រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងស្នើឲ្យមានការយកពន្ធគយលើទំនិញរបស់ចិនដែលមានទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារបន្ថែមទៀត ដែលបណ្ដាលឲ្យសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោកនេះកាន់តែរីកសាយភាយឡើងបន្ថែមទៀត។
អ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលោក Robert Lighthizer កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ បានបង្ហាញអំពីផលិតផលរបស់ចិនជាច្រើនដែលប្រឈមនឹងការយកពន្ធគយថ្មី ដែលក្នុងនោះមានទាំងកាបូបដៃ វ៉ាលី សំបកកង់រថយន្ត សារធាតុគីមី និងត្រីផងដែរ។
ការស្នើឲ្យមានការយកពន្ធគយនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានយកពន្ធគយចំនួន ២៥ ភាគរយលើផលិតផលចិនជាង ៨០០ប្រភេទ ដែលមានទឹកប្រាក់ប្រហែល ៣៤ ពាន់លានដុល្លារអាមេរិក។ រដ្ឋបាលលោក ត្រាំ បានលើកឡើងថា ខ្លួនធ្វើដូច្នេះគឺដោយសារតែប្រទេសចិនបានធ្វើពាណិជ្ជកម្មមិនស្មើភាព និងបានលួចកម្មសិទ្ធិបញ្ញា។ រដ្ឋាភិបាលក្រុងប៉េកាំងបានតបតវិញដោយការយកពន្ធគយក្នុងចំនួនស្មើគ្នាលើទំនិញរបស់សហរដ្ឋអាមេរិក។
លោក Robert Lighthizer បាននិយាយថា៖ «ជាជាងដោះស្រាយបញ្ហាខ្វាយខ្វល់អំពីភាពត្រឹមត្រូវតាមច្បាប់ ប្រទេសចិនបានចាប់ផ្ដើមសងសឹកប្រឆាំងនឹងផលិតផលរបស់សហរដ្ឋអាមេរិក។ មិនមានការបញ្ជាក់ណាមួយថាការធ្វើដូច្នេះត្រឹមត្រូវនោះទេ»។
ប៉ុន្តែ ប្រទេសចិនបានសន្យាថានឹងសងសឹកលើសពីនេះទៅទៀតដើម្បីប្រឆាំងនឹងសំណើរបស់សហរដ្ឋអាមេរិកនៅក្នុងការយកពន្ធគយថ្មីនេះ។ ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីប្រកាសមួយ ដោយបញ្ជាក់ថា ខ្លួនមានការ «ភ្ញាក់ផ្អើល» ចំពោះទង្វើរបស់រដ្ឋាភិបាលអាមេរិក និងបានសន្យាថានឹងចាត់«វិធានការចាំបាច់នានាតបតវិញ» ដើម្បីការពារផលប្រយោជន៍ចម្បងរបស់ចិន៕