មេ​បក្ស​សង្គ្រោះ​ជាតិ​៖ ទោះ​គ្មាន​ការ​​ឆ្លើយ​តប​ពី​ទូត​ចិន និង​​ទូត​កម្ពុជា ទូត​ទាំង​ពីរ​ ​ដឹង​ពី​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​តវ៉ា

ការដើរដង្ហែរក្បួនរបស់ក្រុមពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនិងកាណាដាទៅកាន់ស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាសុីនតោន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)

ទោះ​បី​ជា​ស្ថាន​ទូត​ចិន​មិន​បាន​បញ្ជូន​តំណាង​ឲ្យ​មក​ទទួល​ញត្តិ ហើយ​ស្ថាន​ទូត​កម្ពុជា​មិន​បាន​ឆ្លើយ​តប​​នឹង​ការ​តវ៉ា​អហិង្សា​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​អះអាង​ថា ស្ថាន​ទូត​ទាំង​ពីរ​បាន​ដឹង​ពី​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​តវ៉ា។​​

ពល​រដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា​ច្រើន​នាក់ បាន​ជួប​ជុំ​គ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន និងដង្ហែ​ក្បូនតវ៉ា​អហិង្សា​មួយ​ទៅ​កាន់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋ​ធានី Washington ដើម្បី​ទាម​ទាររក​យុត្តិធម៌​ជូន​មេ​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ម្នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ និង​ម្នាក់​ទៀត​កំពុងនិរទេស​ខ្លួន​នៅ​បរទេស និង​ដើម្បី​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ គោរព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បន្ត​គោរព​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស។ ទោះ​បី​ជា​ស្ថាន​ទូត​ចិន​មិន​បាន​បញ្ជូន​តំណាង​ឲ្យ​មក​ទទួល​ញត្តិ ហើយ​ស្ថាន​ទូត​កម្ពុជា​មិន​បាន​ឆ្លើយ​តបនឹង​ការ​តវ៉ា​អហិង្សា​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​អះអាង​ថា ស្ថាន​ទូត​ទាំង​ពីរ​បាន​ដឹង​ពី​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​តវ៉ា។

ប្រជាពលរដ្ឋដើម​កំណើត​ខ្មែរ​រស់​នៅ​អាមេរិក ​កាណាដា និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក ប្រមាណ​ ៥០០​នាក់ បាន​ជួប​ជុំ​គ្នា​ដង្ហែ​ក្បួន​តវ៉ា​អហិង្សា​ពី​កីឡាដ្ឋាន William H.G Fitzgerald Tennis Stadium ក្នុង​រដ្ឋធានី Washington ទៅ​កាន់​ស្ថាន​ទូត​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃសៅរ៍ ទី៣១ ខែ​សីហា​កន្លង​ទៅ​នេះ។ មុន​ការ​ដង្ហែ​ក្បួន​ចាប់​ផ្ដើម​ ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​ទៀត​ ដែល​ដឹក​នាំ​ដោយ​លោក លោក​ អ៊ួង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​បាន​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក​។

ការ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូតចិន​ និង​ការ​ដង្ហែ​ក្បួន​តវ៉ា​អហិង្សា​នេះ ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធំៗ​ពីរ។ គោល​បំណង​ទី​មួយគឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះ​លែង​លោក កឹម សុខា​ពី​ការ​ឃុំ​ខ្លួន​ក្នុង​គេហដ្ឋាន​របស់​លោក និង​ផ្ដល់​សិទ្ធិ​ឲ្យ​លោក សម រង្ស៊ី ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​ចាប់ខ្លួន ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ ចំណែក​គោល​បំណង​ទី​ពីរ​ គឺ​ដើម្បី​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដែល​កំពុងគាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ គោរព​ឯករាជ្យ​ភាព​ជាតិ ​ជួយស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បន្ត​គោរព​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក ជា គឹមលី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក បាន​ប្រាប់ VOA ថា៖ «គោល​បំណង​របស់​យើង​គឺ​យើង​ទាម​ទារ ឲ្យ​របប​ហ៊ុន​សែន​គឺ​ត្រូវ​តែ​ដោះ​លែង​លោក កឹម​ សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលចាប់​ឃុំ​ឃាំង​លោក​ប្រធាន​របស់​យើង​រយៈពេល​ពីរ​ឆ្នាំ អំពី​ការ​ចោទ​ប្រកាន់​ដោយ​គ្មានភស្តុតាង ហើយ​នឹង​ដាក់​ដំណើរ​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​»។

