សហគមន៍ខ្មែរមានទំហំតូចបើប្រៀបធៀបជាមួយនឹងសហគមន៍អាស៊ីដទៃទៀតនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែពួកគេតែងតែចងជាបណ្តាញនៅពេលដែលចង់បានការដោះស្រាយកិច្ចការក្នុងសហគមន៍ ឬ បញ្ហាពាក់ព័ន្ធនឹងនយោបាយក្នុងប្រទេសកម្ពុជា។
សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី៨ខែវិច្ឆិកា ខាងមុខនេះ សកម្មជនសហគមន៍នានាកំពុងតែជំរុញពលរដ្ឋខ្មែរអាមេរិកាំងទៅបោះឆ្នោតឱ្យបានច្រើនជាងមុនដើម្បីដោះស្រាយបញ្ហាចម្បងៗដែលពួកគេជួបប្រទះក្នុងនោះមានដូចជាការសិក្សាអប់រំ ការងារ និងសុខាភិបាលជាដើម។
លោក ព្រហ្ម សៅរ៍ណូរ៉ា ប្រធានកិត្តិយសនៃសមាគមមិត្តខ្មែរអាមេរិកាំងបានបញ្ជាក់ប្រាប់ VOAថា៖
«យើងកំពុងតែធ្វើយុទ្ធនាការសុំឱ្យបងប្អូនចូលរួមជាមួយយើងដើម្បីនឹងទៅបោះឆ្នោតឱ្យបេក្ខជនផ្សេងៗនៅតាមរដ្ឋនីមួយៗហ្នឹង។ អ្នកណាដែលគេចង់ជួយយើង គឺយើងគាំទ្រអ្នកហ្នឹង»។
ពលរដ្ឋខ្មែរអាមេរិកាំងមានចំនួន៣២ម៉ឺននាក់នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាមតួលេខចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៥ របស់មជ្ឈមណ្ឌលវឌ្ឍនភាពអាមេរិកាំង (Center for American Progress)។
ក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១២ មានពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតតែ៦២ភាគរយប៉ុណ្ណោះបានចេញមកបោះឆ្នោត ក្នុងនោះភាគច្រើនគឺរហូតដល់៧៧ភាគរយបោះឆ្នោតជូនលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
លោក ណែម ឈឿង ស្ថាបនិកនិងជាប្រធានក្រុងខ្មែរក្នុងរដ្ឋចចចា (Georgia) យល់ថា សហគមន៍របស់លោកមានភាពរឹងមាំនិងមានឥទ្ធិពលក្នុងការសម្រេចជ្រើសរើសតំណាងរាស្ត្រ បើទោះបីជាមានទំហំតូចដោយមានសមាជិកប្រហែលត្រឹមមួយម៉ឺននាក់ប៉ុណ្ណោះ។ ការណ៍នេះដោយសារតែពួកគេរស់នៅប្រមូលផ្តុំនៅក្បែរៗគ្នា៖
«...ហើយការប្រមូលផ្តុំដោយទីក្រុងមួយរបស់ខ្ញុំនេះសឹងតែ៧០ភាគរយហើយដែលខ្មែរយើងប្រមូលផ្តុំ។ ចឹងតំណាងរាស្ត្រនៅស្រុកនេះនៅរដ្ឋសភានិងព្រឹទ្ធសភាដែលគេមានសង្កាត់របស់គេនោះ គឺគេពឹងផ្អែកទៅលើភាគច្រើននៅក្នុងតំបន់ហ្នឹង ចឹងយើងមានកម្លាំងក្នុងការដាក់គេលើកៅអីហ្នឹងឬបញ្ចុះគេ»។
