អាមេរិក​បង្កើន​ជំនួយ​និង​ការទូត​ក្នុង​តំបន់​​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ស្រប​ពេល​ដែល​ចិន​ក៏​ពង្រីក​ឥទ្ធិពល​

  • Ralph Jennings

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកស្រី Kamala Harris ថ្លែង​តាម​វីដេអូ​អនឡាញ​ទៅ​កាន់​វេទិកា​បណ្តា​កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក (Pacific Islands Forum) នៅ​ទី​ក្រុង​ស៊ូវ៉ា កោះ​ហ្វ៊ីជី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២។

គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ការ​បង្កើន​ជំនួយ​អាមេរិក​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​គឺជា​ការឆ្លើយ​តបទៅ​នឹងការ​កើនឡើង​ឥទ្ធិពល​របស់ចិន​ក្នុង​តំបន់​ប្រជុំ​កោះ​ត្រូពិក​មួយ​នេះ​ដែល​ពី​មុន​មកស្ថិត​ក្រោម​ឥទ្ធិពល​របស់​បស្ចិម​លោក។ នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ។

កាលពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅ​នឹង​គំនិត​ផ្តួច​ផ្តើម​របស់​អាមេរិក​នេះ​ ប៉ុន្តែ​ក៏​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​របស់ខ្លួន​ផង​ដែរ។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​លោក Wang Wenbin បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​យ៉ាង​ដូច្នេះ​ថា៖ «ចិន​រីករាយ​ដែល​បាន​ឃើញ​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់ប៉ាស៊ីហ្វិក​ទទួល​ជំនួយ​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍ​និង​ការ​ធ្វើ​ឱ្យ​ប្រទេស​ពួកគេ​មាន​ភាព​រឹងមាំ​ពី​ប្រទេស​នានា​ដែល​មាន​សន្តាន​ចិត្ត​ជួយ​ដល់​ពួកគេ»។

លោក​បាន​បន្តថា​៖ «នេះ​គឺ​ជា​គោល​ជំហរ​ចិន​តាំង​ពី​ដើម​រៀង​មក។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ចិន​ក៏​ជឿ​ជាក់​ថា​បណ្តា​ប្រទេស​ទាំងឡាយ​ដែល​មាន​កិច្ច​សហ​ប្រតិបត្តិការជាមួយប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ី​ហ្វិក​ មិន​គួរ​វាយ​ប្រហារ​ប្រទេស​ក្រៅ​កិច្ចសហ​ប្រតិបត្តិការ​ឬ​បំផ្លាញ​ផល​ប្រយោជន៍​ប្រទេស​ដែល​ពុំ​មាន​ក្នុង​កិច្ច​សហប្រ​តិបត្តិ​ការ​ឡើយ»។

បណ្តា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​គឺ​ជា​ប្រទេស​មាន​ផ្ទៃ​ដី​តូច​ ក្រីក្រ​ និង​ជា​ប្រទេស​កម្រង​កោះ​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​និង​ពាណិជ្ជកម្មពី​ប្រទេស​ធំៗ។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ​នេះ​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មាន​បំណង​បើក​ស្ថាន​ទូត​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង​ រួមមាន​ដូចជា​ ក្នុង​ប្រទេស​គិរីបាទី​ និង​តុង​ហ្គា។

ការិយា​ល័យ​លោក​ប្រ​ធានាធិបតី​ Joe Biden បាន​ថ្លែង​ថា​រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់​ដើម្បី​ស្នើ​សុំ​រដ្ឋសភា​នូវ​ទឹក​ប្រាក់​៦០​លាន​ដុល្លារ​អាមេរិក​ក្នុងមួយ​ឆ្នាំ​សម្រាប់​រយៈពេល​១០​ឆ្នាំ​គឺ​កើន​៣​ដង​នៃ​ទឹក​ប្រាក់​បច្ចុប្បន្ន​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ដែន​សមុទ្រ។

សេត​វិមាន​ ក៏​មាន​បំណង​បញ្ជូន​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​សន្តិភាព Peace Corps​ អាមេរិក (U.S. Peace Corps)ទៅ​ប្រទេស​ហ្វ៊ីជី​ តុងហ្គា​ សាម័រ​ វ៉ានូទូ​ ដោយ​សម្អាង​ដល់​ការ​វិវត្តឆ្ពោះ​ទៅ​រក​ការ​បង្កើត​ឡើង​វិញ​នូវ​បេសកកម្ម​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​ហ្វ៊ីជី។

អនុប្រធានាធិបតី​អាមេរិក​ អ្នក​ស្រី Kamala Harris បាន​ជួប​ប្រជុំ​តាម​អន​ឡាញ​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ទាំង​នោះ​ដើម្បី​ប្រកាស​ផ្សព្វផ្សាយ​ពី​ផែន​ការ​ថ្មី​នេះ។ ការ​ប្តេជ្ញា​ចិត្ត​នេះ​ «នឹង​ធ្វើ​ឱ្យ​ចំណង​មិត្តភាព​រវាង​អាមេរិក​និង​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​នេះ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត»។ នេះ​បើ​តាម​ព័ត៌មាន​ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Biden ។ វេទិកា​នេះ​គឺ​ជាប្លុក​យោធា​និង​សេដ្ឋកិច្ចដែល​មាន​អាយុ​កាល​៥១​ឆ្នាំនិង​គ្រប​ដណ្តប់​១៨​ប្រទេស។

