សហរដ្ឋ​អាមេរិក​បង្ហាញ​កំណត់​ត្រា​សិទ្ធិមនុស្ស​កម្ពុជា​នៅតែ​អាក្រក់​នៅឡើយ

កង​កម្លាំង​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​ឈរ​បាំង​ក្រុម​សហជីព​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ចេញ​ដើរ​ក្បួនដាក់​ញត្តិ អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃ៨ ខែមីនា ឆ្នាំ២០១៩។

របាយការណ៍​ដដែល​ក៏បាន​និយាយ​ពី​ការ​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល​ជាអ្នក​ទោស​នយោបាយ​ក្រោយ​ការ​លើកលែង​ទោស​ បន្ទាប់​ពីការ​បោះឆ្នោត​​ដែល​ក្នុង​នោះ​មានលោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។

របាយការណ៍​ប្រចាំឆ្នាំ​របស់​សរអា​បង្ហាញថា​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​នៅ​តែ​អាក្រក់​សម្រាប់​ឆ្នាំ ២០១៨ ​កន្លងទៅ។ ​នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ របស់​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃពុធ។

នៅក្នុង​របាយ​ការណ៍​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​បញ្ហា​ជាច្រើន​រួមទាំង​ការ​សម្លាប់​ក្រៅ​ច្បាប់ និង​តាម​អំពើចិត្ត ​ការ​បំបាត់​ខ្លួន ​ការ​ធ្វើ​ទារុណកម្ម​ ការ​ចាប់ខ្លួន​តាម​អំពើចិត្ត​ ការ​រំខាន​ដល់​ការ​រស់នៅ​ពលរដ្ឋ​ ដូចជា​ការ​លួច​ស្តាប់​ការសន្ទនា​អំពី​ជីវិត​ឯកជន​តាមប្រព័ន្ធ​ទូរសព្ទ ​និង​អេឡិចត្រូនិក​ ការ​ប្រើប្រាស់​ច្បាប់​បរិហារ​កេរ្តិ៍​ព្រហ្មទណ្ឌ​ចាត់​វិធាន​ការណ៍​លើ​បុគ្គល​ណា​ដែល​ជា​គោលដៅ​ ការ​រឹត​ត្បិត​សេរីភាព​នយោបាយ ការ​រារាំង​មិនឲ្យ​គណបក្ស​ជំទាស់​ចូលរួម​ការ​បោះឆ្នោត​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ អំពើ​ពុក​រលួយ​ដែល​រីក​រាលដាល​ រួមទាំង​ក្នុង​ប្រព័ន្ធ​តុលាការ​ជាដើម

របាយការណ៍​ដដែល​នោះ​បាន​បញ្ជាក់​អំពី​ការ​មិន​ទទួល​បាន​នូវការ​ជំនុំជម្រះ​ទោស​ដោយ​យុត្តិធម៌​ និង​ការ​បដិសេធ​ការ​ជំនុំ​ជម្រះ​ទោស​ ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​សារព័ត៌មាន​ សេរីភាព​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី​ និង​សិទ្ធិ​ជួបប្រជុំ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ជាដើម។ ​

របាយការណ៍​ដដែល​ក៏បាន​និយាយ​ពី​ការ​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល​ជាអ្នក​ទោស​នយោបាយ​ក្រោយ​ការ​លើកលែង​ទោស​ បន្ទាប់​ពីការ​បោះឆ្នោតដែល​ក្នុង​នោះ​មានលោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ ហើយ​ត្រូវ​ដាក់ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​ក្នុងផ្ទះ​របស់​លោក​ ដោយ​អាជ្ញាធរ។

​គេ​មិន​ទាន់ឃើញ​មាន​ប្រតិកម្ម​ពីមន្ត្រី​រដ្ឋាភិបាល​ចំពោះ​របាយ​ការណ៍​ដែល​បង្ហាញ​យ៉ាង​លម្អិតពី​ករណី​នីមួយៗ​នេះ​នៅ​ឡើយ​ទេ៕