ស្របពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson ចាប់ផ្ដើមដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោកទៅកាន់តំបន់អាស៊ីអាគ្នេយ៍នៅក្នុងសប្ដាហ៍នេះ សហរដ្ឋអាមេរិកនៅតែបន្តសង្កត់ធ្ងន់ឲ្យមានយន្តការផ្លូវច្បាប់មួយ ដើម្បីរារាំងមិនឲ្យជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងផ្ទុះឡើងក្លាយជាការប្រឈមមុខហិង្សាដាក់គ្នា។
បន្ទាប់ពីមានកិច្ចពិភាក្សាអស់រយៈពេលជាង ១៥ ឆ្នាំ កន្លងមក រដ្ឋមន្ត្រីការបរទេសនានាមកពីសមាគមអាស៊ាន និងប្រទេសចិន ត្រូវគេរំពឹងថានឹងគាំទ្រចំពោះគម្រោងក្រមប្រតិបត្តិ COC ដែលមានគោលបំណងផ្ដោតលើកិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នានៅក្នុងដែនទឹកដែលមានជម្លោះ នៅក្នុងអំឡុងពេលកិច្ចប្រជុំក្នុងសប្ដាហ៍នេះនៅក្នុងប្រទេសហ្វីលីពីន។
លោកស្រី Susan Thornton ឧបការីរដ្ឋមន្ត្រីការបរទេសស្ដីទីទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា៖ «សហរដ្ឋអាមេរិកស្វាគមន៍ចំពោះការឯកភាពគ្នាលើគម្រោងនេះ ប៉ុន្តែសហរដ្ឋអាមេរិកក៏នៅបន្តអំពាវនាវឲ្យមានការអនុម័តឲ្យបានឆាប់នូវក្រមប្រតិបត្តិ COC ដ៏មានប្រសិទ្ធភាពមួយផងដែរ»។
ទោះបីជាសហរដ្ឋអាមេរិកមិនមែនជាភាគីទាមទារកាន់កាប់ប្រជុំកោះដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបន្តអំពាវនាវឲ្យភាគីជម្លោះទាំងអស់បន្តការទាមទាររបស់ខ្លួនដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
លោករដ្ឋមន្ត្រីការបរទេស Tillerson នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានមួយចំនួន ដូចជាកិច្ចប្រជុំវេទិកាតំបន់អាស៊ានជាដើម។ បន្ទាប់មក លោកនឹងធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។
ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Tillerson ទៅកាន់តំបន់អាស៊ីអាគ្នេយ៍លើកនេះ គឺជាការបញ្ជាក់ឡើងវិញអំពី «ការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការពង្រីក និងបង្កើនបន្ថែមទៀតនូវចំណាប់អារម្មណ៍ផ្នែកសេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»៕