លោក​ Gregory Poling នាយក​នៃ​កម្មវិធី​ផ្តួចផ្តើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី​ដែល​ជា​ស្ថាប័ន​ចំណុះ​ក្រោម​វិទ្យាស្ថាន​សម្រាប់ការ​សិក្សាយុទ្ធ​សាស្ត្រ​និង​អន្តរជាតិ​មាន​មូល​ដ្ឋាន​នៅ​រដ្ឋធានីវ៉ា​ស៊ីន​តោន បាន​និយាយ​ថា​ ការ​បញ្ជូន​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​Peace Corps​ត្រឡប់​ទៅ​តំបន់ប៉ាស៊ីហ្វិក​ខាងត្បូង​ រួម​ជាមួយ​នឹង​ផែន​ការ​បើក​ស្ថានទូត​នៅ​តាម​ប្រទេស​មួយ​ចំនួន​ និង​ការ​បង្កើន​ការ​ផ្តល់​ជំនួយ​សន្តិសុខ​ខាង​សមុទ្រ ​គឺជា​រឿង​មួយ​ដ៏​ល្អ។

លោក ​Poling បាន​បន្ថែម​ថា៖​ «ចំពោះ​អ្នក​នៅ​មន្ទិល​សង្ស័យ​លើ​កិច្ចការ​នេះ​និង​ផែនការ​នានា​ជាមួយ​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ អាច​បក​ស្រាយ​ថា​ផែនការ​ទាំង​នេះ​គួរតែ​ចាប់ផ្តើម​តាំង​ពី​១០​ឆ្នាំ​មុន​ម្ល៉េះ​ ហើយ​យើង​ក៏​ដឹង​ថា​កិច្ចការ​ទាំង​អស់​នេះ​គេ​បាន​រៀបចំ​គ្រោង​តាំង​ពី​អាណត្តិ​រដ្ឋបាល​លោក​ Obama និង​លោក ​Trump​ ម៉្លេះ។ ប៉ុន្តែ​សកម្មភាព​របស់​ចិន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​នៅ​មិន​ស្ងៀម​និង​ដឹង​ខ្លួន​ថា​តំបន់​ទាំង​នោះ​ ឬ​ប្រទេស​កោះ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​អាច​នឹង​លែង​ជា​របស់​អាមេរិក.​ក៏ថា​បាន»។

ឥទ្ធិពល​ចិន​

រដ្ឋាភិ​បាល​ក្រុង​ប៉េ​កាំង​បាន​បង្ហាញ​បំណង​ខ្លួន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នៅ​ពេល​ដែល​ចិន​បានបើក​កិច្ច​ប្រជុំ​វេទិកា​សហប្រតិ​បត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​កាល​ពី​ឆ្នាំ​២០០៦។ ចិន​បាន​ចាត់​ទុក​វេទិកា​ដែល​បាន​រៀប​ចំ​៣​លើក​រួច​ហើយ​នោះ​ថា​ជា​កិច្ច​ពិភាក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម​កម្រិត​ខ្ពស់​បំផុត​ជា​មួយបណ្តា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង។

ក្រុម​អ្នក​ជំនាញ​ប្រាប់​វីអូអេ​ថា​១​ឆ្នាំ​កន្លង​មក​នេះ​ ចិន​បាន​បង្កើន​ការ​យក​ចិត្តទុក​ដាក់​បន្ថែម​លើ​តំបន់​នេះ​ ដែល​ជា​ទី​ដែល​ចិន​អាច​ពង្រីក​ឥទ្ធិពល​ផ្លូវ​ទឹក​និង​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម​យូរ​អង្វែង​ ជាពិសេស​ឧស្សាហកម្ម​នេ​សាទ។

ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្តិសុខ​មួយ​ជាមួយ​ប្រទេស​កោះ​សូលូម៉ុង​កាល​ពី​ខែ​មេសា​និង​បាន​សម្រេច​កិច្ច​ព្រមព្រៀង​«សហប្រតិបត្តិការ»​ចំនួន​៥២​ ក្រោយ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​និយាយ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ចំនួន​១៧​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​កាល​ពីខែ​ឧសភា​និង​មិថុនា។

