ខ្មែរអាមេរិកាំងដែលជាសកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបានជួបជុំគ្នាពិភាក្សាអំពីដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា កាលពីរសៀលថ្ងៃសៅរ៍គឺមួយថ្ងៃមុនទិវាប្រជាធិបតេយ្យអន្តរជាតិដែលមហាសន្និបាតអ.ស.ប.បានអនុម័តកាលពីឆ្នាំ២០០៧។
ក្នុងកិច្ចពិភាក្សាក្នុងអគារនៃមជ្ឈមណ្ឌលរដ្ឋាភិបាល Mason Government Center ក្រុង Annandale រដ្ឋ Virginia នេះ សកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅស.រ.អា.មកពីរដ្ឋនានាមានទស្សនៈខុសគ្នាអំពីកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ហើយភាគច្រើនចាត់ទុកថា គណបក្សប្រឆាំងសម្រេចខុសពីឆន្ទៈរបស់អ្នកគាំទ្រ និងការសន្យារបស់ខ្លួន។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប្រកាសថា កម្មវិធីដែលមានសកម្មជនសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចូលរួមជិត៥០នាក់នេះធ្វើឡើងដើម្បីលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជាផង និងអបអរសារទរទិវាប្រជាធិបតេយ្យអន្តរជាតិថ្ងៃ១៥កញ្ញាផង។
លោក វ៉ាន់ សរ ទីប្រឹក្សារបស់សមាគមខ្មែរអាមេរិកាំងនេះ និងជាប្រធានអង្គការគ្រឹះសម្ព័ន្ធខែ្មរមកពីរដ្ឋវ៉ាស៊ីនតោន សម្តែងក្តីបារម្ភ ដែលអ្នកចូលរួមមានទស្សនៈខុសគ្នាអំពីស្ថានភាពនយោបាយនិងប្រជាធិបតេយ្យនៅប្រទេសកំណើតរបស់ខ្លួន។
«ខ្ញុំបារម្ភ ខ្ញុំបារម្ភមែនទែន ព្រោះដោយសារយើងមានមតិខ្វែងគ្នានឹងណា៎។ ប៉ុន្តែក្នុងចិត្តរៀងខ្លួនហ្នឹងម្នាក់ៗតែងមានឧត្តមគតិផ្សេងៗគ្នា ខ្លះក៏ខ្លាំងក្លាទៅ ខ្លះក៏មិនសូវខ្លាំងក្លាទៅ»។
លោកបន្ថែមថា អ្នកខ្លះយល់ថា គណបក្សត្រូវតែចូលសភាដើម្បីមានក្តីសង្ឃឹមខ្លះក្នុងការតស៊ូ និងចៀងវាងអំពើហិង្សា ដែលមានមនុស្សស្លាប់៨នាក់មកហើយនោះ។ តែអ្នកខ្លះមានកង្វល់ដែលថា គណបក្សសង្គ្រោះជាតិចូលសភាធ្វើឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្របច្បាប់តទៅទៀត។
ប៉ុន្តែអ្នកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមកទស្សនកិច្ចស.រ.អា.យល់ថា ការខ្វែងគំនិតគ្នានេះជារឿងធម្មតាក្នុងការពិភាក្សាតាមបែបប្រជាធិបតេយ្យ។ ការបញ្ចេញយោបល់ខុសគ្នាច្រើននោះ មានប្រយោជន៍ក្នុងការចងក្រងជាអនុសាសន៍រកដំណោះស្រាយ។
«ខ្ញុំគិតថា អត់មានអ្វីគួរបារម្ភទេ ព្រោះនេះជាមតិរបស់ពលដ្ឋ ជាអ្វីដែលគាត់មើលឃើញសង្គមបច្ចុប្បន្ន។ ការពិភាក្សាស្វែងយល់គំនិតចម្រុះនេះនឹងធ្វើឲ្យយើងស្វែងយល់អំពីគ្នា ហើយឈានទៅរកដំណោះស្រាយពិតប្រាកដ»។
លោក វ៉ាន់ សរ និយាយថា លោកមានសង្ឃឹមអំពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអានាគតប្រទេសកម្ពុជា ពេលមានការតវ៉ាទ្រង់ទ្រាយធំ។
«មុននោះណា៎ សង្ឃឹមថា មានការដោះស្រាយបាន ពេលដែលអ្នកស្រុកងើប ក្នុងពេលប៉ុន្មានខែមុននោះ។ ហើយពេលដែលថា គេចូលធ្វើការជាមួយគ្នាទៅ វាធ្វើឲ្យកង្វល់ឡើងវិញ រិតតែខ្លាំងឡើងទៀតថា បញ្ហាហ្នឹងមិនអាចដោះស្រាយបាន»។
អ្នកស្រី សយ រ៉ាស៊ី សមាជិកគណបក្សសង្គ្រោះជាតិ ដែលចូលរួមកិច្ចពិភាក្សានេះក្នុងនាំបុគ្គលបានថ្លែងការពារការសម្រចចិត្តរបស់គណបក្សសង្គ្រោះជាតិនេះ។
«គណបក្សសង្គ្រោះជាតិចូលទៅនេះមិនមែនចូលនឹងគេទេ គឺចូលទៅចម្បាំង»។
អ្នកស្រីពន្យល់ថា ក្នុងលទ្ធផលនៃការចរចានោះ គណបក្សសង្គ្រោះជាតិដោះស្រាយបញ្ហាចម្បងមុនគេគឺគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សត្រូវចូលយកអំណាចក្នុងសភាដែលប្រជារាស្ត្រប្រគល់ឲ្យ។
លោក នាថ បណ្ឌិតឫទ្ធិពល ដែលធ្លាប់ជាព្រះសង្ឃសកម្មក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលលោកហ៊ុន សែន ពន្យល់ថា ដំណោះស្រាយមានតែមហាជន និស្សិត មហាសង្ឃបន្តទាមទារឲ្យមានរដ្ឋាភិបាលតំណាងឲ្យម្ចាស់ឆ្នោតពិតប្រាកដ។
«ការដែលគណបក្សសង្គ្រោះជាតិទៅព្រមព្រៀងចុះហត្ថលេខាថ្ងៃទី២២កក្កដា២០១៤ ព្រមព្រៀងធ្វើការនៅក្នុងសភាជាមួយគណបក្សប្រជាជននេះ ជាគ្រោះថ្នាក់ប្រទេសជាតិជាទីបំផុត»។
លោកពន្យល់ថា កិច្ចព្រមព្រៀងនេះក្បត់ឆន្ទៈប្រជាជនខ្មែរ ដែលបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយលោកបន្តថា រដ្ឋាភិបាលរបស់លោកហ៊ុន សែនបម្រើបរទេស។
លោកនាថ បណ្ឌិតឫទ្ធិពលបានសូមឲ្យសមាគមខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបញ្ជាក់ពីជំហរឯករាជ្យពីគណបក្សនយោបាយ និងបុគ្គលនយោបាយ ដោយលោកលើកឡើងថា មានព័ត៌មានដែលថា សមាគមនេះស្និទ្ធនឹងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលបានសម្របសម្រួលកិច្ចពិភាក្សានេះ ថ្លែងថា សមាគមនេះមិនមែនជាសម្ព័ន្ធភាពរបស់គណបក្សណាទេ ហើយការដែលជួនកាលកម្មវិធីរបស់សមាគនេះមានអ្នកនយោបាយចូលរួមគឺដោយសារជំហរអ្នកនយោបាយនោះស្របនឹងកម្មវិធីដែលសមាគមរៀបចំគឺបម្រើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
លោកនិយាយថា កិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរ ដែលបានបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយក្រោយការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣នោះ បាននាំឲ្យមានចម្ងល់ជាច្រើន ជាពិសេសក្រោយពេលលោកហ៊ុន សែនគំរាមដកតំណែងលោកកឹម សុខា ពីអនុប្រធានទីមួយសភាជាតិ ដោយសារការបញ្ចេញទស្សនៈដែលចង់រកសំឡេងសភាដកតំណែងរដ្ឋមន្ត្រីពុករលួយ៕