កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៨និងទី២៩ខែមីនានេះ ប្រឈមនឹងការលើកពេលទៅធ្វើនៅពេលក្រោយ ខណៈមានការមិនឯកភាពគ្នាផ្នែកកាលបរិច្ឆេទដែលប្រកាសដោយសហរដ្ឋអាមេរិក។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យថ្មីមួយជាជំនួយចិននៅខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃចន្ទ លោក ហ៊ុន សែន បានលើកឡើងថា៖
«ប៉ុន្តែដោយសារតែមានភាពមិនច្បាស់លាស់អំពីការប្រជុំពិសេសរវាងអាស៊ាននិងអាមេរិកដែលសហរដ្ឋអាមេរិកបានប្រកាសនូវព័ត៌មានទាក់ទិនថានឹងមានការប្រជុំនៅថ្ងៃទី២៨និង២៩ ប៉ុន្តែក្នុងពេលដែលឥណ្ឌូនេស៊ីដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលានៅឡើយទេ។
នាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមថា មានបណ្ដាមេដឹកនាំអាស៊ានយ៉ាងហោច៤ប្រទេសបានអះអាងថាពួកគេមិនអាចចូលរួមនៅថ្ងៃកំណត់ខាងលើ ហើយបានស្នើខាងអាមេរិករំកិលកាលបរិច្ឆេទមកថ្ងៃទី២៦និងទី២៧ខែមីនាវិញ តែខាងអាមេរិកថាខ្លួនមិនអាចរៀបចំជូនបានឡើយ។
លោក ហ៊ុន សែន លើកឡើងថា៖ «បើមិនទាន់ត្រូវរ៉ូវគ្នាអំពីពេលវេលាទេគឺមានតែលើកពេលទេរវាងអាស៊ាននិងអាមេរិកនោះមានតែលើកពេល»។ លោកបានបន្ថែមថា៖ «ប៉ុន្តែសង្ឃឹមថាអាស៊ានជាមួយនឹងអាមេរិកនឹងរកនូវពេលវេលាសមស្របសម្រុះសម្រួលគ្នា»។
គិតត្រឹមរសៀលថ្ងៃចន្ទនេះលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនបានតបនឹងសំណួរវីអូអេនៅឡើយ អំពីថាតើប្រទេសទាំង៤ដែលមិនអាចចូលប្រជុំថ្ងៃទី២៨តាមការប្រកាសរបស់អាមេរិកនោះរួមមានប្រទេសណាខ្លះ។
ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅ អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបានឱ្យដឹងថា លោកប្រធានាធិបតី Joe Biden គ្រោងនឹងទទួលស្វាគមន៍បណ្ដាមេដឹកនាំអាស៊ាន៩ប្រទេសនិងតំណាងមិនមែននយោបាយពីប្រទេសភូមាដែលស្ថិតក្រោមរបបសឹកមកប្រជុំនៅរដ្ឋធានីវ៉ាស៊ីងតោននាថ្ងៃទី២៨និងទី២៩ខែមីនាខាងមុខ។
អ្នកស្រី Stephanie Arzate អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ មិនបានតបចំៗទៅនឹងសំណួរវីអូអេទាក់ទិននឹងការលើកឡើងរបស់លោក ហ៊ុន សែន នោះទេដោយបានបង្វែររឿងរៀបចំថ្ងៃពេលនេះទៅសេតវិមាន។ តែអ្នកស្រី បានបញ្ជាក់ប្រាប់វីអូអេតាមសារអ៊ីមែលថា៖
«កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាននៅពេលខាងមុខ នឹងធ្វើឡើងដើម្បីប្រារព្ធខួប៤៥ឆ្នាំនៃទំនាក់ទំនងអាមេរិកអាស៊ាន និងក៏ដូចជាសបញ្ជាក់អំពីការតាំងចិត្តជាធរមានរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពរបស់អាស៊ានក្នុងការនាំមកនូវដំណោះស្រាយប្រកបដោយចីរភាពនានាចំពោះបញ្ហាប្រឈមបំផុតនានានៅក្នុងតំបន់»។
បន្ទាប់ពីបានអាក់ខានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាតាំងពីឆ្នាំ២០១៨មក លោកអតីតប្រធានាធិបតី Donald Trump គ្រោងស្វាគមន៍បណ្ដាមេដឹកនាំអាស៊ានទៅប្រជុំនៅទីក្រុង Las Vegas កាលពីខែមីនាឆ្នាំ២០២០ តែត្រូវលុបចោលវិញដោយជំងឺកូវីដ១៩រាតត្បាត។ ក្រោយមក លោក Joe Biden ដែលបានមកកាន់តំណែងកាលពីឆ្នាំមុន បានរៀបចំប្រជុំកំពូលមួយតាមប្រព័ន្ធអនឡាញជាមួយមេដឹកនាំអាស៊ានកាលពីចុងខែតុលាកន្លងមក៕