខណ្ឌ​ដូចគ្នា​នេះ​ទៅ​លើ​ប្រាក់កម្ចី​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា ​ដូចជា​ផ្លូវ​ថ្នល់​ និង​ទំនប់​ទឹក​ដើម្បី​ជួយ​សម្រួល​ដល់​ប្រទេស​ដែល​មាន​ការ​រីកចម្រើន​លឿន​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ​ទេ៖

រូបឯកសារ៖ លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន និង​លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសកម្ពុជា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។ (គង់ សុឋានរិទ្ធ/VOA)

«យើង​យល់​ពី​ប្រទេស​លោក​ខាង​លិច​ ថា​វា​ជា​និរន្តរភាព​ដែល​យើង​ចង់​បាន​ ហើយ​យើង​ក៏​គោរព​ទៅ​តាម​នោះ​ដែរ។ ហើយ​ចំពោះ​ប្រទេស​ចិន​ យើង​មិន​ប្រកាន់​ទេ​ពី​វិធី​ដែល​គេ​គ្រប់គ្រង​ប្រទេស​របស់​គេ។ ​ប៉ុន្តែ​យើង​ចង់​ឲ្យ​មាន​ដៃគូ​ល្អ​មួយ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​ដើរ​ទៅ​មុខ​បន្ត​ទៀត»។
លោក ស៊ីផាន ​បាន​ការពារ​រដ្ឋាភិបាល​ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នានា​ទៅ​លើ​ការ​រំលោភ​សិទ្ធិមនុស្ស​ ដោយ​បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​គួរតែ​កែប្រែ​«គោលនយោបាយ​មួយ​សម្រាប់​ទាំងអស់​គ្នា»​ របស់​ខ្លួន និង​គួរ​តែ​មាន​ការយល់​ដឹង​ស៊ី​ជម្រៅ​ជាងមុន​ទៅ​លើ​ភាព​ចម្រុះ​គ្នា​របស់​ ASEAN។

លោក ស៊ីផាន ​បាន​ថ្លែង​ថា៖​«យើង​ទទួល​បាន​ការអប់រំ​មក​ពី​សហរដ្ឋ​អាមេរិក។ ​ហើយ​យើង​ក៏​យល់​អំពី​បញ្ហា​នេះ​ដែរ។ ប៉ុន្តែ​អាមេរិក​មិន​អាច​បង្ខំ​ឲ្យ​មនុស្ស​គ្រប់គ្នា​បរិភោគ​ hamburgers ​បាន​នោះ​ទេ»។ ហើយ​លោក​បាន​បន្ថែម​ថា ​កម្ពុជា​នៅ​តែ​មាន​អព្យាក្រឹត្យភាព​តាម​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន។
វា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​យល់​ឃើញ​ខុស​ពី​នេះ។

យោង​តាម លោក សុន ឆ័យ ​អ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ យល់​ឃើញ​ថា ​គោល​នយោបាយ​ការបរទេស​របស់​អាមេរិក​គឺ​រំលោភ​ទៅ​លើ​អធិបតេយ្យភាព​របស់​ខ្លួន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ទោរទន់​ទៅ​រក​ប្រទេស​ចិន​ ហើយ​គោលនយោបាយ​នេះ​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​តិចតួច​ប៉ុណ្ណោះ។
លោក សុន ឆ័យ ​មាន​ប្រសាសន៍​ថា៖​«គោលបំណង​របស់​ចិន​គឺ​កេងប្រវ័ញ្ច​ធនធាន​របស់​កម្ពុជា។ ពួកគេ​មិន​ចាប់​អារម្មណ៍​លើ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ ឬ​ពាណិជ្ជកម្ម​ស្មើភាព​នោះ​ទេ។ ពួកគេ​មើល​មក​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ពួកគេ​អាច​កេង​ប្រវ័ញ្ច​បាន ​ដើម្បី​ទទួល​បាន​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​ចង់​បាន​ដើម្បី​សេដ្ឋកិច្ច​របស់​គេ»។

លោក ឆ័យ ​ឯកភាព​ថា ប្រទេស​កម្ពុជា​ត្រូវ​តែ​អព្យាក្រឹត្យ​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា គុណតម្លៃ​នៃ​គណបក្ស​របស់​លោក​គឺ​ស្រប​ទៅ​នឹង​គុណតម្លៃ​របស់​សហរដ្ឋ​អាមេរិក ដែល​លោក​យល់​ថា​ គួរ​តែ​មាន​កាតព្វកិច្ច​គាំទ្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ឆ័យ ​បាន​បន្ថែម​ថា៖ «អ្នក​មិន​អាច​ប្រើប្រាស់​កម្ពុជា​ និង​ព្យាយាម​ធ្វើ​ល្អ​ ហើយ​ធ្វើ​មិន​ដឹង​អ្វី​ នៅ​ពេល​ដែល​និយាយ​ដល់​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​បញ្ហា​ចិន​នោះ​ទេ»។

ខណៈពេល​ជាមួយ​គ្នា​នោះ​ដែរ​ បន្ទាប់​ពី​ជ័យ​ជម្នះ​ដ៏​ប្រកៀក​ប្រកិត​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​ ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នឹង​ស្វែង​រក​ទំនាក់ទំនង​សាធារណៈ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​រដ្ឋ Californiaនៅ​ខែ​ក្រោយ​នេះ។

លោក Sebastian Strangio ​អ្នក​សារព័ត៌មាន​ប្រចាំ​នៅ​ភ្នំពេញ​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​«កម្ពុជា​របស់​លោក​ហ៊ុន សែន» ​បាន​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​គិត​ថា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ផ្តល់​ដល់​លោក​នូវ​កិត្យានុភាព​ និង​ភាព​ស្របច្បាប់​ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​រដ្ឋ California នៅ​ខែ​ក្រោយ​នេះ ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​និង​ ASEAN ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​ជ័យជម្នះ​មួយ»។

លោក អ៊ូ វីរៈ ​អ្នក​វិភាគ​នយោបាយ​ បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​រំពឹង​នូវ​ការ​ផ្តល់​មក​វិញ​មួយ​ចំនួន​ពី​លោក ហ៊ុន សែន​ ចំពោះ​ភាព​ស្រប​ច្បាប់ ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​បាន​គ្រោង​ទុក​ជា​មុន​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​គណបក្ស​ប្រឆាំង​នោះ។

លោក វីរៈ​ បាន​ថ្លែង​ថា៖​«សំណួរ​គឺ​នៅ​ត្រង់​ថា ​តើ​លោក ឃែរី អាច​ទទួល​បាន​នូវ​ការ​ប្តេជ្ញា​របស់​លោក ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា ​តាម​មធ្យោបាយ​មួយ​ដែល​គ្រប់គ្រាន់​ តាម​មធ្យោបាយ​មួយ​ដែល​នឹង​នៅ​បាន​យូរអង្វែង​គ្រប់គ្រាន់​ និង​សំខាន់​គ្រប់គ្រាន់​ក្នុង​ការកំណត់​អនាគត​នៃ​សន្តិសុខ​ក្នុង​តំបន់​ឬ​ទេ?» ៕

ប្រែសម្រួលដោយ​នាង​ ហុង ចិន្តា