ភ្លាមៗបន្ទាប់ពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងឧស្សាហកម្មកាត់ដេរ ត្រូវបានដំឡើងដល់ ១៧០ដុល្លារក្នុងមួយខែ សហគមន៍អន្តរជាតិធំៗពីរ បានបញ្ជាក់ឲ្យដឹងជំហរក្នុងការការពារសិទ្ធិកម្មករ និងបន្តឲ្យលើកទឹកចិត្តការបង្កើតសហជីព ដែលជាការជ្រើសរើសដោយកម្មករខ្លួនឯងនៅតាមរោងចក្រ។
មេដឹកនាំស្ថានបេសកកម្មការទូតរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានស្នើឲ្យមានការបើកទូលាយដល់សកម្មភាពបង្កើតសហជីព និងបន្តការពារសិទ្ធិកម្មករនៅក្នុងឧស្សាហកម្មកាត់ដេរ ក្រោយពីរដ្ឋាភិបាលកម្ពុជាប្រកាសដំឡើងប្រាក់ឈ្នួលឲ្យដល់១៧០ដុល្លារ។ នេះបើតាមសេចក្តីប្រកាសដែលចេញផ្សាយដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានាថ្ងៃចន្ទនេះ។
ការស្នើរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heitd និង លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបត្រូវបានសាទរដោយមេដឹកនាំសហជីពដែលមិនរណបថៅកែរោងចក្រកាត់ដេរនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ឲ្យដឹងថា លោក William Heitd និង លោក George Edgar បានជួបពិភាក្សាជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារអំពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសកម្ពុជា និងដៃគូអន្តរជាតិរបស់កម្ពុជា ក្នុងកិច្ចការពារសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបញ្ជាក់ក្នុងន័យដើមថា៖
«ឯកអគ្គរដ្ឋទូតទាំងពីរបានលើកឡើងពីបញ្ហានានាស្តីពីសិទ្ធិកម្មករ ដែលមានសារៈសំខាន់ដល់ម្ចាស់ម៉ាក ឬយីហោធំៗ និងរដ្ឋាភិបាលប្រទេសទាំងពីរ។ ពួកគាត់បានបញ្ជាក់ឡើងវិញពីភាពចាំចាច់នៃការធ្វើឲ្យបានប្រសើរនូវអនុសាសន៍ជាច្រើនរបស់អង្គការពលកម្មអន្តរជាតិ (International Labor Organization) ដែលបានផ្តោតការយកចិត្តទុកដាក់លើសិទ្ធិកម្មករ ដើម្បីឲ្យពួកគេជ្រើសរើសសហជីពដោយខ្លួនឯង ចុះបញ្ជីសហជីពតាមដំណើរការត្រឹមត្រូវ និងតម្លាភាព និងដោះស្រាយវិវាទការងាររួម ទៅតាមពេលវេលាជាក់លាក់ និងប្រកបដោយតម្លាភាព»។
សេចក្តីប្រកាសដដែលរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបន្តថា៖
«ពួកគេបានលើកទឹកចិត្តរដ្ឋាភិបាលឲ្យពិគ្រោះយោបល់ជាមួយ អង្គការពលកម្មអន្តរជាតិ និងដៃគូផ្សេងទៀត នៅមុនការបង្ហើយសេចក្តីព្រាងនានា នៅក្នុងបញ្ហាទាំងនេះ ដើម្បីធ្វើឲ្យប្រាកដថា សេចក្តីព្រាងទាំងនោះឆ្លុះបញ្ចាំងនិយាមអន្តរជាតិទាំងឡាយ»។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកក៏បានបញ្ជាក់ឲ្យដឹងពីកិច្ចស្វាគមន៍ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៨។ លោកឯកអគ្គរដ្ឋទូត William Heitd បានកត់សម្គាល់ថា ជាច្រើនឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយដៃគូអន្តរជាតិជាច្រើន បានបង្កើនទំនុកចិត្តច្រើនគួរសមនៃម្ចាស់ម៉ាកធំៗ ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីទាញផលិតផលចេញពីកម្ពុជា។ លោកបានបន្តថា ការកែប្រែដែលចេះតែបន្តក្នុងបញ្ហាសិទ្ធិមនុស្សមានភាពចាំបាច់ដើម្បីរក្សាកម្រិតបច្ចុប្បន្នសម្រាប់ការចូលទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងការទទួលបានការជឿជាក់ពីអ្នកបញ្ជាទិញអាមេរិកាំង។
ឧស្សាហកម្មកាត់ដេរកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាស្ត្រីប្រមាណ៧០០.០០០នាក់។ តាមតួលេខចុងក្រោយរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅបរទេសគិតជាទឹកប្រាក់ប្រមាណជាង៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ កន្លងទៅ។