លោក ជា គឹមលី ​បន្ត​ថា៖

«ក្រុម​បាតុករ​របស់​យើង​នៅ​មុខ​ស្ថាន​ទូត​ចិន​ ដែល​យើង​បាន​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​ចិន ដើម្បី​សុំ​ទាម​ទារ​ឲ្យ​ប្រទេស​ចិន​គោរព​បូរណភាព​ទឹក​ដី ប្រទេស​កម្ពុជា​ ហើយ​និង ហើយ​នឹង​ដក​សំណង់​នៃ​ការ​សាង​សង់មូលដ្ឋាន​ទ័ព ចេញពី​កំពុង​ផែ​កំពុង​សោមទី១។ ទី២ សូម​ឲ្យ​ចិន​គោរព​សន្ធិ​សញ្ញា​ទី​ក្រុង​ប៉ារីស ហើយ​នឹង​សូ​ម​ឲ្យ​ចិន​គោរព​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ឲ្យ​មាន​បោះ​ឆ្នោត​ដោយ​សេរី​ និង​សូម​ឲ្យ​ចិន​ព្យួរ​ជំនួយ​ទៅ​លើ​របប​ ហ៊ុន​ សែន រហូត​ដល់​មាន​ដំណោះ​ស្រាយ​នយោបាយ​បច្ចុប្បន្ន។

អ្នក​ចូល​រួម​ការ​ដង្ហែ​ក្បូន​អហិង្សា​ម្នាក់​ដែល​មានឈ្មោះ​ថា ថុល អាយុ ៧៧ឆ្នាំ មក​ពី​រដ្ឋ Connecticut បាន​ទទូច​ស្នើ​សុំ​ឲ្យ​លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អាណិត​ដល់​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ស្នើ​ឲ្យ​ប្រជាជនខ្មែរ​ងើប​ឈរអស់​គ្នា​ឡើង។
លោកស្រី​បាន​និយាយ​ថា៖ «​ឲ្យ​ ហ៊ុន សែន​ ហ្នឹង ចេះ​យល់​យោគ​ខ្មែរ​ខ្លះ​ផង កុំ​ធ្វើ​បាប​ពេក ហើយ​ខ្មែរនៅ​ស្រុក​ខ្មែរ​ឲ្យ​ងើប​ឈរ​ទាំង​អស់​គ្នា​ឡើង យើង​រស់​ក៏​ងាប់ បើ​មិន​ងើប​ក៏​ងាប់​ ហើយ​យើង​ម្ដេច​មិន​ងើប​ទាំងអស់​គ្នា​ទៅ ចំា​អង្កាល់​ណា​ទៀត»។

ដូចគ្នា​ទៅ​នឹង​លោក​ស្រី ថុល លោក ឈុន ប៊ុន​ ឃាន​មក​ពី​រដ្ឋ​ Minnesota ក៏​បានអំពាវ​ឲ្យ​ប្រជាពលរដ្ឋ​រួបរួម​សាមគ្គី និង​ក្រោក​ឡើងការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ។ លោក​បាន​និយាយ​ថា៖ «សូម​ឲ្យ​បង​ប្អូន​ខ្មែរ​ទាំង​អស់​ងើប​ឈរ​ឡើង​ទាំង​អស់​គ្នា បើ​យើង​ងើប​ឈរ​ទាំង​អស់​គ្នា ហ៊ុន​ សែន​ ជាប់​គុក​ខ្លួន​ឯង​ហើយ ហ៊ុន​ សែន​ នឹង​វ៉ៃ​ក្បាល​ខ្លួន​ឯក​ហើយ អញ្ចឹង​ខ្ញុំ​សូម​ជម្រាប​ប៉ុណ្ណឹង សារ​ប៉ុណ្ណឹង​ ឲ្យ​បង​ប្អូន​ខ្មែរ​យើង​ទាំង​អស់​គ្នា ប្រុង​ប្រៀប​ឡើង ងើប​ឈរ​ទាំង​អស់​គ្នា»។​

អ្នក​ចូល​រួម​ម្នាក់ទៀត​ ឈ្មោះ ដោក ចាន់ធី បាន​ស្លៀក​សំលៀក​បំពាក់​ជា​ជន​ជាតិ​ចិន ពាក់​មួក​ដួន​ ហើយ​នៅ​លើ​មួក​នោះ​មាន​កិប​ភ្ជាប់​ក្រណាត់​ស្បែក​ពណ៌​ស​មួយ​ ដែល​មាន​សរសេរ​អក្សរ​ពណ៌​ក្រហម​ថា៖ «​បាត​ដៃ​ចិន​ប្រឡាក់​ឈាម​ខ្មែរ»។ លោក​ចាន់ធីបានថ្លែង​ប្រាប់ VOA ថា៖​ «ចិន​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​យើង​ ដៃ​ចិន​ប្រឡាក់​ឈាម​ខ្មែរ​។ ពី​ជំនាន់​៧០ អ្នក​ដឹក​នាំ​បាន​នាំ​យួន នាំ​ចិន​មក​សម្លាប់​ខ្មែរ ឥឡូវ​នេះ​ហ៊ុន​ សែន​ធ្វើ​ដូចគ្នា»។

