មនុស្សពីរនាក់នៅក្រុង Los Angeles បានរងការចោទប្រកាន់ក្នុងការជាប់ពាក់ព័ន្ធនឹងផែនការមួយដឹកនាំដោយរដ្ឋាភិបាលក្រុងប៉េកាំង ដែលចាត់គោលដៅលើសមាជិកក្រុមចលនាសាសនា Falun Gong មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលក្រុមនេះត្រូវបានចាត់ទុកថា ខុសច្បាប់នៅចិន។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងយុត្តិធម៌អាមេរិកកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា។
ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រសួងយុត្តិធម៌បាននិយាយថា បុគ្គលឈ្មោះ John Chen ដែលគេស្គាល់តាមឈ្មោះថា Chen Jun និងបុគ្គលឈ្មោះ Lin Feng ត្រូវបានចាប់ខ្លួននៅរដ្ឋ California ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទគាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិននៅក្នុងការព្យាយាមដកហូតការអនុគ្រោះពន្ធលើអង្គការមួយនៅសហរដ្ឋអាមេរិក ដែលអង្គការនេះស្ថិតក្រោមការដឹកនាំដោយអ្នកប្រតិបត្តិតាមក្រុមសាសនា Falun Gong។
ក្រសួងយុត្តិធម៌អាមេរិកបានពណ៌នាផែនការនេះថា ជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយជាងនេះពីសំណាក់រដ្ឋាភិបាលចិនក្នុងការចាត់គោលដៅលើក្រុមអ្នករិះគន់ខ្លួននៅសហរដ្ឋអាមេរិក។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងមួយខែ បន្ទាប់ពីមន្ត្រីភ្នាក់ងារសហព័ន្ធបានចាប់ខ្លួនមនុស្សពីរនាក់នៅក្រុងNew York ជុំវិញការសង្ស័យពីការធ្វើប្រតិបត្តិការ«ស្ថានីយប៉ូលិសសម្ងាត់» ចិនមួយនៅតំបន់ទីប្រជុំជន Chinatownក្នុងសង្កាត់ Manhattan។
ក្រសួងយុត្តិធម៌បាននិយាយថា ពាក្យបណ្ដឹងប្រឆាំងនឹងបុគ្គលឈ្មោះ Chen និង Lin ត្រូវបានធ្វើឡើងនៅតុលាការសហព័ន្ធនៅសង្កាត់ Southern District ក្នុងក្រុងញូវយ៉ក។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចទាក់ទងបុគ្គលទាំងពីររូបនេះ ឬមេធាវីរបស់ពួកគេសម្រាប់ការអធិប្បាយបានទេ។ ស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោនក៏មិនបានផ្ដល់ការអធិប្បាយភ្លាមៗផងដែរ។
ក្រសួងយុត្តិធម៌បានបន្តថា កាលពីឆ្នាំ ២០២៣ បុគ្គលឈ្មោះ Chen និង Lin បានព្យាយាមសូកប៉ាន់មន្ត្រីភ្នាក់ងារសហព័ន្ធដែលបង្កប់ខ្លួនធ្វើជាមន្ត្រីពន្ធដារអាមេរិក ដើម្បីជំរុញទៅមុខនូវពាក្យបណ្ដឹងដែលមានគោលដៅដកហូតការលើកលែងពន្ធលើអង្គការក្រោមការដឹកនាំដោយក្រុម Falun Gong។
ក្រសួងដដែលបានលើកឡើងថា បុគ្គលទាំងពីររូបនេះបានផ្ដល់សំណូកជាសាច់ប្រាក់ចំនួន ៥.០០០ដុល្លារ និងបានសន្យាផ្ដល់សំណូកច្រើនជាងនេះទៀតដើម្បីជំរុញទៅមុខនូវពាក្យបណ្ដឹងតាមរយៈកម្មវិធី Whistleblower របស់ទីភ្នាក់ងារប្រមូលពន្ធ IRS។
សំណូកនោះមានគោលដៅសម្រេចគោលបំណងរបស់រដ្ឋាភិបាលចិនដើម្បី «ផ្ដួលរំលំ...ក្រុម Falun Gong»។ នេះបើយោងតាមការដកស្រង់សម្ដីរបស់បុគ្គលឈ្មោះ Chen នៅក្នុងការសន្ទនាតាមទូរសព្ទមួយដែលត្រូវចាប់បាន។ ការដកចេញការលើកលែងពន្ធសម្រាប់អង្គការនេះនឹងបង្កើនបន្ទុកបង់ពន្ធទៅកាន់រដ្ឋាភិបាលសហព័ន្ធចំពោះអង្គការនេះ។
ក្រុម Falun Gong ដែលផ្ដោតចម្បងលើសមាធិ បានរងបម្រាមពីសំណាក់រដ្ឋាភិបាលចិននៅឆ្នាំ ១៩៩៩ បន្ទាប់សមាជិករបស់ក្រុមនេះចំនួនប្រមាណ ១០.០០០នាក់ បានបង្ហាញខ្លួននៅបរិមាណអគារមេដឹកនាំគណៈមជ្ឈិមបក្សកុម្មុយនីស្តចិននៅក្រុងប៉េកាំងនៅក្នុងការតវ៉ាបែបស្ងប់ស្ងាត់មួយ។ ក្រុមនេះបានអំពាវនាវឲ្យពលរដ្ឋលែងទទួលស្គាល់គណបក្សកុម្មុយនីស្តចិន ដែលកំពុងដឹកនាំប្រទេស។
រដ្ឋាភិបាលចិនបានពណ៌នាក្រុមនេះថាជា ក្រុមលទ្ធិសាសនាមួយដែលគំរាមកំហែងស្ថិរភាពជាតិ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
អាមេរិកចោទប្រកាន់បុគ្គលពីររូបចំពោះការដៅលើក្រុម Falun Gong ដែលតម្រង់ដោយរដ្ឋាភិបាលក្រុងប៉េកាំង
វ៉ាស៊ីនតោន —