VOA ព្យាយាមសុំការអធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃចន្ទនេះ។ យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះបានប្រាប់អង្គភាពព័ត៌មាន ដែលជិតស្និតនឹងរដ្ឋាភិបាល Fresh News កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប នឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា។
ទោះជាយ៉ាងណា វីអូអេមិនអាចសុំការបញ្ជាក់ពីមន្ត្រីអាមេរិកថា តើការលើកឡើងរបស់មន្ត្រីកម្ពុជាអំពីការបញ្ជាទិញបន្ថែមនេះជាការណ៍ពិតឬយ៉ាងណាទេ។
ទោះយ៉ាងណាក៏ដោយ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការជ្រើសរើសតំណាងកម្មករ ដើម្បីការពារប្រយោជន៍កម្មករ និងដោះស្រាយបញ្ហាប្រឈមនៅក្នុងឧស្សាហកម្មកាត់ដេរ បានក្លាយជាក្តីបារម្ភមួយ ដែលទាមទារឲ្យមន្ត្រីក្រសួងការងារធ្វើការកែសម្រួល។
«ឧបមាថា គាត់ចង់កែប្រែលក្ខខណ្ឌការងារក្នុងរោងចក្ររបស់គាត់។ ឧទាហរណ៍អីចឹង។ ចឹងឥឡូវហ្នឹងនៅក្នុងច្បាប់សហជីពហ្នឹង និយាយឲ្យចំទៅគេ អត់មានបានផ្តល់សិទ្ធិសេរីភាពឲ្យកម្មករហ្នឹង ទៅពឹងពាក់សហជីព ដែលផ្សេងពីសហជីព ដែលផ្សេងពីសហជីពដែលមានភាពជាតំណាងបំផុតទេ ពីព្រោះនៅក្នុងច្បាប់ហ្នឹង និយាយឲ្យចំ គេតម្រូវឲ្យកម្មករនិយោជិតហ្នឹង គឺពឹងពាក់សហជីពណា ដែលមានភាពជាតំណាងបំផុតនៅក្នុងរោងចក្រ។ ចុះបើអាសហជីពដែលមានភាពជាតំណាងបំផុតក្នុងរោងចក្រហ្នឹង គឺគាត់មាននិន្នាការគាំទ្រក្រុមហ៊ុនហ្នឹង គាំទ្ររោងចក្រហ្នឹង អីចឹងកម្មករគ្រាន់តែចង់កែប្រែលក្ខខណ្ឌតូចតាចមួយ ដូចជាបន្ទប់ទឹក ដូចជាអីផ្សេងៗហ្នឹង គឺកែ ក៏កែអត់បានដែរ ពីព្រោះកម្មករគាត់បាត់បង់សិទ្ធិហ្នឹង»។
កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មការប្រឹក្សាការងារ (Labor Advisory Commission) ដែលមានភាគីនិយោជក សហជីព និងរដ្ឋាភិបាល បានបោះឆ្នោតជាឯកច្ឆ័ន្ទកំណត់យកប្រាក់ឈ្នួលអប្បបរមាចំនួន១៦៥ដុល្លារ ហើយដោយមានការបន្ថែមពីភាគីរដ្ឋាភិបាលចំនួន៥ដុល្លារ ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ បានកើនដល់ចំនួន ១៧០ដុល្លារ ក្នុងមួយខែ។
ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះកើតមានឡើង នៅចំពេលដែលកម្ពុជាកំពុងមានបញ្ហារកាំរកូសជាមួយសហរដ្ឋអាមេរិក ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវគេដឹងថា បានបើកយុទ្ធនាការបង្ក្រាបអង្គភាពព័ត៌មានឯករាជ្យ និងអង្គការដែលធ្វើការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគាំទ្រដោយសហរដ្ឋអាមេរិក។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ប្រាប់ VOA ក្រោយការប្រកាសការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីថា ក្រសួងការងារមិនមានសិទ្ធិបកស្រាយលើស្ថានភាពល្អក់កករនៃទំនាក់ទំនងអាមេរិក និងកម្ពុជានោះទេ។
«រឿងនេះ ខ្ញុំមិនអត្ថាធិប្បាយទេ ព្រោះមិនមែនជាភារកិច្ចរបស់ក្រសួងការងារទេ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលបានចូលរួមក្នុងការបោះឆ្នោតដំឡើងប្រាក់ឈ្នួលអប្បបរមានោះ ថ្លែងគាំទ្រចំពោះប្រាក់ឈ្នួលថ្មីនេះ ហើយបានអំពាវនាវឲ្យអ្នកនយោបាយខ្មែរស្វែងរកច្រកបញ្ចប់ជម្លោះ និងស្តារទំនាក់ទំនងកម្ពុជាជាមួយប្រទេសលោកខាងលិចឡើងវិញ ប្រយោជន៍ដើម្បីរក្សាសិ្ថរភាពក្នុងឧស្សហកម្មកាត់ដេរនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកចេញផ្សាយនៅថ្ងៃចន្ទនេះក៏បានបញ្ជាក់ឲ្យដឹងដែរថា សហរដ្ឋអាមេរិក និងប្រទេសសមាជិកសហភាពអឺរ៉ុបនាំចូល៦៥ភាគរយនៃទំនិញកម្ពុជា៕