ទូត​អាមេរិកាំង​បន្តរិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា​និង​​ស្នើ​ឱ្យ​បញ្ឈប់​ការធ្វើទុក្ខ​ទោស​នយោបាយ

គេហទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ដែល​អត្ថាធិប្បាយ​អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​អាណត្តិ​ទី​៦​ថា«​មាន​កំហុស​យ៉ាង​ខ្លាំង‍‍» ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ២០១៩។ (រូប​ដកស្រង់​ពី​​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា)

ការអំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​នៅ​ចំ​ខួប​លើក​ទីមួយ​នៃ​ការបោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​រិះគន់​និង​បាន​ចាត់​ទុក​ថា​«មាន​កំហុស​ឆ្គង​យ៉ាងខ្លាំង‍»​និង​«មិនមាន​ភាពសេរី​ និង​យុត្តិធម៌​ទេ ​ហើយ​ក៏​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា‍»​ដែរ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការយាយី​រំខាន​ពលរដ្ឋ​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ដោយ​សារតែ​ហេតុផល​នយោបាយ​ហើយ​ងាក​មក​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ដោយ​ក្នុង​នោះ​ត្រូវ​ដោះ​លែង​លោកកឹម សុខា​ មេដឹកនាំ​អតីត​បក្ស​ប្រឆាំង។

សារ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បញ្ជាក់​ថា៖

«យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជាក់ស្តែង​នានា ​ក្នុង​ការស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ រួម​ទាំង​ធ្វើការ​ទម្លាក់​បទចោទ​ប្រកាន់​ទាំងឡាយ ​ប្រឆាំង​លោក កឹម សុខា ​និង​អ្នក​ទោសនយោបាយ​ដទៃ​ទៀត​ ហើយ​បញ្ចប់​ការអនុវត្ត​នូវ​ការចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ​និងក្រោម​ហេតុ​ផល​នយោបាយ ​ដើម្បី​យាយី​ពលរដ្ឋ​របស់​ខ្លួន។ ប្រជា​ពលរដ្ឋ ​ទាំង​អស់​នៅ​កម្ពុជា​គួរតែ​អាច​ប្រើ​សិទ្ធិ​របស់​គេ​ក្នុង​ការសម្តែង​មតិ ​ដោយ​សេរី ​និង​អាច​ធ្វើការ​ប្រមូល​ផ្តុំ​គ្នា​ដោយសន្តិវិធី​ហើយ​ឲ្យ​ពលរដ្ឋ​ចូលរួម​នៅក្នុង​ដំណើរការ​កិច្ចការ​សាធារណៈ‍»។

ការអំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​នៅ​ចំ​ខួប​លើក​ទីមួយ​នៃ​ការបោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​រិះគន់​និង​បាន​ចាត់​ទុក​ថា​«មាន​កំហុស​ឆ្គង​យ៉ាងខ្លាំង‍»​និង​«មិនមាន​ភាពសេរី​ និង​យុត្តិធម៌​ទេ ​ហើយ​ក៏​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា‍»​ដែរ។

សារ​របស់​ស្ថានទូត​បាន​បន្ថែម​ថា៖

«ការបោះ​ឆ្នោត​នេះ ​បាន​ផាត់ចោល​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ​ហើយ​វា​រឹតតែ​ធ្វើ​ឲ្យ​បាត់​បង់​ថែម​ទៀត ​នូវ​សមិទ្ធិផល​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការជំរុញ​ការផ្សះផ្សា​នយោបាយ ​និង​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច ​ចាប់តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ ​១៩៩១ ​មក‍»។

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នេះ​មិន​បាន​លើកឡើង​ពី​ទណ្ឌកម្ម​អ្វី​ដែល​សហរដ្ឋ​អាមេរិក​អាច​នឹង​ពិចារណា​ដាក់​បន្ថែម​លើ​ប្រទេសកម្ពុជា​ដូច​ការអំពាវនាវ​កន្លង​មក​របស់​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នកតាក់តែង​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ឡើយ។

