ក្រោយការចេញរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានបង្ហាញពីវឌ្ឍនភាពតិចតួចក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្រុមមន្ត្រីនៃស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ បានជួបពិភាក្សាជាមួយក្រុមមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាលើការប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋកម្មមួយនេះ។
ក្នុងជំនួបមួយកាលពីថ្ងៃទី៩ ខែសីហា អ្នកស្រី Aleks Zittle អនុប្រធានស្តីទីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានជួបប្រជុំពិភាក្សាផ្លាស់ប្តូរព័ត៌មានលើការអនុវត្តច្បាប់រួមគ្នារវាងកម្ពុជា អាមេរិក។ អ្នកស្រី Zittle ក៏បានឱ្យដឹងពីបំណងក្នុងធ្វើការជាមួយដៃគូក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងលើការស៊ើបអង្កេត និងការកាត់ទោសជនល្មើសជួញដូរ និងកិច្ចការផ្សេងទៀត ក្នុងនោះគឺការបង្កើនកិច្ចសហការប្រឆាំងនឹងសកម្មភាពឆបោកតាមបណ្តាញអ៊ីនធឺណិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ។
អ្នកស្រី Zittle ត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «យើងចង់ធ្វើការជាមួយដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងលើការកំណត់អត្តសញ្ញាណ ការស៊ើបអង្កេត និងការកាត់ទោសជនល្មើសជួញដូរ ពង្រឹងការការពារជនរងគ្រោះ និងទប់ស្កាត់នូវការជួញដូរមនុស្ស ព្រមទាំងបង្កើនកិច្ចសហការប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងតាមទីកន្លែងប្រព្រឹត្តសកម្មភាពទាំងនោះ ដែលបានរីកសាយភាយទាំងនៅក្នុងតំបន់ និងជុំវិញសាកលលោក បង្កឱ្យមានជនរងគ្រោះជាលក្ខណៈសាកល រួមទាំងសហរដ្ឋអាមេរិក។
ជំនួបរវាងអ្នកស្រី Aleks Zittle និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង កើតឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញរបាយការណ៍ចុងក្រោយមួយស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ ឬទប់ស្កាត់ការជួញដូរមនុស្សដែលនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3។ ចំណាត់ថ្នាក់នេះត្រូវបានដាក់មកលើប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។
បើតាមរបាយការណ៍ដែលចេញផ្សាយជាសាធារណៈកាលពីខែមិថុនាឆ្នាំ២០២៤ ប្រតិបត្តិការឆបោកអនឡាញស្ថិតនៅក្នុងចំណុចស្នូលនៃការវាយតម្លៃស្តីពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។ អំពើពុករលួយ និងការពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលក៏ត្រូវបានរាប់បញ្ចូលក្នុងការវាយតម្លៃចំណាត់ថ្នាក់កម្រិតទី៣នៃការ រីកចម្រើនតិចតួចទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកស្រី ជូ ប៊ុនអេង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ប្រាប់វីអូអេថា ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកតែងប្រកាសអំពីការផ្តល់កិច្ចសហការ និងការគាំទ្រប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប៉ុន្តែបែរជាផ្តល់ថវិកាទៅឱ្យអង្គការសង្គមស៊ីវិល មិនផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏មិនទាន់យល់អំពីរបៀបនៃការវាយតម្លៃលើស្ថានភាពនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដោយសារក្រោយការសហការរវាងប្រទេសទាំងពីរដើម្បីឆ្លើយតបនឹងអំពើឧក្រិដ្ឋកម្មនេះ កម្ពុជានៅតែបន្តទទួលបានចំណាត់ថ្នាក់ទាបក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