លោកក៏បានជំរុញឲ្យសហគមន៍ខ្មែរនៅទូទាំងសហរដ្ឋអាមេរិកបន្តរួបរួមគ្នាដើម្បីទាមទារសុំឱ្យអ្នកដឹកនាំដោះស្រាយបញ្ហាដែលសហគមន៍ខ្មែរអាមេរិកាំងជួបប្រទះនិងបញ្ហាដែលជនរួមជាតិរបស់ពួកគេជួបប្រទះនៅក្នុងប្រទេសកំណើត។
«យើងត្រូវតែពួតដៃគ្នាបង្កើតការផ្តល់សាច់ដុំបង្ហាញគេថា មិនត្រឹមតែមានតែវត្តឬសមាគមទេ គឺអ្វីដែលយើងចង់បង្ហាញគឺ យើងមានក្រុមហ៊ុនជាច្រើននៅក្រោយយើងដែលក្រុមហ៊ុនទាំងនោះបានផ្តល់នូវផលប្រយោជន៍ជាច្រើនក្នុងការបង់ពន្ធក្នុងការជួលមនុស្សជាកម្មករឱ្យបម្រើក្រុមហ៊ុនយើងគឺទាំងអស់ហ្នឹងហើយជាការចូលរួមដែលមិនអាចប្រកែកបានចំពោះការផ្តល់ផលប្រយោជន៍ទៅសហរដ្ឋអាមេរិក»។
ភាគច្រើននៃពលរដ្ឋខ្មែរអាមេរិកាំងបានមករស់នៅសហរដ្ឋអាមេរិកក្រោយពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ក្នុងនាមជាជនភៀសខ្លួន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានទទួលយកជនភៀសខ្លួន១៥០.០០០(១៥ម៉ឺន)នាក់ហើយបញ្ជូនឲ្យទៅរស់នៅតាមរដ្ឋនានានៅទូទាំងប្រទេស។ ពេលបច្ចុប្បន្ននេះ ភាគច្រើននៃពលរដ្ឋទាំងនេះរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ម៉ាស្សាឈូសិត (Massachusetts) រដ្ឋវ៉ាស៊ីនតោន (Washington) ផេនស៊ីលវេនៀ (Pennsylvania) និងរដ្ឋតិចសាស (Texas)។
មុនពេលមករស់នៅសហរដ្ឋអាមេរិកពួកគេមិនសូវបានយល់ដឹងពីវប្បធម៌លោកខាងលិចទេ ដែលនេះជាហេតុប៉ះពាល់ដល់ការរកចំណូលរបស់ពួកគេនិងការទទួលយកការអប់រំបែបអាមេរិកាំង។ បើប្រៀបធៀបជាមួយនឹងសហគមន៍អាស៊ីធំៗដទៃទៀតដូចជាចិន កូរ៉េ ឥណ្ឌា និងវៀតណាម សហគមន៍ខ្មែរមានកម្រិតនៃភាពក្រីក្រច្រើនជាងគេបំផុត ដែលស្ថិតនៅក្នុងរង្វង់១៨,៨ភាគរយបើប្រៀបធៀបនឹងសហគមន៍វៀតណាមដែលមានតែ១៣,៩ភាគរយ។ ពលរដ្ឋខ្មែរអាមេរិកាំងខ្លះមិនសូវមានទម្លាប់ក្នុងការបញ្ចេញទស្សនៈច្រើនទេ។
លោក គុជ ចាន់លី អ្នកវិភាគមួយរូបនៅរដ្ឋម៉ារីឡែន (Maryland) យល់ថា ពលរដ្ឋខ្មែរគួរតែបំបែកចោលទម្លាប់ស្ងប់ស្ងៀមមិនបញ្ចេញឱ្យអ្នកនយោបាយដឹងពីតម្រូវការរបស់ខ្លួន។
«អ្នកនយោបាយអាមេរិកាំងគេចង់ជួយពលរដ្ឋខ្មែរយើងណាស់ ក៏ប៉ុន្តែបើគេអត់ដឹងថាខ្មែរយើងត្រូវការអ្វីឈឺចាប់រឿងអ្វី ក៏គេមិនអាចជួយកើតដែរ។ ចឹងហើយបានជាខ្ញុំថា បើសិនជាមានសកម្មភាពអ្វី មួយកើតមាននៅទីក្រុងផ្សេងៗនៅក្នុងសហរដ្ឋអាមេរិកនេះ ប្រជាពលរដ្ឋខ្មែរគួរតែប្តូរទម្លាប់របស់យើងដែលនៅស្ងប់ស្ងៀមហ្នឹង ទៅជាទម្លាប់អាមេរិកាំងដែលគេចូលចិត្តបញ្ចេញ ការសុំការស្នើឬមួយក៏សម្តែងនូវការកើតទុក្ខមិនសុខចិត្តរឿងអ្វីមួយ ដើម្បីឱ្យអ្នកនយោបាយដឹងដើម្បីគេយកទៅធ្វើការបម្រើយើងវិញ»។
