ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកប្រធានាធិបតី Donald Trump មិនបានរារាំងលោកស្រីមិនឲ្យរិះគន់ប្រទេសរុស្ស៊ីនោះទេ។
លោកស្រីបានបញ្ជាក់ប្រាប់ទូរទស្សន៍ ABC News ថា៖ «លោកប្រធានាធិបតីមិនដែលហៅខ្ញុំទៅប្រាប់ថា «កុំរិះគន់ប្រទេសរុស្ស៊ី» នោះទេ ហើយក៏មិនដែលប្រាប់ខ្ញុំថាគួរតែនិយាយយ៉ាងម៉េចនោះដែរ។ ខ្ញុំកំពុងតែរិះគន់ប្រទេសរុស្ស៊ី»។
លោកស្រី Haley បានលើកឡើងថា ការដែលប្រទេសរុស្ស៊ីដណ្ដើមយកតំបន់ឧបទ្វីប Crimea របស់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ និងការដែលរដ្ឋាភិបាលក្រុងមូស្គូបន្តគាំទ្រដល់យុទ្ធជនដែលមានទំនោរទៅរកប្រទេសរុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនដើម្បីវាយប្រយុទ្ធជាមួយនឹងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន គឺជារឿងដែលខុសឆ្គង។
លោកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «នៅពេលដែលរុស្ស៊ីធ្វើខុស ខ្ញុំគ្មានបញ្ហាក្នុងការរិះគន់រុស្ស៊ីនោះទេ។ លោកប្រធានាធិបតី Trump មិនដែលជំទាស់នឹងខ្ញុំទេក្នុងការធ្វើយ៉ាងណាឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះ»។
កន្លងមក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នានារបស់សហរដ្ឋអាមេរិក បានធ្វើការសន្និដ្ឋានថា រដ្ឋាភិបាលក្រុងមូស្គូ ដោយមានបញ្ជាពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដើម្បីជួយលោក Trump ឲ្យយកឈ្នះលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ៕