ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីចិនលោក Xi Jinping នៅឯរមណីយដ្ឋានកំសាន្ត Mar-a-Lago របស់លោកនៅក្នុងរដ្ឋ Florida នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ។
ជំនួបរយៈពេល ២ ថ្ងៃរបស់មេដឹកនាំទាំងពីរនឹងផ្ដោតលើបញ្ហាកូរ៉េខាងជើង និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការគំរាមកំហែង និងការដាក់ទណ្ឌកម្មនានា ដែលរួមមានទាំងការកាត់ផ្ដាច់នូវការនាំចូលធ្បូងថ្មនាពេលថ្មីៗនេះរបស់ប្រទេសចិនផងដែរ ក៏នៅតែបរាជ័យក្នុងការបង្អាក់ដល់គោលបំណងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្នុងការក្លាយជាមហាអំណាចនុយក្លេអ៊ែរដដែល។
លោក Trump បាននិយាយថា ប្រសិនបើចិនមិនដោះស្រាយបញ្ហាកូរ៉េខាងជើងទេ សហរដ្ឋអាមេរិកនឹងដោះស្រាយ។
លោក Trump បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Financial Times ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស យ៉ាងដូច្នេះថា៖ «ប្រទេសចិនមានឥទ្ធិពលខ្លាំងក្លាលើប្រទេសកូរ៉េខាងជើង។ ហើយចិនអាចសម្រេចថាតើនឹងជួយសហរដ្ឋអាមេរិក ឬក៏មិនជួយ។ ហើយប្រសិនបើចិនមិនជួយ វានឹងមិនល្អសម្រាប់ប្រទេសណាៗទាំងអស់»។
អ្នកជំនាញនានារបស់សហរដ្ឋអាមេរិក បានព្រមានថា កូរ៉េខាងជើងគ្រោងនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ របស់ខ្លួន។ រដ្ឋាភិបាលក្រុងតូក្យូបានហៅការសាកល្បងគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងកាត់ពីលើសមុទ្រជប៉ុនកាលពីខែកុម្ភៈកន្លងទៅនេះថាជាបញ្ហា «ដែលមិនអាចអត់ឱនឲ្យបាន»៕