អ្នកស្រីថ្លែងថា៖ «បើតាមយើងដឹងគឺសហរដ្ឋអាមេរិកបានគេហៅថា ផ្តល់ថវិកាមួយចំនួន ដែលគាត់ចាត់ទុកថា ជាថវិកាជួយមកការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ ប៉ុន្តែថវិកាទាំងអស់ហ្នឹងមិនបានឱ្យមករដ្ឋាភិបាលទេ អ៊ីចឹងប្រើប្រាស់តាមគម្រោងរបស់អង្គការមិនមែនរដ្ឋាភិបាល។ អ៊ីចឹងដែលកន្លងមក យើងតែងតែសួរថា តើកិច្ចសហប្រតិបត្តិការដែលខាងសហរដ្ឋអាមេរិកព្យាយាមនៅក្នុងការនិយាយអំពីកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា តើរូបភាពបែបណា? ពីព្រោះរៀងរាល់ឆ្នាំ ការវាយតម្លៃបន្ទាប់ពីថា បង្កើនកិច្ចសហការ ការគាំទ្រ ឬបំពេញចន្លោះខ្វះខាត បែរជាវាធ្លាក់លេខ»។
ទោះយ៉ាងណា អ្នកស្រីថា ភាគីកម្ពុជានៅបន្តរង់ចាំមើលថា តើនឹងមានការសហការយ៉ាងណាទៀត នៅពេលខាងមុខ ក្រោយជំនួបកាលពីថ្ងៃទី៩សីហា។
ក្នុងការចាត់ថ្នាក់កម្ពុជានៅកម្រិត ៣ ឬ Tier 3 របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងអំពីការពាក់ព័ន្ធរបស់មន្ត្រីកម្ពុជាខ្លះនៅក្នុងសកម្មភាពដែលមានទំនាក់ទំនងនឹងការជំរុញឱ្យមានការជួញដូរ តួយ៉ាងនៅក្នុងអំពើឧក្រិដ្ឋឆបោកតាមបណ្តាញអ៊ីនធឺណិត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា កម្ពុជាទទួលបានចំណាត់ថ្នាក់ Tier 3 ជាច្រើនឆ្នាំមកហើយ ដែលបានបង្កផលប៉ះពាល់លើមុខមាត់រដ្ឋាភិបាល។ លោកថា ដំណាលគ្នានេះក៏មានសេចក្តីរាយការណ៍មួយចំនួនអំពីការឆបោកតាមប្រព័ន្ធអនឡាញ ហើយប្រទេសខ្លះដូចជាឥណ្ឌា ក៏បានបង្ហាញក្តីបារម្ភចំពោះបញ្ហានេះ។
លោកបន្ថែមថា អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតកំពុងក្លាយជាការបង្អាក់ដំណើររបស់ទេសចរបរទេសចូលមកទស្សនាប្រទេសកម្ពុជា ហើយក៏បានធ្វើឱ្យវិនិយោគិនរារែក ក្នុងការមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
បើតាមលោក អំ សំអាត រដ្ឋាភិបាលកម្ពុជាគួរមានការឆ្លើយតបឱ្យបានហ្មត់ចត់លើអំពើឆបោកតាមប្រព័ន្ធអនឡាញដែលជារូបភាពថ្មីមួយនៃការប្រព្រឹត្តអំពើជួញដូរមនុស្សតាមបច្ចេកវិទ្យាទំនើប ហើយដែលកំពុងធ្វើឱ្យប្រទេសមួយចំនួនព្រមានពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរមកប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ទីមួយ គឺប៉ះពាល់ទៅដល់មុខមាត់នៃប្រទេសកម្ពុជាយើង។ ទីពីរ គឺទាក់ទងជាមួយនឹងភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទេសចរណ៍នៅប្រទេសកម្ពុជា។ ទីបី គឺការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទីបួនគឺទាក់ទងនឹងសន្តិសុខ សុវត្ថិភាពសម្រាប់កម្ពុជាយើងផងដែរ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងទៀតថា អាជ្ញាធរកម្ពុជាគួរតែទទួលបានការបណ្តុះ បណ្តាលជំនាញដែលអាចបង្ក្រាបបទល្មើសបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ ហើយជនដែលប្រព្រឹត្តបទល្មើស ទោះជាមន្ត្រីមានឋានៈបែបណាក៏ត្រូវតែទទួលការផ្តន្ទាទោស ហើយមន្ត្រីអនុវត្តច្បាប់ត្រូវនៅឱ្យឆ្ងាយពីសកម្មភាពជួញដូរមនុស្ស ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការស៊ើបអង្កេត និងទប់ស្កាត់បទល្មើស។
តាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ការបន្តទទួលបានកម្រិត ៣ ក្នុងកិច្ចខិតខំលុបបំបាត់ និងទប់ស្កាត់ការជួញដូរមនុស្ស ធ្វើឱ្យកម្ពុជាដែលស្ថិតក្នុងកម្រិតទាបបំផុតនេះខាតប្រយោជន៍មួយចំនួន។
ផលប្រយោជន៍មួយចំនួនដែលកម្ពុជានឹងខាតបង់ គឺសហរដ្ឋអាមេរិកនឹងមិនផ្តល់ជំនួយខ្លះដែលមិនជាប់ពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ និងពាណិជ្ជកម្ម ហើយមូលនិធិខ្លះដែលផ្តល់ឱ្យមន្ត្រីរដ្ឋាភិបាលដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរសិក្សា និងវប្បធម៌អាចត្រូវបានដកមករក្សាទុកវិញ។ ធនាគារ ពហុភាគី និងមូលនិធិរូបិយវត្ថុអន្តរជាតិអាចច្រានចោលប្រាក់កម្ចី ឬការប្រើប្រាស់ផ្សេងៗទៀតនៃស្ថាប័នមូលនិធិនានាចំពោះប្រទេសដែលគេចាត់ចូលកម្រិត៣ វៀរលែងតែកិច្ចការមនុស្សធម៌ កិច្ចការពាក់ព័ន្ធពាណិជ្ជកម្ម និងជំនួយដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាក់ស្តែង៕