លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានសរសើរអង្គការក្រៅរដ្ឋាភិបាល (NGOs) ដែលកំពុងធ្វើការនៅក្នុងប្រទេសនីហ្សេរីយ៉ាចំពោះការតាំងចិត្តមិនងាករេដើម្បីស្ថាបនាសហគមន៍ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងផ្លាស់ប្តូរប្រទេស។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry បានជួបជាមួយតំណាងអង្គការប្រឆាំងនឹងអំពើពុករលួយរបស់អង្គការក្រៅរដ្ឋាភិបាលហើយនិងនារីក្មេងៗដែលកំពុងសិក្សានិងធ្វើការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅឯស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានី Abuja នៃប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃពុធ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក មានប្រសាសន៍ថា «ខ្ញុំសូមសរសើរភាពអង់អាចក្លាហានរបស់អ្នក។ ខ្ញុំសូមសរសើរទស្សនៈរបស់អ្នកហើយនិងការតាំងចិត្តរបស់អ្នកដើម្បីព្យាយាមជួយធ្វើឲ្យមានការផ្លាស់ប្តូរហើយយើងចង់ធ្វើការជាមួយអ្នក»។
ក្រុមប្រឆាំងអំពើពុករលួយក្នុងប្រទេសនីហ្សេរីយ៉ា បានសុំឲ្យលោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry ជួយបង្កើនល្បឿននៃការប្រគល់ប្រាក់រាប់ពាន់ដុល្លារដែលត្រូវបានលួចពីរតនៈសម្បត្តិដោយពួកមន្រ្តីមូលដ្ឋាន។
ពួកគេជឿជាក់ថា ប្រាក់ដែលលួចពីធនាគារ ឬពីផ្ទៃទឹករបស់ខ្លួនបានត្រូវគេធ្វើវិនិយោគទុនដោយសហរដ្ឋអាមេរិក អង់គ្លេស ស្វ៊ីស ហើយនិងប្រទេសដទៃទៀតនៅអឺរ៉ុប។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក ប្រាប់ក្រុមប្រឆាំងអំពើពុករលួយនោះថា ការយកទ្រព្យសម្បត្តិទាំងនោះមកវិញ មានរយៈពេលយូរហើយមានដំណើរការស្មុគស្មាញ ក៏ប៉ុន្តែ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានមេធាវី និងគណនេយ្យករដែលកំពុងធ្វើការលើបញ្ហានេះ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក៏បានដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងការអភិវឌ្ឍនារីក្នុងប្រទេសនីហ្សេរីយ៉ាហើយនិងបញ្ហាប្រឈមដែលពួកគេប្រឈមក្នុងជីវភាពប្រចាំថ្ងៃ៕