អាមេរិក​​​ចាប់​ផ្តើម​ចោទប្រកាន់​លើ​សំណុំរឿង​​​​​ប៉ុស្តិ៍​​ប៉ូលិស​​​​សម្ងាត់​​ចិន​នៅ​អាមេរិក

អគារ​កញ្ចក់​៦​ជាន់ នៅ​សង្កាត់​ក្រុង​ចិន (Chinatown) នៃ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ ត្រូវ​គេ​ជឿ​ថា​ជា​ស្ថានីយ​ប៉ូលិស​នៅ​ក្រៅ​ប្រទេស​របស់​អាជ្ញាធរ​ចិន។

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​សមត្ថកិច្ច​ FBI ​បាន​ចាប់ខ្លួន​អ្នកទី​ក្រុង New York ​ពីរ​នាក់​ដោយសារបានធ្វើ​ប្រតិបត្តិការ​សម្ងាត់និង​ខុស​ច្បាប់នៅ​ឯ​ស្ថានីយ​ប៉ូលិស​មួយ​សម្រាប់​ក្រសួងសន្តិសុខ​សាធារណៈ​នៃ​ប្រទេស​ចិនក្នុង​សង្កាត់​ក្រុង​ចិន (Chinatown) ​នៃ​ទីក្រុងនេះ។

ស្ថានីយ​នេះជា​ស្ថានីយ​មួយក្នុងបណ្តា​ស្ថានីយ​ជាង​១០០ដែល​ប្រទេស​ចិនធ្វើ​ប្រតិបត្តិការ​នៅទូទាំងពិភពលោក​ដើម្បីជួយ​ពលរដ្ឋ​ខ្លួន​ឱ្យបន្ត​សុពលភាព​ឯកសារ​នានា​ដូច​ជាអាជ្ញាបណ្ណ​បើកឡានជា​ដើម តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ មានគោល​បំណង​អាក្រក់​ជាង​នេះ​គឺ​ឃ្លាំ​មើលនិង​យាយី​ពួក​សកម្មជន​និងក្រុម​ប្រឆាំងចិន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ជាផ្នែក​មួយនៃ​អ្វី​ដែល​ ​ពួក​រដ្ឋអាជ្ញា​អាមេរិក​ហៅ​ថាយុទ្ធនាការ​«សង្កត់​សង្កិន​ឆ្លង​ប្រទេស‍»។

បុរស​ឈ្មោះ Harry Lu Jianwang និង​ឈ្មោះ Chen Jinping ទាំង​ពីរ​នាក់​ជា​ពលរដ្ឋអាមេរិក​ដើម​កំណើត​ចិន​និង​ជា​មេដឹកនាំ​នៃ​អង្គការ​មិន​យក​កម្រៃ​មួយ​ក្នុង​សង្កាត់​ចិន​នៅ​ទីក្រុងNew York ត្រូវបាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទពី​បទចោទប្រកាន់ថា​ បាន​បម្រើការជា​ភ្នាក់ងារ​របស់រដ្ឋាភិបាល​ចិននិង​រារាំង​យុត្តិធម៌​ដោយ​បាន​បំផ្លាញភ័ស្តុតាងនៃ​ការ​ទាក់ទងរបស់​ពួក​គេ​ជា​មួយ​មន្ត្រី​សន្តិសុខ​ចិន​ម្នាក់។

បទចោទប្រកាន់​ទី​មួយ​អាច​នាំ​ឱ្យមាន​ទោសជាប់គុករហូត​ដល់៥ឆ្នាំ ចំណែក​ឯ​បទ​ចោទ​ប្រកាន់​ទី​ពីរ​វិញអាចឱ្យ​មានទោសជាប់គុក​យូរ​បំផុត​រហូត​ដល់​២០ឆ្នាំ។

បុរស​ទាំង​ពីរនាក់​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​តុលាការ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ដើម្បី​ស្តាប់​ការ​ចោទ​ប្រកាន់។

នៅក្នុងគម្រោងការទុច្ចរិតពីរ​ទៀតត្រូវ​បាន​លាតត្រដាង​កាល​ពីថ្ងៃ​ចន្ទ ពួករដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​មន្ត្រី៣៤​នាក់នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិនថា ​បាន​បង្កើតមនុស្សក្លែងក្លាយ​រាប់​ពាន់​នាក់​តាមអនឡាញ ដើម្បី​គំរាម​កំហែង​និងយាយីក្រុម​អ្នក​ប្រឆាំង​ចិន​និង​ក្រុមមួយ​ទៀត​នៃ​បុគ្គលិក​សន្តិសុខ​សាធារណៈ​ចិន​៦​នាក់​ពី​បទ​បញ្ជា​ឱ្យ​បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន Zoom នៅ​ក្នុង​ប្រទេស​ចិន​ឱ្យ​ដក​ក្រុម ប្រឆាំង​ចិន​ពី​កម្មវិធីរបស់​ក្រុមហ៊ុន​នេះ។ ​ប្រធាន​ប្រតិបត្តិ​ខាងបច្ចេកវិទ្យាឈ្មោះ​ Julien Jin ត្រូវ​បាន​ចោទ​ប្រកាន់​ដំបូង​កាល​ពី​ឆ្នាំ២០២០។​

ដោយ​ហៅប្រតិបត្តិ្កការ​របស់ស្ថានីយប៉ូលិស​ចិន​ក្នុង​ទីក្រុង New York ថា​ជា​«ការ​រំលោភជាក់​ស្តែងលើ​អធិបតេយ្យភាព​របស់​យើង‍» លោក​ Breon Peace រដ្ឋអាជ្ញាអាមេរិក​ប្រចាំ​សង្កាត់​ខាង​កើត​នៃ​ទីក្រុង​ New York បាន​និយាយ​ថា​ ករណី​ទាំង​បី​នេះ​បង្ហាញ​ច្បាស់លាស់​អំពី«សកម្មភាព​សង្កត់​ស​ង្កិនឆ្លង​ប្រទេស‍»របស់​អាជ្ញាធរ​ចិន៕