រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Merrick Garland បានកោះប្រជុំនៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី ៥ ខែមករា ដើម្បីពិភាក្សាអំពីបទល្មើសហិង្សានៅសហរដ្ឋអាមេរិក កិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ និងរបៀបចែករំលែកវិធីសាស្រ្តទាំងនោះជាមួយតំបន់នានានៅក្នុងប្រទេសដែលត្រូវការវិធីសាស្ត្រទាំងនោះ។
លោក Garland និងអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកអ្នកស្រី Lisa Monoco បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលកិច្ចប្រជុំបានចាប់ផ្តើមថា ពួកគេក៏នឹងដោះស្រាយផងដែរនូវអ្វីដែលលោក Garland ហៅថាជាការកើនឡើងនៃការគំរាមកំហែង «ដែលគួរឱ្យបារម្ភខ្លាំង» លើមន្ត្រីសាធារណៈដូចជាមន្ត្រីអនុវត្តច្បាប់ ចៅក្រម សមាជិកសភា និងមន្ត្រីរៀបចំការបោះឆ្នោតជាដើម។
ទីភ្នាក់ងារដែលមានតំណាងនៅក្នុងការប្រជុំនេះមានទីភ្នាក់ងារសហព័ន្ធស៊ើបអង្កេត (FBI) ការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) ទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់គ្រឿងញៀន (DEA) ទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់និងការពារប្រព័ន្ធយុត្តិធម៌សហរដ្ឋអាមេរិក (U.S. Marshals Service) និងមន្ត្រីក្រសួងផ្សេងទៀត។
លោក Garland បាននិយាយថា ទិន្នន័យថ្មីៗបានបង្ហាញអំពីដំណើរវិវឌ្ឍន៍ល្អប្រឆាំងនឹងបទល្មើសហិង្សានៅទូទាំងប្រទេស ដោយទីភ្នាក់ងារ FBI បានរាយការណ៍ពីការធ្លាក់ចុះចំនួន ៦% នូវបទល្មើសមនុស្សឃាតនៅទូទាំងប្រទេសពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ហើយសមាគមស្នងការប៉ូលិសប្រចាំទីក្រុងធំៗបានរាយការណ៍អំពីការធ្លាក់ចុះតួលេខចំនួនពីរខ្ទង់សម្រាប់បទល្មើសឃាតកម្មនៅក្នុងទីក្រុងធំៗចំនួន ៦៩ ក្នុងសហរដ្ឋអាមេរិកកាលពីមួយឆ្នាំកន្លងទៅនេះ។
លោក Garland បានសរសើរយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសហិង្សារបស់ក្រសួងរបស់លោក។ យុទ្ធសាស្ត្រនេះបានចាប់ផ្តើមនៅឆ្នាំ ២០២១ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបទល្មើសក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩។
លោកបានថ្លែងថា យុទ្ធសាស្ត្រនោះមានដូចជាការចែករំលែកមធ្យោបាយបច្ចេកវិទ្យាជាមួយមន្ត្រីអនុវត្តច្បាប់នៅកម្រិតរដ្ឋនិងមូលដ្ឋាន។ ក្រសួងយុត្តិធម៌ក៏បានចែករំលែកមធ្យោបាយណែនាំការផ្ទន្ទាទោសផងដែរដើម្បីជួយដល់ទីភ្នាក់ងារនានានៅកម្រិតរដ្ឋនិងមូលដ្ឋានក្នុងការចាប់ខ្លួននិងផ្តន្ទាទោសជនល្មើសដដែលៗនិងអង្គការឧក្រិដ្ឋកម្មផ្សេងៗដែលលោក Garland ហៅថាជាអ្នកនាំមុខនៅក្នុងការបង្កបទល្មើសហិង្សា។
លោក Garland បានបន្តថា ការប្រជុំកាលពីថ្ងៃទី ៥ ខែមករានោះគឺដើម្បីវាយតម្លៃជោគជ័យមួយចំនួន និងមើលពីរបៀបដែលយុទ្ធសាស្ត្រទាំងនោះអាចត្រូវប្រើនៅកន្លែងដែលមិនទាន់ទទួលបានជោគជ័យ។
លោកបានលើកឡើងទៀតថា រដ្ឋធានីវ៉ាស៊ីនតោនជាពិសេសមានកំណើនបទល្មើសហិង្សាជារួមចំនួន ៣៩% នៅក្នុងឆ្នាំ ២០២៣ ដោយអំពើឃាតកម្មបានកើនឡើងចំនួន ៣៥%។
លោកបានបន្ថែមថា លោកនឹងធ្វើសេចក្តីប្រកាសមួយអំពីកិច្ចប្រឹងប្រែងដើម្បីដោះស្រាយបទល្មើសនៅរដ្ឋធានីវ៉ាស៊ីនតោននៅពេលក្រោយ។
ទាក់ទងនឹងការគំរាមកំហែងលើអ្នកធ្វើការក្នុងវិស័យសាធារណៈ លោក Garland បានបញ្ជាក់ថា ត្រឹមតែប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៣ ក្រសួងយុត្តិធម៌បានស៊ើបអង្កេតនិងចោទប្រកាន់បុគ្គលមួយចំនួនពីបទគំរាមកំហែងដោយហិង្សាលើភ្នាក់ងារ FBI ចៅក្រមសហព័ន្ធដែលរួមមានទាំងចៅក្រមតុលាការកំពូលផងដែរ សមាជិកសភា បេក្ខជនប្រធានាធិបតី និងមន្ត្រីរៀបចំការបោះឆ្នោត។
លោកបានបន្តថា មានការគំរាមបំផ្ទុះគ្រាប់បែកជាច្រើនលើតុលាការនៅទូទាំងប្រទេសត្រឹមសប្តាហ៍មុន និងបានបន្ថែមថា កាលពីថ្ងៃទី ៤ ខែមករា បុគ្គលម្នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទគំរាមកំហែងសម្លាប់សមាជិកសភាម្នាក់និងកូនៗរបស់សមាជិកសភារូបនោះ។
លោក Garland បានបន្ថែមថា «ការគំរាមកំហែងទាំងនេះមិនអាចទទួលយកបានទេ» និងថា ការប្រជុំកាលពីថ្ងៃទី ៥ ខែមករាត្រូវបានរៀបចំឡើងដើម្បីស្វែងរកវិធីពង្រឹងឱ្យបានទ្វេដងនូវកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ក្នុងការទប់ទល់នឹងជនទាំងនោះ ដោយសារតែ «ពួកគេគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់យើង»៕