កិច្ចប្រជុំកំពូលលំដាប់ពិភពលោកស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ គឺជាពេលវេលាមួយដែលប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិកត្រូវក្រឡេកទៅមើលគោលនយោបាយនិងតួនាទីរបស់ពួកគេរៀងៗខ្លួន ខណៈដែលទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវបានលួចដោយអ្នកនយោបាយដែលពុករលួយនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
កិច្ចប្រជុំកំពូលក្នុងទីក្រុងឡុងដ៏បានងាកការផ្តោតសំខាន់របស់ខ្លួនទៅពិភាក្សាលើអំពើពុករលួយជាសាកល ដែលបានបញ្ចៀសការស្តីបន្ទោសទៅលើមេដឹកនាំនៅអាហ្វ្រិក មេដឹកនាំផ្តាច់ការនិងពុករលួយ តែបែរជាស្តីបន្ទោសទៅលើបណ្តាប្រទេសអ្នកមានទៅវិញ ដែលធនាគារនិងឈ្មួញកណ្តាលអចលនទ្រព្យក្នុងប្រទេសអ្នកមានទាំងនោះ បានក្លាយជាអ្នកទទួលផលប្រយោជន៍ពីបណ្តាប្រទេសដែលត្រូវបានគេលួចទ្រព្យសម្បត្តិទាំងនោះ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry បានមានប្រសាសន៍ថា ទឹកប្រាក់រាប់ម៉ឺនលានដុល្លារត្រូវបានគេលួច ដែលទឹកប្រាក់ទាំងនោះអាចនឹងត្រូវបានប្រើប្រាស់សម្រាប់វិស័យអប់រំឬសាងសង់ស្ពាននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែផ្ទុយទៅវិញ ទឹកប្រាក់ទាំងនោះ ត្រូវបានលាក់នៅក្នុងធនាគារក្នុង «បណ្តាប្រទេសនានា ដែលរួមមានទាំងនៅក្នុងប្រទេសរបស់យើងផងដែរ»។
លោក Kerry ក៏បានថ្លែងប្រាប់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលនោះដែរថា «យើងកំពុងតែវាយប្រយុទ្ធក្នុងសមរភូមិមួយ ដើម្បីរដ្ឋរបស់យើង ប្រទេសរបស់យើង។ អំពើពុករលួយប្រៀបដូចជាសត្រូវរបស់យើង ដោយសារតែវាបំផ្លាញបណ្តាប្រទេសនានា ប្រៀបដូចជាក្រុមជនជ្រុលនិយមដែលពួកយើងកំពុងតែវាយប្រយុទ្ធអញ្ចឹង»៕