យ៉ាងណាក៏ដោយមានពលរដ្ឋខ្លះមានភាពជោគជ័យនិងអ្នកខ្លះបានចូលប្រឡូកក្នុងឆាកនយោបាយអាមេរិកាំងយ៉ាងសកម្ម។
លោក សែម មាស ដែលធ្លាប់បានឈរឈ្មោះប្រកួតប្រជែងជាបេក្ខជនអ្នកតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋនៅសង្កាត់លេខបីរដ្ឋម៉ាស្សាឈូសិត បានស្នើសុំឱ្យពលរដ្ឋខ្មែរអាមេរិកាំងផ្តោតលើបញ្ហាបីធំៗក្នុងការផ្តល់សន្លឹកឆ្នោតរបស់គេនៅឆ្នាំនេះ។ បញ្ហាទាំងនោះមាន សន្តិសុខ ជនអន្តោប្រវេសន៍ខុសច្បាប់ និងការងារ ព្រោះបញ្ហាទាំងនេះប៉ះពាល់ដល់សហគមន៍ខ្មែរខ្លាំង។
លោក សែម មាស ថ្លែងប្រាប់ VOA ថា៖
«ខ្ញុំជឿថាបច្ចុប្បន្នសព្វថ្ងៃហ្នឹងគឺថា មានប្រជាពលរដ្ឋអាមេរិកាំងជាទូទៅហើយជាពិសេសទៀតប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងរដ្ឋម៉ាស្សាឈូសិតយើងហ្នឹងគាត់អត់មានការងារធ្វើឬពិបាករកការងារធ្វើ។ គាត់ពិបាករកការងារធ្វើដោយសារ ទីមួយ ពន្ធដារវាថ្លៃ ទីពីរ ការងារដែលបងប្អូនគាត់ធ្លាប់ធ្វើដូចជាការងារតាមរោងចក្រ ភាគច្រើនក្រុមហ៊ុនហ្នឹងយកការងារហ្នឹងទៅធ្វើនៅប្រទេសដទៃៗទៀតដូចជាទៅប្រទេសវៀតណាម ប្រទេសស្រីលង្កាឬមួយក៏ប្រទេសម៉ិកស៊ិក ជាដើម។ ដូច្នេះការងារខាងរោងចក្របាត់ច្រើន»។
លោក សែម មាស បន្ថែមថា ការចុះឈ្មោះនិងទៅបោះឆ្នោតជាកត្តាសំខាន់ក្នុងការសម្រេចតាមអ្វីដែលពលរដ្ឋចង់បាន។ ដូចជាក្រៅពីបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន សមាជិកសហគមន៍ខ្មែរមួយចំនួនក៏កំពុងប្រឈមមុខនឹងការព្រាត់ប្រាស់បែកបាក់ក្រុមគ្រួសារដោយសារ អាជ្ញាធរសហរដ្ឋអាមេរិកបញ្ជូនសមាជិកខ្លួនខ្លះដែលប្រព្រឹត្តខុសនឹងច្បាប់ត្រឡប់ទៅប្រទេសកម្ពុជាវិញ។ លោកថាបញ្ហានេះអាចនឹងត្រូវអ្នកតំណាងរាស្រ្តរបស់ខ្លួនជួយដោះស្រាយបើពួកគេរួមគ្នាជាកម្លាំងតែមួយ៖
«ព្រោះថាអ្នកណាមួយដែលស្រែកខ្លាំងជាងគេនៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកហ្នឹង សង្គមហ្នឹងនឹងមានគេគាំទ្រ ដូច្នេះខ្ញុំសូមអំពាវនាវនិងអង្វរកបងប្អូនដែលចង់ជួយសង្គមខ្មែរអាមេរិកាំងជាពិសេសបញ្ហាបញ្ជូនពលរដ្ឋខ្មែរត្រឡប់ទៅប្រទេសខ្មែរវិញសូមឱ្យគាត់បោះឆ្នោត ចូលសញ្ជាតិហើយបោះឆ្នោតហើយយើងនឹងសរសេរលិខិតទៅអ្នកតំណាងរាស្រ្ត»។
