បរិវេណសភាសហរដ្ឋអាមេរិកត្រូវបានបិទជាបណ្ដោះអាសន្នកាលពីថ្ងៃច័ន្ទ ក្រោយពីមានអគ្គីភ័យមួយបានកើតឡើងនៅក្បែរនោះ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក។
ហេតុការណ៍នេះបានកើតឡើងតែក្នុងរយៈពេលពីរថ្ងៃទៀតប៉ុណ្ណោះ មុននឹងពិធីសច្ចាប្រណិធានចូលកាន់តំណែងនៅវិមានសភារបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Joe Biden មកដល់។
ទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកបានបង្ហោះសារមួយលើ Twitter ថា៖ «គ្មានការគំរាមកំហែងដល់សាធារណជនទេ»។
ប៉ូលិសការពារវិមានសភាសហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅក្នុងការប្រុងប្រយ័ត្នជាមុន ក្រោយពីមានការគំរាមកំហែងសន្ដិសុខពីខាងក្រៅនៅក្បែរវិមានសភា នាយកស្ដីទីរបស់ខ្លួនបានបញ្ជាឲ្យបិទបរិវេណវិមានសភានោះ។
សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា៖ «ឥឡូវនេះមិនមានអគ្គីភ័យនៅលើ ឬនៅក្នុងបរិវេណវិមានសភាទេ» ហើយ«មន្ត្រី និងបុគ្គលិកនានាត្រូវបានជូនដំណឹងឲ្យរកកន្លែងសុវត្ថិភាព ខណៈដែលហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេត»។
រាល់អ្នកចូលរួមទាំងអស់នៅក្នុងការហាត់សមសម្រាប់ពិធីសច្ចាប្រណិធានចូលកាន់តំណែងរបស់លោក Biden ត្រូវបានបញ្ជូនចូលទៅក្នុងអគារវិមានសភា។ នេះបើយោងតាមអ្នកនៅកន្លែងកើតហេតុនេះដោយផ្ទាល់ម្នាក់របស់ទីភ្នាក់ងារព័ត៌មាន Reuters៕