នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albaneseបានបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយនៅសេតវិមាន កាលពីថ្ងៃពុធ ទី២៥ ខែតុលា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក អំពីនាវាមុជទឹកដើរដោយកម្លាំងនុយក្លេអ៊ែរនិងអំពីវត្តមានយោធារួមគ្នារបស់ពួកគេក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាចំណាត់ការសំខាន់សម្រាប់ទប់ទល់នឹងកំណើនមហិច្ឆតារបស់ចិន។
លោកប្រធានាធិបតី Joe Biden បានស្វាគមន៍យ៉ាងកក់ក្តៅដល់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅសេតវិមាន ដោយលោកបានទទួលស្គាល់ថា ទស្សនកិច្ចផ្លូវរដ្ឋនេះត្រូវគ្របដណ្តប់ដោយព្រឹត្តិការណ៍គួរឱ្យខ្ពើមរអើមនៅផ្នែកម្ខាងទៀតនៃផែនដី។
លោកប្រធានាធិបតី Joe Biden បានថ្លែងថា៖ «ជាមួយគ្នា យើងគាំទ្រអ៊ីស្រាអែលប្រឆាំងនឹងភេរវកម្មរបស់ពួកហាម៉ាស់។ យើងគាំទ្រអ៊ុយក្រែនប្រឆាំងនឹងអំពើកំណាចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ហើយយើងបានបង្ហាញឱ្យឃើញថាលទ្ធិប្រជាធិបតេយ្យអាចពុះពារឧបសគ្គដែលជាកិច្ចការដ៏មានសារៈសំខាន់បំផុតដល់ជីវិតមនុស្ស រាប់បញ្ចូលទាំងការប្រែប្រួលអាកាសធាតុរហូតដល់ជំងឺមហារីក»។
លោក Albanese បានគូសបញ្ជាក់ជម្លោះទាំងនោះដើម្បីសង្កត់ធ្ងន់ថា អូស្ត្រាលីនិងសហរដ្ឋអាមេរិកដែលជាប្រទេសប្រកាន់ប្រជាធិបតេយ្យសេរីនិយម មានឧត្តមគតិដូចគ្នា។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងថា៖ «នៅក្នុងពិភពលោកគ្មានភាពទៀងទាត់នៅ ពេលសព្វថ្ងៃនេះ សម្ព័ន្ធភាពរវាងអូស្ត្រាលីនិងសហរដ្ឋអាមេរិកនិងវិធីដែលយើងឈរគ្មានងាករេប្រឆាំងនឹងការឈ្លានពាន ទោះវាជាការលុកលុយមិនត្រឹមត្រូវតាមច្បាប់ក្នុងប្រទេសអ៊ុយក្រែន ឬទោះវាជាការវាយប្រហារភេរវកម្មរបស់ពួកហាម៉ាស់លើអ៊ីស្រាអែលក៏ដោយ ក៏ជាអ្វីមួយដែលយើងអាចពឹងពាក់គ្នាបាន ដើម្បីការពារគុណតម្លៃរួមគ្នារបស់យើង»។
លោក Biden បានមានប្រសាសន៍ថា ទស្សនកិច្ចនេះបានផ្តល់ដល់ឥស្សរជនទាំងពីរ នាក់នេះនូវឱកាសមួយសម្រាប់«បង្កើន»កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដែលមានរួមវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងកិច្ចប្រឹងប្រែងខាងយោធា។
មេដឹកនាំទាំងពីរក៏បាននិយាយយោងដល់ការប្រឹងប្រែងរបស់ពួកគេក្នុងការទប់ទល់នឹងសត្រូវរួមគ្នាគឺប្រទេសចិន ដោយលោក Biden បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំងអំពីការយាយីកាលពីពេលថ្មីៗនេះរបស់ខ្លួនដល់នាវាហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។ លោកបាននិយាយថា ការវាយប្រហារណាមួយអាចនាំឱ្យមានការអនុវត្តសន្ធិ សញ្ញាការពារគ្នាទៅវិញទៅមករវាងអាមេរិកជាមួយប្រទេសជាប្រជុំកោះនៅអាស៊ីអាគ្នេយ៍នោះ។
