សហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងតែស្នើឲ្យរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីមួយក្នុងប្រទេសស៊ីរី ត្រឹមខែសីហា។ ប្រទេសទាំង២ក៏បានឯកភាពគ្នាក្នុងការជំរុញឲ្យរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងដោះលែងអ្នកទោសនយោបាយទាំងអស់ ជាពិសេសជនទាំងឡាយណាដែលទន់ខ្សោយ។
បន្ទាប់ពីកិច្ចប្រជុំរយៈពេល៤ម៉ោងក្នុងទីក្រុងមូស្គូ លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានឯកភាពគ្នាថា សហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីគឺជាឧបករណ៍ដ៏សំខាន់ក្នុងការសម្រេចបាននូវការអនុវត្តបទឈប់បាញ់នៅក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាមនោះ។ លោក Kerry បានមានប្រសាសន៍ថា លោកដឹងអំពីការបំពានទៅលើបទឈប់បាញ់នេះ ប៉ុន្តែការបំពានទាំងនេះត្រូវបានតាមដានយ៉ាងប្រុងប្រយ័ត្ន។
លោក Kerry និងលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បានធ្វើសន្និសីទសារព័ត៌មានរួមមួយកាលពីថ្ងៃព្រហស្បតិ៍នៅវិមានក្រឹមឡាំង បន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេលយូរបានបញ្ចប់។
មានការមិនឯកភាពគ្នាមួយចំនួន ប៉ុន្តែទាំងលោក Kerry និងលោក Lavrov បានធានាដល់អ្នកសារព័ត៌មានថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងបន្ថែមទៀតក្នុងប្រទេសស៊ីរី បង្កើនជំនួយមនុស្សធម៌ និងដំណើរការអន្តរកាលនយោបាយដ៏ពិតប្រាកដមួយនៅស៊ីរី។
នៅពេលអ្នកសារព័ត៌មានអាមេរិកម្នាក់នៅក្នុងសន្និសីទសារព័ត៌មាននោះបានសួរថាតើលោកគិតថាសហរដ្ឋអាមេរិកគឺជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មឬក៏ជាផ្នែកមួយនៃបញ្ហានេះ លោក Lavrov បានមានប្រសាសន៍ថា លោកជឿថា សហរដ្ឋអាមេរិកបានជួយបង្កើតស្ថានភាពមួយដែលបង្កជាអំពើភេរវកម្មក្នុងប្រទេសអាហ្វហ្គានីស្ថាន លីប៊ី និងប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា។ លោក Lavrov បាននិយាយថា អ្នកនយោបាយនាពេលបច្ចុប្បន្នមួយចំនួននៅអាមេរិកក៏និយាយយ៉ាងដូច្នេះដែរ។
ចំណែកលោក Kerry វិញបានថ្កោលទោសទៅលើដៃគូរបស់រុស្ស៊ីគឺលោកប្រធានាធិបតីស៊ីរី Bashar al-Assad ចំពោះសង្រ្គាមដែលបានកើតឡើងរយៈពេល៥ឆ្នាំក្នុងប្រទេសស៊ីរី ហើយលោកក៏បានមានប្រសាសន៍ថា លោក Putin នាពេលបច្ចុប្បន្ននេះ បានសម្រេចដកកងកម្លាំងមួយចំនួនចេញពីប្រទេសស៊ីរី ដោយសារលោកបានបង្កើតអំណាចជាថ្មីម្តងទៀតឲ្យលោក Assad តាមរយៈការជួយអន្តរាគមន៍នោះ៕