ក្រសួងយុត្តិធម៌អាមេរិកបានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើ «រចនាសម្ព័ន្ធ និងការអនុវត្ត» របស់ស្នងការប៉ូលិសក្រុង Chicago ដើម្បីកំណត់ថាតើស្នងការនោះបានរំលោភបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់សហព័ន្ធជុំវិញការគ្រប់គ្រងលើការប្រើប្រាស់កងកម្លាំងរបស់ខ្លួនដែរឬទេ។
ការស៊ើបអង្កេតនេះធ្វើឡើង បន្ទាប់ពីមានការបញ្ចេញខ្សែវីដេអូបង្ហាញពីការបាញ់សម្លាប់យុវជនអាយុ១៧ឆ្នាំម្នាក់ ដោយមន្រ្តីប៉ូលិសមួយរូបនៅក្នុងខែតុលា ឆ្នាំ២០១៤។
លោកស្រី Loretta Lynch ដែលជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌បាននិយាយពេលប្រកាសបើកការស៊ើបអង្កេតសហព័ន្ធនៅថ្ងៃទី០៧ ខែធ្នូថា៖ «ប្រជាជនអាមេរិករាល់គ្នារំពឹងនិងត្រូវទទួលបាននូវការការពារពីអង្គភាពអនុវត្តច្បាប់ ដែលប្រកបដោយប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងតម្រូវការ ដោយការគោរព ហើយសំខាន់ជាងនេះទៅទៀតនោះគឺស្របនឹងច្បាប់រដ្ឋធម្មនុញ្ញ»។
លោកស្រីបានលើកឡើងទៀតថា៖ «យើងនឹងពិនិត្យមើលបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់កងកម្លាំងរបស់ស្នងការប៉ូលិសក្រុង Chicago ដែលក្នុងនោះរួមមានការប្រើប្រាស់កងកម្លាំងដ៏ប្រល័យ ដោយការប្រកាន់ពូជសាសន៍ ជាតិសាសន៍ និងកត្តាដទៃទៀត ក៏ដូចជាភាពខុសគ្នាក្នុងការប្រើប្រាស់កងកម្លាំង និងយន្តការទទួលខុសត្រូវរបស់មន្ទីរប៉ូលិសនោះ មានដូចជាការចាត់វិធានការតាមច្បាប់វិន័យ និងការចោទប្រកាន់ទៅលើការប្រព្រឹត្តខុសផ្សេងៗ»។
ស្នងការប៉ូលិសក្រុង Chicago លោក Jason Van Dyke ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទីមួយនៅថ្ងៃទី២៤ ខែវិច្ឆិកា គឺមានរយៈពេលជាងមួយឆ្នាំបន្ទាប់ពីការសម្លាប់យុវជនឈ្មោះ Laquan McDonald និងប៉ុន្មានម៉ោងមុនពេលការបញ្ចេញខ្សែវីដេអូពីកាំមេរ៉ាសុត្ថិភាពរបស់ប៉ូលិសដែលបង្ហាញពីការបាញ់សម្លាប់យុវជនស្បែកខ្មៅរូបនោះដោយមន្រ្តីប៉ូលិសនោះ។ ខ្សែវីដេអូក៏បានបង្ហាញថា យុវជន Laquan បានរត់តម្រង់មករកប៉ូលិស ហើយបន្ទាប់មកហាក់ដូចជាដើរចេញពីប៉ូលិសវិញ។ ហើយនៅខណៈនោះ ប៉ូលិសរូបនោះបានបាញ់១៦គ្រាប់ ដែលគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់ទៅលើយុវជនក្រោយពេលយុវជនរូបនោះដួលទៅលើដី។
បាតុកម្មនានា
បាតុកម្មនានាបានកើតឡើងនៅយប់នោះនៅក្នុងក្រុង Chicago ដោយមានការអះអាងថា ស្នងការប៉ូលិសបានព្យាយាមលាក់បាំងរឿងនោះ ហើយបាតុកម្មទាំងនោះនៅតែបន្តមានពីមួយពេលទៅមួយពេល។ លោក Rahm Emanuel ចៅហ្វាយក្រុង Chicago បានបណ្តេញអគ្គស្នងការប៉ូលិសក្រុងនោះចេញពីតំណែងកាលពីសប្តាហ៍កន្លងទៅ។ ក្រុមបាតុករក៏បានតវ៉ាទាមទារឲ្យដករដ្ឋអាជ្ញាក្រុង Chicago និងលោក Emanuel ខ្លួនឯងផ្ទាល់ចេញពីតំណែង។