កាលពីដើមអាណត្តិលោកក្នុងឆ្នាំ ២០២១ លោក Biden បានធ្វើឱ្យមានភាពដៃគូសន្តិសុខត្រីភាគីជាមួយប្រទេសអូស្ត្រាលីនិងចក្រភពអង់គ្លេស ហៅ AUKUS។ ភាពដៃគូនេះអំពាវនាវឱ្យមានការពង្រឹងអន្តរភាពប្រតិបត្តិការយោធានិងជំនួយដល់អូស្ត្រាលីឱ្យមាននាវាមុជទឹកដើរដោយកម្លាំងថាមពលនុយក្លេអ៊ែរ។
កាលពីថ្ងៃពុធសប្តាហ៍មុន លោក Biden បាននិយាយថា លោកប្រាកដក្នុងចិត្តថា សភានឹងផ្តល់ ប្រាក់ជួយដល់ AUKUS។ លោកប្រធានាធិបតី Bidenបានថ្លែងទៀតថា៖ «AUKUS ស្ថិតក្នុងផលប្រយោជន៍របស់យើង។ នៅពេលយើងសម្រេចកិច្ចព្រមព្រៀងនេះជាមួយគ្នា ប្រធានាធិបតីចិនលោក Xi Jinping បានសួរខ្ញុំថា តើយើងគ្រាន់តែព្យាយាមឡោមព័ទ្ធចិនឬទេ។ ខ្ញុំបាននិយាយថា «ទេ» យើងមិនមែនឡោមព័ទ្ធចិនទេ។ យើងគ្រាន់តែធ្វើឱ្យប្រាកដថាផ្លូវសមុទ្រនៅតែបើកចំហ។ គាត់មិនអាចកែប្រែជាឯកតោភាគីនូវបទបញ្ញត្តិស្តីពីផ្លូវអាកាសអន្តរជាតិនិងផ្លូវទឹកអន្តរជាតិបានទេ។ល។ ហើយនេះជាអ្វីទាក់ទិនជាមួយ AUKUS»។
ក្រុមអ្នកវិភាគនិយាយថា អ្វីទាំងអស់នេះកំពុងត្រូវសង្កេតមើលដោយដិតដល់មិនមែនតែដោយរដ្ឋាភិបាលក្រុងប៉េកាំង រដ្ឋាភិបាលក្រុងកង់បេរ៉ានិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ តែក៏ត្រូវសង្កេតមើលដោយតំបន់ដែលត្រូវយកចិត្តដោយរដ្ឋាភិបាលទាំងបីនេះដែរ គឺក្រុមបណ្តាប្រទេសជាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកBiden បានធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រទេសកោះទាំងនេះនៅក្នុងវេទិកាមួយកាលពីខែមុន។
លោក Gordon Peake ជាទីប្រឹក្សាជាន់ខ្ពស់នៃបណ្តាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «វាមានសារៈសំខាន់ដែរដែលឃើញថា ការណ៍នេះមានការយល់ឃើញបែបណាក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ មេដឹកនាំខ្លះមិនសូវកក់ក្តៅជាមួយ AUKUS ទេ។ មេដឹកនាំឯទៀតមានយោបល់ផ្ទុយចំពោះ AUKUS។ មានការជំទាស់ច្រើននឹង AUKUS ក្នុងតំបន់នោះ ហើយជាពិសេសមានការប្រឆាំងនឹងនាវាមុជទឹកនុយក្លេអ៊ែរ ទោះជានាវាទាំងនេះដើរដោយកម្លាំងនុយក្លេអ៊ែរនិងមានផ្ទុកអាវុធធម្មតាមិនមែនជាអាវុធនុយក្លេអ៊ែរក៏ដោយ»។
ក្នុងពេលឆាប់ៗនេះ លោក Albanese នឹងបំពេញទស្សនកិច្ចដ៏សំខាន់មួយទៀត។ កាលពីពេលកន្លងទៅនេះ លោកបានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងនិងក្រុងសៀងហៃ ប្រទេសចិន នៅដើមខែវិច្ឆិកា ដើម្បីជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