ប្រទេស​កម្ពុជា​បាន​រៀបចំ ​ការបោះឆ្នោត​ជាតិ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៨ ​ដោយ​មាន​គណបក្ស​ចំនួន​២០​ចូលរួម​ប៉ុន្តែមានតែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ទេ​បាន​ឈ្នះ​អាសនៈ​ទាំង​១២៥។​

សកម្មជន​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​យល់​ថា​ការចាត់ទុកប្រទេស​កម្ពុជា​ថា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​«ជាការពិបាក‍»​ព្រោះ​ការបោះឆ្នោត​កាលពីខែ​កក្កដា​ឆ្នាំ​២០១៨​«មិនមែន​សេរី​និង​ត្រឹមត្រូវ​ទេ‍»​ហើយ​វាបាន​ជំរុញ​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុងការ​គ្រប់គ្រង​ដោយ​បក្ស​តែមួយ។

លោកស្រី អូលីវៀ អ៊ីណូស​ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មូលនិធិ Heritage ​បាន​ប្រាប់​អ្នកតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ក្នុង​អង្គ​សវនាការ​មួយ​កាលពី​សប្តាហ៍​មុន​ថា ​ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​មាន​«តិចតួច‍»​ក្រោយពី​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា​គឺ​មិនមាន​ការដាក់ទណ្ឌកម្ម​អ្វី​បន្ថែម​ទេ។ លោកស្រី​បាន​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​លោកហ៊ុន សែន​និង​មន្ត្រី​របស់​លោក​ចំពោះ​ការធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជា​ធិប​តេយ្យនៅ​កម្ពុជានិងកោះ​ប្រជុំ​បន្ទាន់​នូវបណ្តា​ប្រទេសហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសដោយសារ​ពួកគេ​មាន​កាព្វកិច្ច​ឱ្យ​ប្រទេស​កម្ពុជា​ទទួលខុសត្រូវ​ប្រសិនបើ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ខូចខាត។

រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ការអំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ចាត់ទុក​ថា​វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន។​

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​សរសេរ​សារ​ឆ្លើយតប​វិញ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖

«ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​សេចក្ដី​ប្រាថ្នា ​និង​សុបិន​មិន​ចង់​ឃើញ​បរទេស​ណា​មួយ​លុក​លុយ​ ឬ​ឈ្លាន​ពាន​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ដែល​ប៉ះពាល់​ការបោះឆ្នោត ​និង​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ដូច​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ‍»។

លោក ផៃ ស៊ីផាន ​បាន​បន្ថែម​ទៀត​ថា៖

«ប្រជា​ពលរដ្ឋ​ខ្មែរ​យល់​ច្បាស់​អំពី​សិទ្ធ​សម្រេច​លើ​ជោគ​វាសនា​របស់​ខ្លួន​ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ ក៏ដូចជា​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ​ដែល​ជា​តម្លៃ​ពិត​ប្រាកដ​នៃ​សិទ្ធមនុស្ស​និង​ប្រជាធិបតេយ្យ‍»។

រីឯ​លោក គីន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​ចាត់​ទុក​ថាការយកចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​គឺ​ជា​រឿង​«មិនសមហេតុផល‍»។

លោក​ គីន ភា​បាន​សរសេរ​បន្ថែម​តាម​ទំព័រហ្វេសប៊ុក​របស់​លោកថា៖

«ប្រទេស​ខាងក្រៅ​គួរតែ​នៅឱ្យ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ហើយ​គួរតែ​ធ្វើ​អត្ថាធិប្បាយ​ប្រកប​ដោយ​ការទទួលខុសត្រូវ​លើ​អធិបតេយ្យភាព​និង​ឯករាជ្យ​ភាព​របស់​ប្រទេស​ដទៃ​ហើយ​គួរតែ​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការរក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់‍»។​

មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​គឺ​លោក​ សម រង្ស៊ី ​ក៏​បាន​យក​ឱកាស​ខួប​ទីមួយនៃ​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ដើម្បី​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ផង​ដែរ៕​