លោក សែម មាស សង្កេតឃើញថា ពលរដ្ឋខ្មែរអាមេរិកាំងបានទៅចុះឈ្មោះនិងបោះឆ្នោតច្រើនជាងមុនដូច្នេះហើយបានជាមានពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក មុំ រ៉ាឌី បានជាប់ឆ្នោតជាអ្នកតំណាងរាស្រ្តប្រចាំតំបន់ទី១៨ របស់សភាប្រចាំរដ្ឋក្នុងរដ្ឋម៉ាស្សាឈូសិត។
លោក មុំ រ៉ាឌី ទទួលស្គាល់ថា ការរួបរួមគ្នារបស់សមាជិកនៃសហគមន៍ខ្មែរនឹងអាចជួយជំរុញឱ្យមានដំណោះស្រាយរាល់បញ្ហាធំៗដែលសហគមន៍នេះជួបប្រទះ។
លោក មុំ រ៉ាឌី ពន្យល់ប្រាប់ VOA ថា៖
«អ្វីដែលខ្ញុំអាចធ្វើបានដោយសារបងប្អូនប្រជាជនទាំងអស់មានការរួមសាមគ្គីគ្នា ខំជំរុញខ្ញុំបានខ្ញុំធ្វើកិច្ចការនេះ កើតហើយបើមិនបានសំឡេងបងប្អូនក៏ខ្ញុំធ្វើការមិនកើត។ នេះខ្ញុំសូមជម្រាបតាមត្រង់ពីព្រោះខ្ញុំបម្រើប្រជាជន។ នេះជាមុខតួនាទីរបស់ខ្ញុំ។ ហើយបងប្អូនយើងមានយោបល់អ្វីខ្ញុំយកមកខ្ញុំវិភាគ ខ្ញុំស្តាប់គ្រប់ជ្រុងទាំងអស់ហើយខ្ញុំខិតខំរកចម្លើយណាដែលល្អបំផុតឬក៏ច្បាប់មួយណាដែលយើងអាចយកមកដោះស្រាយសង្គមយើង»។
កម្លាំងរួមដែលសហគមន៍ដ៏តូចនេះចេះប្រើប្រាស់ដ៏មានប្រសិទ្ធភាពបានកើតមានជាច្រើនករណីមកហើយក្នុងពេលអតីតកាលហើយក្នុងពេលថ្មីៗនេះពួកគេបានជំរុញសមាជិកសភាជាតិអាមេរិកាំងដែលមកពីគណបក្សទាំងពីរឱ្យបានបង្កើតក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា (Bipartisan Congressional Cambodia Caucus)។
ក្រុមសមាជិកសភានេះនឹងជួយផ្តល់ឱកាសឱ្យសមាជិកសភាដទៃទៀតនិងសាធារណមតិពិភាក្សាបានពេញលេញលើបញ្ហាដែលពួកគេយល់ថាមានសារៈសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជានិងជួយជំរុញទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក Alan Lowenthal សមាជិកសភានិងជាសហប្រធានក្រុមសមាជិកសភានេះ។
ពលរដ្ឋខ្មែរអាមេរិកាំងសង្ឃឹមថា ក្រោយពីការបោះឆ្នោតឆ្នាំនេះគេនឹងទទួលបានប្រធានាធិបតីមួយដែលអាចបម្រើដល់សហគមន៍គេកាន់តែខ្លាំង។
រហូតមកដល់ពេលនេះ ខាងគណបក្សសាធារណរដ្ឋមានលោកមហាសេដ្ឋីអចលនទ្រព្យ ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជនប្រធានាធិបតី ហើយគណបក្សប្រជាធិបតេយ្យ មានលោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) កំពុងនាំមុខគេក្នុងការប្រកួតប្រជែងដើម្បីទទួលបានការតែងតាំង៕