ខណៈសវនាការអតីតមេដឹកនាំគណបក្សប្រឆាំងខិតជិតមកដល់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជំរុញឱ្យស្តាសិទ្ធិស៊ីវិលរបស់ លោក កឹម សុខា និងអ្នកនយោបាយដទៃទៀតឡើងវិញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការជំរុញនេះធ្វើឡើងខណៈសាលាឧទ្ធរណ៍នឹងបើកសវនាការរឿងក្តីរបស់ លោក កឹម សុខា លើបណ្តឹងមិនសុខចិត្តនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឱ្យលោកជាប់ឃុំរយៈពេល ២៧ឆ្នាំ ពីបទក្បត់ជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ។ សហរដ្ឋអាមេរិករងការចោទប្រកាន់ថា នៅពីក្រោយមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា នៅក្នុងសំណុំរឿងក្បត់ជាតិនេះ។
អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Wesley Holzer ប្រាប់វីអូអេតាមសារអ៊ីម៉ែលកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកតែងតែអំពាវនាវឱ្យអាជ្ញាធរកម្ពុជាការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ លោកបន្ថែមថា ការគោរពសេរីភាពនៃការបញ្ចេញមតិ និងសមាគម ហើយនិងសិទ្ធិជួបជុំគ្នាដោយសន្តិវិធី សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលដែលសកម្ម គឺជាធាតុដ៏មានសារៈសំខាន់សម្រាប់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ការកំណត់គោលដៅបុគ្គលដែលអនុវត្តសេរីភាពទាំងនេះធ្វើឱ្យខូចដល់កាតព្វកិច្ចអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងការរីកចម្រើនកន្លងមក ដើម្បីអភិវឌ្ឍជាសង្គមសន្តិភាព ពហុនិយម និងសង្គមប្រកបដោយបរិយាប័ន្ន»។
លោកបន្ថែមថា៖ «យើងជំរុញឱ្យមានការស្តាសិទ្ធិស៊ីវិលសម្រាប់មេដឹកនាំនយោបាយដែលគួរឱ្យគោរពដូច លោក កឹម សុខា ដូច្នេះសំឡេងរបស់ពួកគេអាចចូលរួមក្នុងការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅកម្ពុជា»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ប្រាប់វីអូអេកាលពីថ្ងៃអង្គារថា មកទល់ពេលនេះសវនាការរបស់ លោក កឹម សុខា មិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ និងថាសវនាការនេះនឹងត្រូវចំណាយពេលយូរផងដែរ។
លោកថ្លែងថា៖ «បើតាមការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សា ប្រហែលជាដំណើរការច្រើន រយៈពេលច្រើន ព្រោះឯកសារនិងចម្លើយក៏មានច្រើនដែរ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា មិនមានរដ្ឋបរទេសណាមួយអាចបង្គាប់បញ្ជាតុលាការកម្ពុជាឱ្យធ្វើបែបនេះឬបែបនោះបានទេ និងថាដើម្បីអាចជួយពួកគេបាន ត្រូវតែចូលរួមតាមនីតិវិធីរបស់តុលាការកម្ពុជា។
លោកថ្លែងថា៖«ប្រសិនបើប្រទេសណាមួយឬក៏បរទេសឬក៏អង្គការស្ថាប័នឬក៏ភាគីណាមួយចង់ជួយគាត់ គឺត្រូវផ្អែកទៅតាមនីតិវិធីច្បាប់ បញ្ញត្តិច្បាប់ រដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យគឺត្រូវជួយតាមរយៈដំណើរការនីតិវិធីតុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភស្តុតាងសក្ខីកម្មឱ្យបានរឹងមាំ ដើម្បីដោះបន្ទុក»។
លោក អាង ឧត្តម មេធាវីរបស់ លោក កឹម សុខា ប្រាប់វីអូអេថា លោកបានជួបជាមួយកូនក្តីរបស់លោករួចហើយ កាលពីសប្តាហ៍មុន ហើយត្រៀមខ្លួននៅក្នុងការការពាររឿងក្តីនេះ។
នៅពេលសួរថាតើលោករំពឹងយ៉ាងម៉េចដែរចំពោះសវនាការនាពេលខាងមុខ មេធាវីរូបនេះអះអាងថា លោកមិនច្បាស់ទេ រង់ចាំមើលជាក់ស្តែង។
គួររំឭកថា កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ ២០១៧។ តុលាការបានដាក់បម្រាមមិនឱ្យ លោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
កាលពីខែឧសភា ឆ្នាំ ២០២៣ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មទៅនឹងតំណាងទូតបរទេសនៅកម្ពុជាថា បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនោះមានករណី លោក កឹម សុខា។ លោកលើកឡើងថា តំណាងទូតបរទេសមួយចំនួនបានទៅសួរសុខទុក្ខ លោក កឹម សុខា ក្នុងពេលដែលតុលាការកំពុងស៊ើបអង្កេតរឿងឃុបឃិតជាមួយបរទេស៕