បាតុករ​សុំ​កុំ​ឱ្យ​អាមេរិក​លក់​អាវុធ​និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​

Your browser doesn’t support HTML5

ជនជាតិ​ខ្មែរ ​ម៉ុងតាញ៉ា​ និង​ឡាវ​នៅ​ស.រ.អា.​បាតុកម្ម​នៅមុខ​សភា​ឲ្យ​អាមេរិក​ដាក់​សម្ពាធ​លើ​វៀតណាម

បាតុករ​ជិត​៤០០នាក់​ដែល​មកពី​សហគមន៍​ខ្មែរ ​ម៉ុងតាញ៉ា​និង​ឡាវ​បាន​សម្តែង​ការ​ប្រឆាំង​មិន​ឱ្យ​សហរដ្ឋ​អាមេរិក​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​វៀតណាម​និង​ទទួល​យក​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​(TPP) ​ទេ។

លោក​ ព្រហ្ម សៅនរ៉ា​ អ្នក​រៀបចំ បាតុកម្ម​បាន​ពន្យល់​ថា៖ «ពីព្រោះ​យក​ទៅ​មិនមែន​ការពារ​ជាមួយ​ចិន​ទេ​គឺ​ថា​យក​ទៅ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ​និង​ប្រជាពលរដ្ឋ​លាវ‍»។​

បាតុកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​ ង្វៀន ភូជុង ​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​គ្រោង​នឹង​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា​ខាងមុខ។ ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្សះផ្សារ​និង​ធ្វើ​ប្រក្រតីកម្ម​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​វៀតណាម​បន្ទាប់​ពី​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរបាន​បញ្ចប់​កាលពី​ ៤០​មុន។​

លោក ​ម៉ែន វណ្ណៈ ​អ្នក​ដឹកនាំ​បាតុករ​មក​ពី​ទីក្រុង​ឡូវែល ​រដ្ឋ​ម៉ាស្សា​ឈូសិត​បាន​បញ្ជាក់​ថា​ការ​បង្កើត​ទំនាក់​ទំនង​ល្អមិន​គួរ​ធ្វើ​ទេ​ក្នុង​ខណៈ​ពេល​ដែល​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ហើយ​ប្រទេស​មួយ​នេះ​នៅ​បន្ត​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​ប្រទេស​ជិត​ខាង៖

«មកទល់​នឹង​ពេល​នេះ​ប្រទេស​វៀតណាម​នៅ​តែ ​ចិញ្ចឹម​ចិត្ត​ធ្វើ​របប​កុម្មុយនិស្ត​ហើយ​បាន​សាបព្រោះ​អំពើ​អមនុស្ស​ធម៌​ទៅលើ​ប្រទេស​ជិតខាង ​ទៅលើ​ប្រទេស​លាវ ​ជាពិសេស​ទៅលើ​ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន​យើង​មាន​ការ​រំលោភបំពាន​ដូច្នេះ​យើង​សុំ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ពិចារណា​ឱ្យ​បាន​មែនទែន​ថា​តើ​គាត់​ចុះ​ហត្ថលេខា​នោះ​មាន​ប៉ះពាល់​អ្វី​ដល់​ប្រទេស​តូចៗ​ដែល​នៅ ជុំវិញ​ប្រទេស​វៀតណាម»។

ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ម៉ុងតាញ៉ា និងឡាវ នៅព្រឹកថ្ងៃសុក្រទី២៦ខែមិថុនា ឆ្នាំបានធ្វើបាតុកម្មនៅមុខវិមានសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនលក់អាវុធទៅប្រទេសវៀតណាមនិងដាក់សម្ពាធលើរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិមនុស្ស។ (សឹង សុផាត/VOA)

លោកស្រី​ប៊ុនចាន់​ សេនថាវង្ស ​តំណាង​បាតុករ​ជន​ជាតិ​ឡាវ​យល់​ស្រប​ហើយ​មើល​ឃើញ​ចរន្ត​ផ្ទុយ​គ្នា​នៃ​ចេតនា​របស់​រដ្ឋាភិបាល​វៀតណាម៖

«នៅ​ពេល​ឥឡូវ​នេះ​វៀតណាម​កំពុង​តែ​សុំ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយ​សារ​ថ្នាំ​គីមី​ Orange Agent ​ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ប្រទេ​ស​នេះ​បាន​ប្រើ​ប្រាស់​ថ្នាំ​គីមី​មក​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​កម្ពុជា។ នេះ​មិន​យុត្តិធម៌​ទាល់​តែ​សោះ​ហើយ​មិន​អាច​ទទួល​យក​បាន​ទេ​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា​នៅ​ទីនេះ‍»។​

ការរំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​វៀតណាម​ជារឿយៗ​បាន​នាំ​ឱ្យ​ពលរដ្ឋ​តំបន់​ភ្នំ​នៅ​រត់​ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ទៅវិញ។ ​

លោក កុក ស ​អ្នកដឹកនាំ​សហគមន៍​ដេការ​ ឬម៉ុង​តាញ៉ា​នៅ​សហរដ្ឋ​អាមេរិក​យល់​ថា​អ្នក​ទាំងនោះគួរតែ​ទទួល​បានការ​យក​ចិត្ត​ទុកដាក់​ដោយ​សារ​ពួកគេ​គឺ​ជា​ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពិតប្រាកដ​ដូច្នេះ​ហើយ​បាន​ជា​លោក​សម្រេច​ចូលរួម​ជាមួយ​នឹង​សហគមន៍​ខ្មែរ​ដើម្បី ​ធ្វើ​បាតុកម្ម។​

លោកកុក ស ​បាន​បន្ថែម​ថា​៖

‍«ពលរដ្ឋ​របស់​យើង​ជាច្រើន​បាន​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ប្រទេស​កម្ពុជា​ពីព្រោះ​ពួកគេ​មិន​អាច​ទ្រាំនឹង​ការ​ធ្វើ​ទុក្ខ​ពីសំណាក់​ពួក​វៀតណាម​ដែល​ធ្វើ​មក​លើ​ពួកគេ​ដោយ​សារ​តែ ​គេ​ជា​អ្នក​ជឿ​លើ​សាសនា​ព្រះ​យេស៊ូគ្រឹស្ត​ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ទៅដល់​ទីនោះ​គ្មាន​អ្នក​ណា​ជួយ​ពួកគាត់​ឡើយ។ កម្ពុជា​ទើបតែ​បញ្ជូន​ពួកគេ​ចំនួន​៣៦​នាក់​ត្រឡប់​ទៅ​វិញ​ហើយ​យើង​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​ កើត​ឡើង​ចំពោះ​អ្នក​ទាំងនោះ​ទេ‍»។​

រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ ខិត​ខំ​ជំរុញ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​ពង្រីក​សេដ្ឋកិច្ច​និង​ពង្រឹង​តួនាទី​របស់​ខ្លួន​នៅ​តំបន់​អាស៊ី។ ប្រទេស​វៀតណាម​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​ចរចា​ដើម្បី​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀងនេះ​នៅឡើយ។

លោក​ទូច វិបុល​ ប្រធាន​មូលនិធិ​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា៖

«យើង​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ពិចារណា​ឡើង​វិញ​ក្នុង​គោលនយោបាយ​ក្នុង​ការ​ទំនាក់​ទំនងជាមួយ​ប្រទេស​វៀតណាម​ដែល​ជា​សត្រូវ​របស់​ខ្លួន​ពី​អតីតកាល​ផង​ដែរ‍»។

បើ​មិន​បាន​ដូច​ការ​ទាមទារ​ទេ​បាតុករ​ប្តេជ្ញា​ថា​ពួកគេ​នឹង​ធ្វើ​យុទ្ធនាការ​បន្ត​ទៀត​តាមរយៈ​សមាជិក​សភា​របស់​ខ្លួនដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​ផ្លាស់​ប្តូរ​គោល​ជំហរ​ឬ​ដាក់​លក្ខខណ្ឌ​តឹងរឹង​ចំពោះ​ប្រទេស​វៀតណាម៕​