លោក Zalmay Khalilzad ប្រធានអ្នកចរចារបស់អាមេរិកអំពីបញ្ហាអាហ្វហ្កានិស្ថានត្រូវបានគេរំពឹងថា នឹងជួបអ្នកតំណាងតាលីបង់ដែលមានមូលដ្ឋាននៅប្រទេសកាតានៅចុងសប្តាហ៍នេះដើម្បីឲ្យដឹងថា តើក្រុមបះបោរបានត្រៀមខ្លួនឬនៅក្នុងការកាត់បន្ថយអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីបន្តកិច្ចចរចាសន្តិភាព។
មន្ត្រីស្ថានទូតអាមេរិកនៅក្រុងកាប៊ុលដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ចេញព័ត៌មាននេះកាលពីថ្ងៃព្រហស្បតិ៍គឺជិត៣សប្តាហ៍បន្ទាប់ពីលោក Khalilzad បានផ្អាកការចរចាជាការសងសឹកការវាយប្រហាររបស់តាលីបង់លើមូលដ្ឋានយោធាអាមេរិកធំបំផុតនៅភាគខាងជើងរដ្ឋធានីកាប៊ុល។
ដោយនិយាយយោងដល់សេចក្តីថ្លែងការណ៍របស់តាលីបង់ថ្មីៗនេះ មន្ត្រីស្ថានទូតអាមេរិកបានកត់សម្គាល់ថា ថ្នាក់ដឹកនាំតាលីបង់បានពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ហើយលោក Khalilzad ចង់ដឹងអំពីលទ្ធផលនៅឯកាចរចាខាងមុខ។
នៅក្នុងការចរចាចុងក្រោយរបស់លោកជាមួយអ្នកចរចារបស់ក្រុមបះបោរនៅរដ្ឋធានី Doha ប្រទេសកាតាកាលពីថ្ងៃទី១២ខែធ្នូ លោក Khalilzadដែលមានដើមកំណើតអាហ្វហ្កានីស្ថានបានស្នើសុំឱ្យពួកគេពិគ្រោះយោបល់ជាមួយមេដឹកនាំរបស់ពួកគេអំពីបទឈប់បាញ់ជាបណ្តោះអាសន្នឬការកាត់បន្ថយអំពើហិង្សាមុនពេលភាគីទាំងពីរវិលត្រឡប់ទៅតុចរចា។
កាលពីដើមសប្តាហ៍នេះ លោក Zabihullah Mujahid អ្នកនាំពាក្យតាលីបង់បានបញ្ជាក់ថាមេដឹកនាំរបស់ខ្លួនបានធ្វើការពិគ្រោះយោបល់ផ្ទៃក្នុងដោយនិយាយថា ពួកគេផ្តោតតែលើសំណើរបស់សហរដ្ឋអាមេរិកចង់បន្ធូរបន្ថយអំពើហិង្សាប្រឆាំងកងទ័ពបរទេស។ ទោះយ៉ាងណា លោក Mujahid បានទទូចថា ក្រុមបះបោរមិនមានចេតនាប្រកាសបទឈប់បាញ់ទូទាំងប្រទេសជាមួយកងកម្លាំងអាហ្វហ្គានីស្ថានទេ ដោយនិយាយថា បញ្ហានេះនឹងត្រូវពិភាក្សា នៅពេលការចរចារវាងតាលីបង់និងអាហ្វហ្គានីស្ថានចាប់ផ្តើម៕