​សហរដ្ឋ​អាមេរិក​ប្រកាស​ពី​ការ​ចាប់​ខ្លួន​សមាជិក​ក្រុម​ជន​អន្ធពាល​ MS-13 ជិត៣០០​នាក់

រូបឯកសារ៖ សមាជិក​ក្រុម​ឧក្រិដ្ឋជន​ MS-13 ដែល​គេ​ដាក់​​​នៅ​ពន្ធនាគារ​ក្នុង​ទីក្រុង Zacatecoluca ប្រទេស​អែលសាល់វ៉ាឌ័រ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។

មន្ត្រី​អនុវត្ត​ច្បាប់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​អំពី​ការ​ចាប់​ខ្លួន​សមាជិក​ក្រុម MS-13 ចំនួន​ជិត ៣០០​នាក់។ ក្រុម MS-13 នេះ ជា​ក្រុម​ជន​អន្ធពាល​បង្ក​អំពើ​ហិង្សា​មួយ ដែល​រដ្ឋបាល​របស់​លោក ត្រាំ បាន​សន្យា​ថា​នឹង​កម្ចាត់​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​បង្ក្រាប​ក្រុម​ជន​អន្ធពាល​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ប្រតិបត្តិការ​គោ​ឡើង​ក»។ ប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក​នេះ បាន​បោស​សម្អាត​សមាជិក​ក្រុម MS-13 នេះ​ចំនួន ២១៤ នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​សមាជិក​នេះ​ចំនួន ៥៣ នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ ដែល​ជា​មូលដ្ឋាន​ចម្បង​របស់​ក្រុម​ជន​អន្ធពាល​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អនុវត្ត​ច្បាប់​អាមេរិក។

ប្រតិបត្តិការ​ពីរ​ដំណាក់កាល ដែល​មាន​គោល​បំណង​សំដៅ​លើ​សមាជិក​ក្រុម​ជន​អន្ធពាល MS-13 នេះ និង​បណ្ដាញ​ហិរញ្ញវត្ថុ​សាកលលោក​របស់​ពួកគេ បាន​ចាប់ផ្ដើម​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែ​បាន​បន្ត​រហូត​មក​ដល់​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ បច្ចុប្បន្ន​នេះ។

ដំណាក់កាល​ទី​មួយ​ដែល​មាន​រយៈពេល ១៨ ខែ បាន​បញ្ចប់​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ និង​ចាប់​ខ្លួន​សមាជិក​ក្រុម​ជន​អន្ធពាល​នេះ​បាន​ចំនួន ៥១ នាក់ នៅ​ក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ដំណាក់កាល​ទី​ពីរ​ដែល​ចាប់ផ្ដើម​ប្រតិបត្តិការ​ចាប់​ពី​ថ្ងៃ​ទី ៨ ខែ​តុលា ដល់​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ទទួល​បាន​លទ្ធផល​ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ៕