អ្នក​ចូល​រួម​ដែល​តែង​ខ្លួន​ប្លែក​ពី​គេបាន​បន្ត​ថា៖ «ពាក់​ដួន​នេះ​ចង់​សំដៅ​ថា ដៃ​ខ្ញុំ​ប្រឡាក់​ឈាម​ខ្មែរ»។

ក្រៅពី​ប្រជាពលរដ្ឋ​ខ្មែរ ក៏​មាន​ពល​រដ្ឋ​អាមេរិក​ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បួន​អហិង្សា​នេះ​ដែរ។ លោក David Woods មក​ពី​ទីក្រុង Columbus រដ្ឋ​ Ohio ដែល​មាន​ប្រពន្ធ​ជាជន​ជាតិ​ខ្មែរ​បាន​មក​ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បូន​អហិង្សា និងបាន​បញ្ចេញ​ប្រតិកម្ម​ថា​៖

«ខ្ញុំ​មក​ចូល​រួម​ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ និង​ប្រឆាំង​នឹង​អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​របស់​លោក»។

នៅ​ជួរមុខនៃ​ក្បូន​របស់​ក្រុម​អ្នក​តវ៉ាអហិង្សា​នេះ​ មាន​ព្រះ​សង្ឃ និង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​សហរដ្ឋ​អាមេរិកដើរ​នាំ​មុខ​ដោយ​កាន់​បដា​មួយសរសេរ​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ជា​ភាសា​ខ្មែរថា៖ «ប្រទេស​ចិន​ត្រូវ​តែ​គោរពសន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩៧»។

លោក អ៊ួង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិសហរដ្ឋ​អាមេរិក​បាន​និយាយ​ថា៖ «ប្រទេស​ចិន​ជា​ប្រទេស​ដ៏​សំខាន់​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការ​ពារ​នូវ​សិទ្ធិ​សេរី​ភាព និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទទួល​ស្គាល់​នូវ​បូរណភាព​ទឹក​ដី​នៅ​ប្រទេស​កម្ពុជា អញ្ចឹង​ប្រទេស​ចិន​គួរ​តែ​យល់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​ហ្នឹង»។​

ក្រៅ​ពី​បដា​ដែល​បង្ហាញ​ពី​អត្ថន័យទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បន្ត​គោរព​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស លោក អ៊ួង​ រិទ្ធី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក ក៏​បាន​ស្នើ​ចិន ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​ងាក​មក​ធ្វើ​ការ​ជា​មួយ​គណបក្ស​ប្រឆាំង​ផង កុំឡើយ​គាំទ្រ​តែ​ខាង​គណបក្ស​កាន់​អំណាច​នោះ។​

​ស្ថាន​ទូត​ចិន​ក្នុងរដ្ឋ​ធានី Washington មិន​បាន​បញ្ជូន​តំណាង​ឲ្យ​មក​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា​នោះ​ទេ តែ​ក្រុម​អ្នក​តវ៉ា​បាន​ដាក់​ញត្តិ​នោះ​នៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​ស្ថានទូត។​ ចំណែក​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​ក៏មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈរតវ៉ា​ ប្រកូក​ប្រកាស​សារ​នយោបាយរបស់ក្រុម​អ្នក​តវ៉ា​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក អ៊ួង រិទ្ធី​ មេ​បក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក បាន​អះ​អាង​ថា​ ស្ថាន​ទូត​ទាំង​ពីរ​បាន​ដឹង​ពី​ការ​ទាម​ទារ​របស់​ក្រុមអ្នក​តវ៉ា បើ​ទោះ​បី​គ្មាន​អ្នក​ទទួល​ញត្តិ​ពី​ខាង​ស្ថាន​ទូត និង​គ្មាន​អ្នក​ឆ្លើយ​តប​ពី​ខាង​ស្ថាន​ទូត​កម្ពុជា។

«គេ​ដឹង​ គេ​ច្បាស់​ជា​ដឹង​ហើយ។ ហើយ​យើង​អត់​មាន​មក​ផ្ញើ​សារ​ឲ្យ​គេ​ទេ យើង​ផ្ញើសារ​នយោបាយ​តាម​រយៈ​ក្រុម​បាតុករ​យើង​នេះ»។

មន្ត្រី​ស្ថាន​ទូត​កម្ពុជា​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា លោក​បាន​ដឹង​ពីខ្លឹម​សារ​នោះ ក្នុង​ការ​បង្ហោះ Live តាម Facebook របស់ VOA ហើយ ម្យ៉ាង​ទៀតថ្ងៃ​សៅរ៍​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក៕