សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានយល់ព្រមលក់ឧបករណ៍បណ្តុះបណ្តាល ដែលមានតម្លៃរហូតដល់៩៥លានដុល្លារដើម្បីគាំទ្រដល់ប្រព័ន្ធកាំជ្រួចការពារប៉ាទ្រីយ៉ុតរបស់កោះតៃវ៉ាន់ ដែលនេះជាអ្វីដែលរដ្ឋាភិបាលក្រុងតៃប៉ិនិយាយថា នឹងជួយពួកគេក្នុងការពារដែនកោះមួយនេះពីការឈ្លានពានរបស់ចិនដីគោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារសហរប្រតិបតិ្តការសន្តិសុខការពារប្រទេសនៃក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ការលក់ដែលត្រូវបានស្នើឡើងនេះ នឹងជួយដល់សមត្ថភាពកាំជ្រួចការពាររបស់តៃវ៉ាន់និងធានាដល់ការត្រៀមខ្លួនរបស់ដែនកោះមួយនេះ ក្នុងការធ្វើប្រតិបត្តិការលើផ្ទៃអាកាស»។
សេចក្តីថ្លែងការណ៍នេះក៏បានបន្ថែមទៀតថា កោះតៃវ៉ាន់ នឹងប្រើប្រាស់ការបណ្តុះបណ្តាលនិងឧបករណ៍ដែលត្រូវបានស្នើឡើងទាំងនេះដើម្បីកំញើញដល់ការគំរាមកំហែងក្នុងតំបន់និងពង្រឹងនូវការការពារមាតុភូមិរបស់ខ្លួន»។
ក្រសួងការបរទេសតៃវ៉ាន់ បានស្វាគមន៍ដល់កិច្ចព្រមព្រៀងលក់អាវុធនេះ ដែលនេះជាការ យល់ព្រមលក់អាវុធលើកទី៣ហើយនៅក្រោមប្រធានាធិបតីអាមេរិកលោក Joe Biden ដោយនិយាយថា អាវុធទាំងនេះ នឹងជួយខ្លួនក្នុងការការពារប្រឆាំងនឹងការបន្តពង្រីកឥទ្ធិពលយោធានិងការបង្កហេតុរបស់រដ្ឋាភិបាលក្រុងប៉េកាំង»។
ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅចំពោះមុខនៃការបន្តពង្រីកផ្នែកយោធានិងការបង្កហេតុរបស់ចិនដីគោកនោះ កោះតៃវ៉ាន់ ត្រូវតែបង្ហាញឲ្យបានពេញលេញនូវការប្តេជ្ញាចិត្តដ៏ខ្លាំងរបស់ខ្លួនដើម្បីការពារខ្លួនឯង»។
«រដ្ឋបាលរបស់យើង នឹងបន្តពង្រឹងនូវស្វ័យការពារ និងសមត្ថភាពប្រយុទ្ធដ៏ខ្លាំងរបស់យើង»។ ក្រសួងការពារជាតិតៃវ៉ាន់និយាយថា កិច្ចព្រមព្រៀងទិញអាវុធនេះ ត្រូវបានរំពឹងថា នឹងចូលជាធរមានក្នុងរយៈពេល១ខែ។
ការទិញអាវុធរបស់កោះតៃវ៉ាន់ចុងក្រោយនេះ កើតមានឡើង ខណៈពេល ដែលដែនកោះមួយនេះ កំពុងតាមដានយ៉ាងដិតដល់ទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលខ្លួន កំពុងរស់នៅក្នុងស្ថានភាពមួយនៃការគំរាមកំហែងជាប្រចាំពីការចូលឈ្លានពានពីប្រទេសចិនដីគោកដ៏ធំនោះ។
ប្រទេសចិន បានចាត់ទុកដែនកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃបូរណភាពទឹកដីរបស់ខ្លួន ហើយបានសន្យាជាច្រើនលើកច្រើនសារថា ខ្លួននឹងដណ្តើមយកដែនកោះមួយនេះនៅថ្ងៃណាមួយបើទោះបីជាត្រូវប្រើកម្លាំងយោធាជាចាំបាច់ក្តី៕
សហរដ្ឋអាមេរិកយល់ព្រមលក់កាំជ្រួចការពារដល់តៃវ៉ាន់ដែលមានទឹកប្រាក់ប្រមាណ៩៥ លានដុល្លារ
វ៉ាស៊ីនតោន —