សហរដ្ឋអាមេរិកកំពុងចោទប្រកាន់ទាហានដែលមានទំនាក់ទំនងជាមួយរុស្ស៊ីបួននាក់ពីបទឧក្រិដ្ឋកម្មសង្រ្គាមចំពោះអ្វីដែលរដ្ឋអាជ្ញាអាមេរិកពណ៌នាថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋអាមេរិកម្នាក់បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយ ក្រែនកាលពីខែកុម្ភៈឆ្នាំមុន។
ការចោទប្រកាន់នេះគឺជាលើកដំបូងដែលមិនធ្លាប់មាននៅក្រោមច្បាប់លក្ខន្តិកៈឧក្រិដ្ឋកម្មសង្រ្គាមរបស់សហរដ្ឋអាមេរិកដែលមានអាយុជិត៣០ឆ្នាំ ហើយរៀបរាប់លម្អិតអំពីការចាប់ពង្រត់និងការធ្វើទារុណកម្មលើជនជាតិអាមេរិកម្នាក់ដែលរស់នៅក្នុងភូមិ Mylove(មីឡ័រវី)ភាគខាងត្បូងអ៊ុយក្រែន នៅពេលដែលកងកម្លាំងរុស្ស៊ីបានចូលឈ្លានពាន។
លោក Merrick Garland រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកថ្លែងថា៖«យើងចោទប្រកាន់ថា ជនជាប់ចោទទាំងនោះបានចាប់បោះជនរងគ្រោះទៅលើដី ខណៈដែលគាត់អាក្រាតកាយ ចងដៃពីក្រោយខ្នងរបស់គាត់ ភ្ជុងកាំភ្លើងទៅក្បាលគាត់ និងវាយ តប់ ទាត់ធាក់ដោយជើង កណ្តាប់ដៃនិងបង់កាំភ្លើងរបស់គេទៀត»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកMerrick Garland និយាយថា ជនជាប់ចោទទាំង៤នាក់ រួមមានមេបញ្ជាការពីរនាក់ និងទាហានថ្នាក់ក្រោមពីររូបដែលជាកងកម្លាំងប្រដាប់អាវុធរុស្ស៊ីឬជាកងកម្លាំងដែលគេហៅថាសាធារណរដ្ឋប្រជាមានិតDonetsk។ ហើយពួកគេថែមទាំងបានធ្វើការប្រហារជីវិតបែបចំអកទៀតផង។
លោក Garland បានថ្លែងទៀតថា៖ «គេរំកិលកាំភ្លើងមុននឹងកេះកៃ ហើយបាញ់គ្រាប់កាំភ្លើងបញ្ឆិតក្បាលគាត់»។
ការចោទប្រកាន់ចំនួន៩ទំព័របានចោទទាហានដែលមានទំនាក់ទំនងនឹងរុស្ស៊ីពីបទផ្សំគំនិតប្រពឹត្តឧក្រិដ្ឋកម្មសង្គ្រាម ការបង្ខាំងមនុស្សដោយខុសច្បាប់និងការធ្វើទារុណកម្ម។
ស្ថានទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោននៅមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។
មន្ត្រីសហរដ្ឋអាមេរិកថ្លែងថាការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតជាច្រើនខែ ដោយក្រសួងយុត្តិធម៌ ភ្នាក់ងារប៉ូលិសFBIនិងក្រសួងសន្តិសុខមាតុភូមិ ដែលបាននិយាយជាមួយជនរងគ្រោះ ហើយក៏បានរកឃើញសាក្សីចំពោះការចូលកាន់កាប់របស់រុស្ស៊ីនៅក្នុងភូមិដែលជនរងគ្រោះរស់នៅ។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ Alejandro Mayorkas ថ្លែងថា៖«ដូចដែលការប្រកាសថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថានៅពេលដែលសិទ្ធិពលរដ្ឋអាមេរិកត្រូវបានរំលោភបំពាន រដ្ឋាភិបាលរបស់ពួកគេនឹងប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង និងចំណាយគ្រប់ទាំងធនធានដើម្បីនាំជនល្មើសមកកាត់ទោស»។
មន្ត្រីអាមេរិកក៏និយាយដែរថានេះមិនមែនជាលើកចុងក្រោយដែលពួកគេបានចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទេ សមដូចរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក Merrick Garland បានប្រាប់ក្រុមអ្នកយកព័ត៌មានថា«អ្នកគួរតែរំពឹងនឹងមានការចោទប្រកាន់ច្រើនទៀត»៕
ប្រែសម្រួលដោយលោក សុខ ខេមរា