ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) នឹងជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ២៨ និង ២៩ ខែមីនាខាងមុខនេះ ក្នុងកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងអាស៊ាន ខណៈពេលមានការប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងរវាងអាមេរិកនិងចិន នៅក្នុងតំបន់។
អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា៖
«កិច្ចប្រជុំកំពូលពិសេសនឹងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន ដោយទទួលស្គាល់តួនាទីស្នូលរបស់ខ្លួន ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាព ចំពោះបញ្ហាប្រឈមដ៏លំបាកបំផុតក្នុងតំបន់ និងរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងអាមេរិក-អាស៊ាន»។
សេតវិមានយល់ថា កិច្ចប្រជុំកំពូលនេះនឹងពង្រឹងការចូលរួមរបស់លោកប្រធានាធិបតី Biden ក្នុងខែតុលាឆ្នាំ ២០២១ របស់អាស៊ាន-អាមេរិក ដែលនៅពេលនោះលោកប្រធានាធិបតីបានប្រកាសនូវទឹកប្រាក់ចំនួន ១០២ លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមថ្មីដើម្បីពង្រីកការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន លើការស្តារឡើងវិញនូវផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងសន្តិសុខសុខាភិបាល ការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ការជំរុញកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សមភាពយេនឌ័រនិងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី និងការធ្វើឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅ។
អ្នកស្រី Jen Psaki បានបន្ថែមថា៖
«វាគឺជាអាទិភាពកំពូលសម្រាប់រដ្ឋបាល Biden-Harris ដើម្បីបម្រើជាដៃគូដ៏រឹងមាំនិងគួរឱ្យទុកចិត្តនិងពង្រឹងអាស៊ានដែលមានអំណាចនិងឯកភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលនេះ។ ផលប្រយោជន៍ គុណតម្លៃ និងចក្ខុវិស័យរួមរបស់យើងសម្រាប់តំបន់ នឹងបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការជំរុញឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ សុវត្ថិភាពនិងស៊ូធន់បាន»។
តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថាជាព្រំដែនយុទ្ធសាស្ត្រសម្រាប់ទាំងហេតុផលនយោបាយនិងសេដ្ឋកិច្ចនៃមហាអំណាចចិននិងសហរដ្ឋអាមេរិក។ ក្នុងរយៈពេលមួយឆ្នាំក្រោមរដ្ឋបាលលោក Biden មានមន្ត្រីជាន់ខ្ពស់ជាច្រើនបានទៅធ្វើទស្សនកិច្ចក្នុងតំបន់ក្នុងនោះ ដូចជាអនុប្រធានាធិបតីអ្នកស្រី Kamala Harris លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសលោក Anthony Blinken ជាដើម។
គណបក្សសង្គ្រោះជាតិទទូចឲ្យសហរដ្ឋអាមេរិកផ្តោតលើបញ្ហាសិទ្ធិមនុស្សនិងដំណោះស្រាយនយោបាយលើវិបត្តិដែលកើតមាននៅក្នុងប្រទេសមួយចំនួនក្នុងអាស៊ានផងដែរ ដែលមានដូចជាវិបត្តិនយោបាយនៅកម្ពុជានិងមីយ៉ាន់ម៉ា។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបន្ថែមប្រាប់វីអូអេថា៖
«រឿងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនៅក្នុងបរិបទនៃអាស៊ាននេះ គឺធ្ងន់ធ្ងរណាស់។ រឿងមីយ៉ាន់ម៉ានិងប្រទេសកម្ពុជា គឺធ្ងន់ធ្ងរណាស់។ ដូច្នេះយើងនឹងទៅវ៉ាស៊ីនតោនឌីស៊ីដែរ នៅថ្ងៃដែលមានជំនួបកំពូលរវាងអាស៊ាននិងប្រទេសអាមេរិក ដើម្បីបង្ហាញនូវការព្រួយបារម្ភនិងឆន្ទៈនៃពលរដ្ឋប្រទេសភូមា ពលរដ្ឋខ្មែរ និងពលរដ្ឋអាស៊ានដទៃទៀត ដែលនៅក្រៅប្រទេស»។
សហរដ្ឋអាមេរិកគាំទ្រសេចក្តីសម្រេចខែតុលា ឆ្នាំ ២០២១ របស់អាស៊ាន ក្នុងការរឹតបន្តឹងការចូលរួមរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់ ដោយអនុញ្ញាតតែតំណាងដែលមិននយោបាយប៉ុណ្ណោះ។ មន្ត្រីអាមេរិកាំងមួយរូបបានថ្លែងបន្ថែមដោយមិនបញ្ចេញឈ្មោះថា របបយោធាមីយ៉ាន់ម៉ាបានបរាជ័យក្នុងការធ្វើឱ្យមានការវិវឌ្ឍន៍ដ៏មានអត្ថន័យលើកិច្ចព្រមព្រៀងប្រាំចំណុចរបស់អាស៊ាន ហើយអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការធ្វើឱ្យរបបនេះទទួលខុសត្រូវ។
មន្ត្រីរូបនោះបានបន្ថែមថា៖
«សម្រាប់យើង សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីបង្កើនសម្ពាធលើរបបយោធារហូតដល់ផ្លាស់ប្តូរទិសនិងអនុញ្ញាតឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ»៕