ឯកអគ្គរដ្ឋទូត​ស.រ.អា​នឹង​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុងកិច្ច​ប្រជុំ​ថ្នាក់​តំបន់​ពាក់ព័ន្ធ​នឹង​ទន្លេ​មេគង្គ

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក William A. Heidt ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។ (អ៊ិត សូធឿត/VOA)

គម្រោងគំនិត​ផ្តួចផ្តើម​នៅតំបន់​មេគង្គ​ក្រោម ​(LMI) ​ដើម្បី​ជួយ ដល់​ប្រទេស​ក្នុង​មហាអនុ​តំបន់​មេគង្គនេះ​ គឺជា​គំរោង​ដែល​ត្រូវបាន​ផ្តួចផ្តើម​ឡើង​ដោយ​លោកស្រី អតីត​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​Hillary Clinton ​និងជា​បេក្ខជន​ប្រធានាធិបតី​សរអា ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ ឡាវ ​ភូមា ​ថៃ ​និង​វៀតណាម ​ក្នុងការ​កាត់បន្ថយ​គំលាត​គ្នា​ផ្នែក អភិវឌ្ឍន៍ ​ហើយ​ជំរុញ​សមាហរណកម្ម ​នៅក្នុងអាស៊ាន។

ដំណាល​គ្នា​ដែលមាន​គណប្រតិភូ​មកពី​ស.រ.អា​និង​បណ្តា​ប្រទេស​ជា​សមាជិក​នៃគម្រោង​គំនិត​ផ្តួចផ្តើម នៅតំបន់​ទន្លេមេគង្គ ​ត្រូវជួប​ប្រជុំគ្នា​ក្នុង​ប្រទេស​កម្ពុជា​ លោក ​ឯកអគ្គរដ្ឋទូត​ស.រ.អា​ប្រចាំ​កម្ពុជា William A. Heidt​ នឹងថ្លែង​សុន្ទរកថា​ក្នុង​ពិធីបើក​កិច្ចប្រជុំ​លើកទី៩​ស្តីពីគម្រោង​គំនិត​ផ្តួចផ្តើម​នៅ​តំបន់ មេគង្គក្រោម​ (LMI) ​និងមិត្ត​នៅតំបន់​មេគង្គ​ក្រោម ​(FLM)​ នៃក្រុម​ការងារ​ថ្នាក់តំបន់ ​នៅថ្ងៃទី​ ១៩ ខែតុលា​នេះ។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស.រ.អា។

សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃនេះ​ក៏បាន​បញ្ជាក់ថា​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​កម្ពុជា​ក្នុង​សណ្ឋាគារ​ ប្រណិត​មួយ​ក្នុងរាជ​ធានី​ភ្នំពេញ​នៅថ្ងៃ​ទី១៩ ​តុលានេះ ​នឹងមាន​ការចូលរួម​ពីប្រទេស​នានា​ដូច​ជា​ឡាវ ​ភូមា​ ថៃ​ និង​វៀតណាម។​ ហើយ​គម្រោង​គំនិត​ផ្តួចផ្តើម​នៅតំបន់​មេគង្គ​ក្រោម ​(LMI) ​ដើម្បី​ជួយ ដល់​ប្រទេស​ក្នុង​មហាអនុ​តំបន់​មេគង្គនេះ​ គឺជា​គម្រោង​ដែល​ត្រូវបាន​ផ្តួចផ្តើម​ឡើង​ដោយ​លោកស្រី អតីត​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​Hillary Clinton ​និងជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ ឡាវ ​ភូមា ​ថៃ ​និង​វៀតណាម ​ក្នុងការ​កាត់បន្ថយ​គំលាត​គ្នា​ផ្នែក អភិវឌ្ឍន៍ ​ហើយ​ជំរុញ​សមាហរណកម្ម ​នៅក្នុងអាស៊ាន។

នៅក្នុង​កិច្ចប្រជុំ​លើក​ទី ៩ ​នៃក្រុម​ការងារ​តំបន់​នៃ ​FLM និង ​LMI ​សមាជិក​នឹង​ផ្តោតការ​យកចិត្ត​ទុក​ដាក់​ទៅលើ​ការ​អនុវត្តន៍​ភាពជា​ដៃគូ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​និរន្តភាព ​ដែល​ជាទំរង់​កម្មវិធី ផ្តើមឡើង​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ រដ្ឋមន្រ្តី​ស្តីពី​គម្រោង​ LMI ​នៅខែ​កក្កដា ​ឆ្នាំ​ ២០១៦​ ហើយ​ដែលគាំទ្រ​ដោយ ​FLM ។

ភាពជា​ដៃគូ​នេះផ្តោត​ទៅលើ​ការ​សំរប​សំរួល​ការខិតខំ​ដើម្បី​ជួយ​បណ្តា​រដ្ឋាភិបាល ​នៅក្នុង​តំបន់ មេគង្គ​ក្រោម ​ក្នុងការ​រៀបចំ ​និង​គ្រប់គ្រង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា។​ សមាជិក​ LMI ​និង​FLM នឹង​ពិភាក្សា​ផងដែរ​ពីអាទិភាព​ផ្នែក​នយោបាយ ​និងផ្នែក​កម្មវិធី ​នៅពេល​ជិតដល់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី និងកិច្ច​ប្រជុំ​របស់​មន្រ្តី​ជាន់ខ្ពស់​អាស៊ាន៕