អាមេរិក​និង​កម្ពុជា​បន្ត​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការលួច​ប្លន់​វត្ថុ​បុរាណ​ពី​កម្ពុជា

រូបផ្គុំ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy និងអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី៥ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ នៅទីក្រុងភ្នំពេញ។ (Facebook/U.S. Embassy Phnom Penh, Cambodia)

ស្ថានទូត​អាមេរិក ​និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លើក​ទី៥ ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​វប្បធម៌​រវាង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​អភិរក្ស ​និង​ជួសជុល​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ចេញ​នៅ​ថ្ងៃ​ទី​៣០​ ខែ​សីហា​នេះ បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង ​ឬ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ​(MOU) ​នេះ ទាក់ទង​នឹង ​«ការ​ដាក់​កម្រិត​ហាមប្រាម​ការ​នាំចូល​ប្រភេទ​វត្ថុ​បុរាណ ​និង​វត្ថុ​ជាតិ​ពន្ធុ​វិទ្យា​នៃ​ប្រទេស​កម្ពុជា»​ និង​កាត់​បន្ថយ​ការ​លួច​ប្លន់​វត្ថុ​បុរាណ​ពី​ប្រទេស​កម្ពុជា។​ ស្ថានទូត​បន្ថែម​ថា ​ការ​បន្ត​កិច្ច​ព្រមព្រៀង​នេះ​នឹង​បន្ត​ការ​ផ្លាស់​ប្តូរ​គ្នា​នូវ​វត្ថុ​បុរាណ​ និង​វត្ថុ​ជាតិ​ពន្ធុ​សាស្ត្រ​សម្រាប់​បំណង​ផ្នែក​វប្បធម៌​ អប់រំ​ និង​វិទ្យា​សាស្រ្ត​ ដើម្បី​ធ្វើ​ឲ្យ​សាធារណ​ជន​កាន់តែ​យល់ ​និង​ផ្តល់​តម្លៃ ​ហើយ​ស្វែង​យល់​បាន​នូវ​បេតិក​ភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៣​ ហើយ​ក្នុង​រយៈ​ពេល ​២០​ឆ្នាំ​កន្លង​មក​ កិច្ច​ព្រម​ព្រៀង​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​បញ្ជូន​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ចំនួន​ជាង​១០០​ដុំ ត្រឡប់​មក​កម្ពុជា​វិញ​ និង​បាន​កសាង​សមត្ថភាព​របស់​ជនជាតិ​ខ្មែរ​ ដែល​ធ្វើ​ការងារ​ថែ​រក្សា​គាំពារ​បេតិក​ភណ្ឌ​វប្បធម៌។​

តាំង​ពី​ឆ្នាំ​២០០១​មក​ សហ​រដ្ឋ​អាមេរិក​ បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ជិត​ ៦​លាន​ដុល្លារ​ សម្រាប់​ការ​អភិរក្ស​វប្បធម៌​នៅ​កម្ពុជា ​ដែល​រួមមាន​ជំនួយ​ជា​ថវិកា​សម្រាប់​ជួស​ជុល​ប្រាសាទ​ភ្នំ​បាខែង​ និង​ប្រាសាទ​ព្រះ​វិហារ​ ជួយ​ដល់​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង ​បង្កើត​បញ្ជី​សារពើ​ភណ្ឌ​តាម​ប្រព័ន្ធ​អនឡាញ​នៃ​វត្ថុ​សិល្បៈ​នៅ​សារមន្ទីរ​តាម​ខេត្ត​នានា ​និង​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​សាធារណ​ជន​លើ​ការ​ការពារ​បេតិក​ភណ្ឌ​វប្បធម៌៕