តួនាទី​របស់​អាមេរិក​ពី​មុន​និង​ពេល​បច្ចុប្បន្ន​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​មាន​ឥទ្ធិពល​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​តាំង​តែ​ពី​ក្រោយ​សម័យ​សង្គ្រាម​លោក​លើក​ទី២​មក​ម៉្លេះ។ បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នេះ​មួយ​ចំនួន​ជា​ដែន​ដី​របស់​អាមេរិក.​ និង​ប្រទេស​មួយចំនួន​ទៀត​ជា​សម្ព័ន្ធ​មិត្ត​ការ​ទូត​ស្និទ្ធ​នឹង​អាមេរិក។ រដ្ឋាភិបាល​អាមេរិក​ធ្លាប់​ធ្វើតេស្ត​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​ចំនួន​៦៧​ដង​លើ​ប្រទេស​កោះ Marshall រវាង​ឆ្នាំ​១៩៤៦​ដល់​១៩៥៨​ ដែល​បង្ក​ឱ្យ​មាន​ធូលី​វិទ្យុ​សកម្ម​ពេញ​ផ្ទៃ​ប្រទេស​នោះ​ទាំង​មូល។

លោក Tarcisius Kabutaulaka ជា​សាស្ត្រាចារ្យ​រង​ធ្វើការ​សិក្សាស្រាវ​ជ្រាវ​លើ​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នៃ​សាកល​វិទ្យាល័យ​Hawaii ក្នុង​ទី​ក្រុង​ Manoa បាន​បក​ស្រាយ​ថា អតីត​ប្រធានា​ធិបតី​អាមេរិក.​ លោក​ Barack Obamaធ្លាប់​បាន​ឆ្លើយ​តប​នឹង​ការ​កើន​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិកដោយ​ប្រើ​គោល​នយោបាយ​«កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រ​ងាក​ទៅ​រក​ទ្វីប​អាស៊ី»​ក្នុង​ឆ្នាំ​២០១១​ ប៉ុន្តែពេល​នោះ​ផ្តោត​សំខាន់​លើ​ទ្វីប​អាស៊ី​ជាង​តំបន់​ប៉ាស៊ីហ្វិក។ ការណ៍​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីនតោន​ធ្វើ​ដូច្នេះ​ គឺ​បណ្តាល​មក​ពី​ភា​គីចិន​ផង​ដែរ។

កាលពី​ខែ​មីនា​ ក្រសួង​ការ​បរ​ទេស​អាមេរិក​ បាន​ប្រកាស​ថា​អាមេរិក​ នឹង​ធ្វើ​ការចរ​ចា​ជា​ថ្មី​លើ​កិច្ចព្រមព្រៀង​សេរី​ជាមួយ​ប្រទេស​ Palau កម្រង​ប្រទេស​ Marshall និង​រដ្ឋសហ​ព័ន្ធមី​ក្រូណេ​ស៊ី។
កិច្ច​ព្រមព្រៀង​ទាំង​នោះ​ នឹង​ផ្តល់​ការ​ការពារ​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ដល់​ប្រទេស​កោះ​ក្នុងតំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នេះ។ ប្រទេស​អូស្ត្រាលី​ និង​នូវែលសេ​ឡង់ ដែល​សុទ្ធ​តែ​ជា​សម្ព័ន្ធ​មិត្ត​អាមេរិក ក៏ជា​ប្រទេស​ជួយ​ទំនុក​បំរុង​ដល់​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នេះ​ផង​ដែរ។

បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នឹង​បាន​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ និង​មិន​ប៉ះ​ពាល់​ដល់​នយោបាយ​ឡើយ​ នៅ​ពេល​ទទួល​យក​ជំនួយ​នានា​ទាំង​ពី​ប្រទេស​ចិន​ទាំង​ពី​អាមេរិក។ នេះ​បើ​តាម​លោក Satu Limaye នាយក​រង​នៃ​មជ្ឈមណ្ឌលEast-West Centerដែល​ជា​ស្ថាប័ន​សិក្សាស្រាវ​ជ្រាវ​ក្នុង​ទី​ក្រុង​Honolulu ។

លោក​ Limaye បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «ប្រទេស​តូចតាច​មួយ​ចំនួន​អាច​នៅ​មាន​បញ្ហា​ខ្លះៗ​ដូចជា​បញ្ហា​ការិយាធិបតេយ្យ​ និង​សមត្ថភាព​ខ្លួន​ឯង​ ប៉ុន្តែ​បញ្ហា​ទាំងអស់​នេះ​នឹង​មិន​បង្អាក់​សមត្ថភាព​ក្នុង​ជំនះ​ដោះស្រាយ​បញ្ហា​នានា​និង​ការ​រក្សា​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ផ្សេង​ៗឡើយ»។

លោក​ Limaye បាននិ​យាយ​ថា​ផែនការ​របស់​លោក​ប្រធានា​ធិបតី ​Biden ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នឹង​«ចំណាយ​ពេល​យូរ»​ ដើម្បី​ចេញ​ជា​ផ្លែ​ផ្កា​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ត្រូវរង់​ចាំ​ការ​អនុម័ត​ពី​រដ្ឋ​សភា​ ការ​រក​ថវិកា និង​ការ​តែងតាំង​មន្ត្រី​បម្រើ​ការ​ក្នុង​ស្ថានទូត​ជាច្រើន​ទៀត៕

ប្រែ​សម្រួល​ដោយ ​លោក កោះ​ សុគ​ន្ធី