លោកស្រី Lynch បានមានប្រសាសន៍ថា ប្រសិនបើសកម្មភាពណាមួយនៃស្នងការប៉ូលិសត្រូវបានរកឃើញថាធ្វើឡើងមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ ក្រសួងយុត្តិធម៌នឹងធ្វើកិច្ចព្រមព្រៀងតាមរយៈតុលាការជាមួយនឹងស្នងការប៉ូលិស ហើយនឹងធ្វើការជាមួយនឹងរដ្ឋបាលក្រុង Chicago លើកំណែទម្រង់ផ្សេងៗ។
លោកស្រីបានបន្តថា ការស៊ើបអង្កេតនេះនឹងផ្តោតទៅលើការលើកកម្ពស់ប្រព័ន្ធផ្សេងៗនៅស្នងការប៉ូលិស ដោយមិនចង្អុលបង្ហាញក្រុមបុគ្គលណាមួយដែលមានកំហុសនោះទេ។
ក្រុមអ្នកជំនាញបាននិយាយថា សហគមន៍ជាច្រើនកាន់តែមានអារម្មណ៍ថា ពួកគេមិនបានទទួលសេវាការពារពីសមត្ថកិច្ចដូចដែលពួកគេគួរនឹងទទួលបាននោះទេ។ អ្នកស្រី Lenese Herbert គឺជាសាស្រ្តាចារ្យផ្នែកច្បាប់នៅមហាវិទ្យាល័យ Howard នៅរដ្ឋវ៉ាស៊ីនតោន។ អ្នកស្រីនិយាយថា អ្នកស្រីនៅតែមានក្តីបារម្ភអំពីមិនគ្រាន់តែការអនុវត្តនូវ «ក្បួនច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីស្មារតីនៃច្បាប់ទៀតផង» ទោះបីអ្នកស្រីគិតថា ការស៊ើបអង្កេតដោយក្រសួងយុត្តិធម៌គឺជាជំហានដំបូងដ៏ប្រសើរមួយក៏ដោយ។
អ្នកស្រីបានមានប្រសាសន៍ថា៖ «ពន្លឺព្រះអាទិត្យ ជាគ្រឿងសម្លាប់មេរោគដ៏ប្រសើរបំផុតមួយ។ យើងត្រូវការការចាប់ផ្តើម និងយល់ដឹងពីស្ថានភាពឲ្យកាន់តែលម្អិត»។
ការស៊ើបអង្កេតផ្សេងៗស្រដៀងគ្នានេះរបស់ក្រសួងយុត្តិធម៌ ត្រូវបានធ្វើឡើងបន្ទាប់ពីមានបាតុកម្មជាច្រើនលើកនៅក្រុង Baltimore រដ្ឋ Maryland និងនៅក្នុងក្រុង Ferguson រដ្ឋ Missouri បន្ទាប់ពីមានការពាក់ព័ន្ធរបស់ប៉ូលិសនៅក្នុងការស្លាប់របស់ជនសង្ស័យសញ្ជាតិអាហ្រ្វិកអាមេរិកាំង។
នៅក្នុងខែមេសា ជនសង្ស័យវ័យ២៥ឆ្នាំ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារក្រុង Baltimore។ ការកាត់ក្តីទៅលើប៉ូលិសទីមួយនៅក្រុង Baltimore ដែលត្រូវបានចោទប្រកាន់ពីការសម្លាប់ជនសង្ស័យ Freddie Gray កំពុងត្រូវបានធ្វើឡើង។
កាលពីឆ្នាំ២០១៤ នៅក្រុង Ferguson រដ្ឋ Missouri ជនសង្ស័យពីបទប្លន់ម្នាក់មានសញ្ជាតិអាហ្វ្រិកអាមេរិកាំងអាយុ១៨ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីប៉ូលិសស្បែកស ដែលការណ៍នេះបានបង្កឲ្យមានចលាចល និងអំពើហិង្សាមួយចំនួន។ នេះជារឿងរ៉ាវយ៉ាងពិតប្រាកដមួយ បន្ទាប់ពីមានការប្រកាសដោយក្រុមប្រឹក្សាតុលាការ និងក្រសួងយុត្តិធម៌ ដែលថា មន្រ្តីប៉ូលិសក្រុង Ferguson លោក Darren Wilson នឹងមិនត្រូវបានចោទប្រកាន់នៅក្នុងការបាញ់ប្រហារនោះទេ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា