បណ្តាប្រទេសអាស៊ានទាំង១០ ដែលធ្លាប់បានរីករាយជាមួយនឹងឋានៈភាពស្មើមុខ ស្មើមាត់ជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកប្រធានាធិបតីអូបាម៉ា ហាក់ដូចជា កំពុងរង់ចាំយ៉ាងអន្ទះសារចំពោះគោលនយោបាយការបរទេសថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាតើអាស៊ាននឹងបន្តទំនាក់ទំនងល្អរវាងអាមេរិកអាស៊ាននេះដូច មុនទៀតឬក៏យ៉ាងណា។ ក្រុមអ្នកតាមដាននយោបាយក្នុងតំបន់ និងអន្តរជាតិខ្លះបានសម្លឹងមើលពីកេរដំណែលមួយរបស់លោក អូបាម៉ា ដែលបានធ្វើចំពោះអាស៊ានជាពិសេសក្នុងកិច្ចប្រជុំកំពូលលើកដំបូងលើទឹកដីអាមេរិកកាលពីឆ្នាំទៅ ដោយបានបញ្ជាក់ពីសារៈសំខាន់ទៅវិញទៅមកចំពោះទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយរវាងអាមេរិក អាស៊ាន។
Your browser doesn’t support HTML5
នៅពេលក្រុមមេដឹកនាំអាស៊ានកំពុងរង់ចាំមើលគោលនយោបាយការបរទេសរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថានឹងគិតគូយ៉ាងណាចំពោះ តំបន់អាស៊ានដែលមានពលរដ្ឋជាង៦៤០លាននាក់នោះ ក្រុមអ្នកវិភាគកិច្ចការតំបន់និងអន្តរជាតិខ្លះបានរំលេចអំពីសារៈសំខាន់នៃកេរតំណែលលោកអតីតប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា មួយគឺការបង្កើនទំនាក់ទំនងរវាងអាមេរិក អាស៊ានដល់កម្រិត ខ្ពស់មិនធ្លាប់មានពីមុន ជាពិសេសការណ៍នេះបានបញ្ជាក់ដោយឯកឯងក្នុងពេលកិច្ច ប្រជុំកំពូលអាមេរិក អាស៊ានលើទឹកដីអាមេរិកលើកដំបូងកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៦។
លោក តាំង ស៊ូ មុន (Tang Siew Mun )នាយកមជ្ឈមណ្ឌលសិក្សាអំពីកិច្ចការអាស៊ានក្នុងប្រទេសសិង្ហបូរី បានថ្លែងថា៖
«កិច្ចប្រជុំសាន់នីលែន (Sunnylands Summit) គឺជាកិច្ចប្រជុំដែលបង្ហាញពីទំនាក់ទំនង ស៊ីជម្រៅជាប្រវត្តិសាស្ត្ររវាងអាមេរិកនិងអាស៊ាន ហើយពេលនេះវាដើរតួជាចំណុចនៃការប្រៀបធៀប និងឆ្លុះបញ្ចាំងអំពីអនាគតនៃកិច្ចព្រមព្រៀងទ្វេភាគីដ៍មានសារៈសំខាន់ នៅក្រោមរដ្ឋបាលលោក ត្រាំទៀត។ សកម្មភាពនិងគោលនយោបាយលោកត្រាំ មកកាន់តំបន់អាស៊ាន នឹងមិនអាចចៀសវាងបានទេ ចំពោះការទាញចំណាប់អារម្មណ៍ ប្រៀបធៀបជាមួយនឹងគោលនយោបាយទាំងឡាយរបស់រដ្ឋបាលលោក អូបាម៉ា នោះ»។
លោកបានដាក់ការសង្ស័យចំពោះរដ្ឋបាលលោក ត្រាំ ចំពោះកេរដំណែលរបស់លោក បារ៉ាក់ អូបាម៉ា ដែលបានធ្វើឲ្យស.រ.អា និងអាស៊ានមានទំនាក់ទំនងឈានដល់កម្រិត យុទ្ធសាស្ត្រដោយចោទជាសំណួរតាមខ្លឹមសារដើមថា៖
«ហេតុអ្វីបានជាគ្មានកិច្ចប្រជុំកំពូលត្រូវបានធ្វើឡើងមុនរដ្ឋបាលលោក អូបាម៉ា?ប្រសិនបើអាស៊ានត្រូវគេគិតថា ជាផ្នែកមួយនៃកេរដំណែលរបស់អូបាម៉ា។ អញ្ចឹងទំនាក់ទំនងទ្វេភាគីអាចត្រូវកាត់បន្ថយ និងមិនដំណើរការទៅមុខក្រោមរដ្ឋបាលរបស់លោក ត្រាំ ទេ»។
លោក អេ អ៊ីប្រាហ៊ីម អាល់ម៉ូតតាគី (A. Ibrahim Almuttaqi) ជានាយកកម្មវិធីសិក្សា សា្រវជ្រាវអាស៊ាននៃមជ្ឈមណ្ឌល Habibie Center បានថ្លែងថា៖
«ផលប៉ះពាល់នៃទំនាក់ទំនងអាស៊ាន អាមេរិករយៈពេលមួយឆ្នាំបន្ទាប់ពីកិច្ចប្រជុំកំពូល ត្រូវធ្វើឡើងនៅលើទឹកដីអាមេរិកជាលើកដំបូងនោះ បានធ្វើឲ្យមានជាកង្វល់ពេល លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីរួចទៅហើយ។ មនុស្សតិចតួចដែលបានរំពឹងទុកថាលោកដូណាល់ ត្រាំអាចក្លាយជាប្រធានាធិបតីនៃលោកសេរី។ ហើយដោយ គ្មានការសង្ស័យនោះ សេចក្តីថ្លែងការណ៍របស់លោកជាច្រើន បទបញ្ជាលោកជាច្រើន ហើយសូម្បីតែឥរិយាបទរបស់លោក បានធ្វើឲ្យតំបន់ធ្លាក់ចូលទៅក្នុងភាពស្មុគស្មាញ ហើយ។ គេបានគិតថាកិច្ចប្រជុំកំពូលលើទឹកដីអាមរិកគឺជាការបញ្ជាក់មួយថា ទំនាក់ទំនងអាមេរិកអាស៊ានអាចនៅតែកើនខ្លាំង ហើយភាគីទាំងពីរយល់ថាបានប្តេជ្ញាស្មើគ្នាចំពោះកិច្ចប្រឹងប្រែងនេះ។ តែជាអកុសល យើងពិតជាមិនទាន់ដឹងច្បាស់ គ្រប់គ្រាន់ នៅឡើយថា តើគោលនយោបាយការបរទេសរបស់ ត្រាំ នឹងដំណើរការទៅជាយ៉ាងណា»។
បើតាមការអះអាងរបស់លោកស្រី ស៊ីហូកុ ហ្គោតុ (Shihoko Goto) អ្នកស្រាវជ្រាវនៃ អង្គការតាក់តែងគោលនយោបាយ ឬ មជ្ឈមណ្ឌល Woodrow Wilson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថាមានការផ្លាស់ប្តូរចំពោះប្រទេសអាស៊ានមុនពេលសហរដ្ឋអាមេរិកមានគោលនយោបាយថ្មី។
«នៅពេលគេគិតពីអាស៊ី គេពិតជាគិតអំពីអាស៊ីខាងកើត។ ការណ៍នេះមានន័យថា ប្រទេសចិន គឺជាក្តីបារម្ភ ជាដៃគូប្រជែងផ្នែកពាណិជ្ជកម្ម ជាអ្នកប្រកួតប្រជែងខាងវិស័យយោធាផងដែរ។ ប៉ុន្តែជាមួយគ្នានេះ រដ្ឋបាលលោក ដូណាល់ ត្រាំកំពុងផ្តោតការយកចិត្តទុកដាក់លើប្រទេសមហាអំណាចអាស៊ីដូចជាជប៉ុននិងកូរ៉េខាងត្បូងផងដែរ។ ស.រ.អា មើលឃើញថា ប្រទេសកូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ធំមួយ។ ស.រ.អាពិតជាមិនយកចិត្តទុកដាក់លើប្រទេសអាស៊ានដ៏ទៃបានច្រើនដូចជារដ្ឋបាលលោកអូបាម៉ា បានធ្វើទេ»។
លោកស្រីថ្លែងដូច្នេះដោយយោងទៅលើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ជីម ម៉ាទីស (Jim Mattis) ទៅកាន់ប្រទេសអាស៊ីពីរដែលជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លារបស់អាមេរិកជាយូរអង្វែងមកហើយ គឺប្រទេសជប៉ុន និងកូរ៉េខាងត្បូងដំណាលគ្នា ដែលប្រទេសអាស៊ានផ្សេងៗងាកទៅរកការធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសចិន។ លោកស្រីអះអាងថា ជាការល្អដែរដើម្បីឲ្យតំបន់អាស៊ាននិងប្រទេសអាស៊ានពង្រឹងខ្លួនឯង។
«មានឱកាសច្រើនណាស់សម្រាប់ប្រទេសអាស៊ានក្នុងការសំឡឹងមើលប្រភពជាច្រើនទាក់ទងនឹងសន្តិសុខ ក៏ដូចជាការផ្តួចផ្តើមគំនិតឲ្យមានការរីកលូតលាស់។ ខ្ញុំគិតថាវាជា ឱកាសសម្រាប់ប្រទេសអាស៊ានក្នុងការធ្វើឲ្យប្រទេសរីកលូតលាស់»។
ឱកាសរបស់ប្រទេសចិនកាន់តែកើនឡើងក្នុងពេលអាមេរិកមិនទាន់សម្រេចចិត្តច្បាស់ ចំពោះតំបន់អាស៊ាន។ ទោះជារដ្ឋបាលលោក ត្រាំ មិនទាន់បញ្ជាក់ថានឹងបន្តទំនាក់ ទំនង ឬ បង្កើនទំនាក់ទំនងជាមួយអាស៊ានក្តី តែក្រុមអ្នកវិភាគខ្លះចាត់ទុកថាអាស៊ានជាតំបន់ដែលមានសក្តានុពល ដែលថាប្រសិនបើសហរដ្ឋអាមេរិកមិនបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរនោះ នឹងជៀសមិនផុតពីការទុកឱកាសឲ្យចិនមានប្រៀបកាន់តែខ្លាំងទេ។
លោក អេ អ៊ីប្រាហ៊ីម អាល់ម៉ូតតាគីនៃមជ្ឈមណ្ឌល Habibie Center ថ្លែងថា ក្រុងប៉េកាំងនឹងឆ្លៀតឱកាសក្នុងពេលរដ្ឋបាលលោកដូណាល់ ត្រាំកំពុងរៀបចំ រដ្ឋបាល និងគោលនយោបាយការបរទេសលម្អិតរបស់លោក។
«ក្រុងប៉េកាំងប្រាកដជាមិនបាត់បង់ពេលវេលាណាមួយក្នុងការព្យាយាមទាញយកផលប្រយោជន៍ពេញលេញពីភាពច្របូកច្របល់និងគ្មានសណ្តាប់ធ្នាប់ដែលចេញពីរដ្ឋបាលលោក ត្រាំ ទេ។ ជាឧទាហរណ៍ លោក ស៊ី ជីងពីង បានបញ្ជាក់ជំហរចិនថា ជាជើងឯកនៃពាណិជ្ជកម្មសេរី។ ឧទាហរណ៍ផ្សេងទៀត គឺនៅខណៈដែលលោក ត្រាំបានធ្វើឲ្យមានការអន់ចិត្តដល់ប្រទេសអារ៉ាប់និងរដ្ឋដែលកាន់សាសនាឥស្លាមដោយការរើស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែលទៅកាន់ទីក្រុងយេរូសាឡឹម លោក ស៊ី ជីងពីង បានអំពាវនាវឲ្យមានការបង្កើតប្រទេសប៉ាឡេស្ទីន ដោយដាក់យេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន»។
លោកបានបន្តថាតាមខ្លឹមសារដើមថា៖
«ក្នុងន័យនេះ ខ្ញុំគិតថាចិននឹងធ្វើស្រដៀងគ្នានេះដែរក្នុងតំបន់អាស៊ានប្រសិនបើសហរដ្ឋអាមេរិកមិនធ្វើទំនាក់ទំនងជាមួយប្លុកអាស៊ានទេ។ ការណ៍នេះបានកើតឡើងខ្លះហើយដូចជាប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកការពារប្រទេសជាមួយម៉ាឡេស៊ី និងថែមទាំងជាមួយប្រទេសហ្វីលីពីនផងដែរបើទោះជាមានបញ្ហាជម្លោះដែនអធិបតេយ្យជាមួយប្រទេសទាំងនេះក្នុងតំបន់សមុទ្រចិនខាងត្បូងក្តី»។
លោក តាំង ស៊ូ មុន នៃមជ្ឈមណ្ឌលសិក្សាអំពីកិច្ចការអាស៊ាននៅប្រទេសសិង្ហបូរីបាន យល់ឃើញស្រដៀងគ្នា ដោយបានចោទជាសំណួរថាតើសហរដ្ឋអាមេរិក នឹងទុកឲ្យ ចិនបន្តឥទ្ធិពលក្នុងតំបន់ ឬ យ៉ាងណា។
«ទំនាក់ទំនងអាស៊ានជាមួយប្រទេសចិននឹងបន្តរីកចម្រើនតាមធម្មជាតិទោះជាស.រ.អា មានឬគ្មានសកម្មភាព។ បញ្ហាសំខាន់សម្រាប់អ្នកតាក់តែងគោលនយោបាយស.រ.អាគឺថាតើ ក្រុងវ៉ាស៊ីនតោនមានឆន្ទៈដើម្បីសម្រួលឡើងវិញចំពោះទំនាក់ទំនងអាស៊ានដើម្បីបង្កើនឧត្តមភាពក្នុងតំបន់ហើយបញ្ជៀសការលះបង់យុទ្ធសាស្ត្រឲ្យចិនឬយ៉ាងណា»។
លោក បណ្ឌិត ឈាង វណ្ណារិទ្ធិអ្នកវិភាគនយោបាយក្នុងតំបន់បាននិយាយថាសេដ្ឋកិច្ច និងនយោបាយត្រូវដើរជាមួយគ្នា តែលោកឃើញថាស.រ.អាមានការពង្រឹងសន្តិសុខ ខ្លាំងជាងសេដ្ឋកិច្ចមកដល់ពេលនេះ ដោយពុំទាន់គិតអំពីសេដ្ឋកិច្ចនៅឡើយទេ។
«ប៉ុន្តែអ្វីដែលយើងឃើញច្បាស់ផ្នែកសន្តិសុខ គឺស.រ.អានៅតែផ្តោតការយកចិត្តទុកដាក់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយើងនេះ ដោយសារតែកត្តាចិន និងកូរ៉េខាងជើង។ កន្លងទៅលោក ម៉ាទីស (Jim Mattis) រដ្ឋមន្ត្រីការពារជាតិអាមេរិកបានធ្វើទស្សនកិច្ចនៅកូរ៉េ (ខាងត្បូង) នៅជប៉ុន បង្ហាញពីគោលជំហរអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ទាក់ទងនឹងវិស័យសន្តិសុខ។ ក៏ប៉ុន្តែបើយើងមើលពីកំសួលទៅវាខ្សោយជាងសម័យបារ៉ាក់ អូបាម៉ា ហើយតួនាទីអាមេរិកក្នុងតំបន់ក៏វាប៉ះពាល់ច្រើនដែរដោយសារតែធីភីភី (TPP)»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការដែលរដ្ឋបាលលោក ដូណាល់ ត្រាំបាន សម្រេចលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រហៅថាធីភីភីជាមួយ បណ្តាប្រទេសក្នុងតំបន់អាស៊ីដែលជាកេរដំណែលរបស់រដ្ឋបាលលោក អូបាម៉ា។ ទោះជាយ៉ាងណាលោកថាគេពិបាកទស្សន៍ទាយ ហើយប្រទេសអាស៊ានកំពុងរង់ចាំមើលថាតើលោកត្រាំនឹងចូលរួមប្រជុំកំពូលអាស៊ីបូព៌ានិងអាស៊ានកម្រិតណានៅប៉ុន្មានខែ ខាងមុខ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនោះ។
លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំមិនគួរលុបចោលកេរដំណែល (legacy) របស់លោកអូបាម៉ា ដែលបានបង្កើនការជឿទុកចិត្តជាមួយអាស៊ាន និងកិច្ចសហប្រតិបត្តិការផ្សេងៗមានភាពស៊ីជម្រៅនោះទេ។
«ហើយយើងឃើញថាកេរដំណែល (legacy) របស់លោកអូបាម៉ាហ្នឹងគួរតែរក្សាហើយ រដ្ឋាភិបាលថ្មីហ្នឹងគួរតែបន្តនៅគោលនយោបាយធ្វើឲ្យមានតុល្យភាព Rebalancing របស់អូបាម៉ាមកតំបន់អាស៊ី ពីព្រោះថាមិនមែនគ្រាន់តែជាផលប្រយោជន៍តំបន់ទេគឺផលប្រយោជន៍អាមេរិកតែម្តង ផលប្រយោជន៍ជាតិរបស់អាមេរិកព្រោះថាដៃគូពាណិជ្ជកម្មដៃគូវិនិយោគអីគឺនៅក្នុងតំបន់ហ្នឹងទាំងអស់ ហើយបញ្ហាសន្តិសុខក៏ជា បញ្ហាសំខាន់ដែរ។ អញ្ចឹងទេមិនត្រូវប្រលែងតំបន់ហ្នឹងទេ គឺត្រូវនៅបន្តគោលនយោបាយធ្វើឲ្យមានតុល្យភាពរបស់លោកអូបាម៉ាហ្នឹង»។
លោក អាឆ្មាដ រីហ្ស៊ែល ព័ណាម៉ា (Achmad Rizal Purnama) លេខាទូតទី១ នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងប្រាប់VOAថាលោក អូបាម៉ាបានកសាងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសអាស៊ានដល់កម្រិតខ្ពស់។
«រចនាសម្ព័ន្ធដែលត្រូវបានបង្កើតឡើងក្រោមរដ្ឋបាលប្រធានាធិបតី អូបាម៉ាតាមរយៈ ការធ្វើឲ្យមានកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំអាស៊ាននិងអាមេរិកជាពិសេសបន្ទាប់ ពីកិច្ចប្រជុំនៅសាន់នីលែននោះ បានបង្កើតជាវេទិកាសម្រាប់មេដឹកនាំអាស៊ាននិង អាមេរិកដើម្បីពិភាក្សា ក្នុងការឈានទៅទទួលបានគោលដៅរួមរបស់យើង»។
លោកបានបញ្ជាក់ថា ប្រទេសអាស៊ានកំពុងរង់ចាំមើលគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ាន១០ប្រទេសនេះ។
«យើងចង់ឃើញស.រ.អាបន្តទំនាក់ទំនងជាមួយអាស៊ាន ដែលរឿងនេះមិនមែនគ្រាន់តែ ផ្តល់ផលប្រយោជន៍ដល់អាស៊ាននិងប្រទេសក្នុងតំបន់ទេ តែវាផ្តល់ផលប្រយោជន៍ដល់ស.រ.អាផងដែរពីព្រោះ ស.រ.អានិងអាស៊ានមានទំនាក់ទំនងកិច្ចសហការជាច្រើនវិស័យ រួមទាំងកិច្ចសហការផ្នែកសេដ្ឋកិច្ច កិច្ចសហការផ្នែកសន្តិសុខ និងវិធីដែលអាស៊ាន អាមេរិក អាចធ្វើការជាមួយគ្នាដើម្បីធានាសន្តិភាព និងសន្តិសុខ ហើយនឹងស្ថេរភាពតំបន់ផងដែរ»។
កិច្ចប្រជុំនៅរមណីយដ្ឋានលំហែកាយ សាន់នីឡែន ក្នុងសង្កាត់ Rancho Mirage រដ្ឋ California បានចេញជាសេចក្តីថ្លែងការណ៍រួមមួយរវាងលោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា និងមេដឹកនាំអាស៊ានទាំង១០ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរាប់បញ្ចូលទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម សេរីភាពនាវាចរណ៍ ការដោះស្រាយបញ្ហារួមគ្នាដូចជាប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស បញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាសមុទ្រចិនខាងត្បូង ក្រៅពីបញ្ហាពង្រឹងច្បាប់ សេរីភាពនិងបញ្ហាសិទ្ធិមនុស្សជាដើមនោះ។
ប្រទេសអាស៊ានទាំង១០ ជាតំបន់ទីផ្សារសេដ្ឋកិច្ចទី៥ ក្នុងពិភពលោក ដែលមាន ផលិតផលសរុបរួមគ្នារហូតដល់ទៅ ជិត២លានលានកន្លះ។ ប្រទេសទាំង១០មាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ថៃ ហ្វីលីពីន សិង្ហបូរី ម៉ាឡេស៊ី ព្រុយណេ និង វៀតណាម៕