សហរដ្ឋ​អាមេរិក​​ប្រាប់​ប្រទេស​បារាំង​ជាមុន​ពីការ​វាយ​ប្រហារ​តាមប្រព័ន្ធ​កុំព្យូទ័រ​ដោយ​​ប្រទេស​រុស្ស៊ី​ក្នុង​អំឡុង​ការ​បោះឆ្នោត

ប្រធានាធិបតី​ជាប់ឆ្នោត​បារាំង​លើក​ដៃ​ពេល​បាន​ទទួល​ជ័យជម្នះ​នៅ​ខាងក្រៅសារមន្ទី Louvre ក្នុង​ទីក្រុង​ប៉ារីសកាល​ពី​ថ្ងៃទី ០៧ ឧសភា ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ព័ត៌មាន​ដល់​ពួក​មន្រ្តី​បារាំង​ថា ​រុស្ស៊ី​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​បារាំង​ក្នុង​អំឡុង​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​មុនពេលដែល​ការ​វាយ​ប្រហារតាម​ប្រព័ន្ធ​កុំព្យូទ័រ​នោះ ​បាន​ដឹង​ជាសាធារណៈ ​នេះ​តាមការ​បញ្ជាក់​ពី​មន្រ្តី​សន្តិសុខ​ជាតិ​អាមេរិក​ម្នាក់​ដែល​បាន​ប្រាប់​សភា​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​ឧត្តម​នាវី Mike Rogers នាយក​ទីភ្នាក់​ងារ​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​កសិណសាក្សី​មុខ​គណៈ​កម្មា​ធិការសេវាកម្ម​អាវុធ​របស់​ព្រឹទ្ធសភា​អាមេរិក​ថា «យើង​បាន​ដឹងពី​សកម្ម​ភាព​របស់​រុស្ស៊ី។ យើង​បាន​និយាយ​ទៅ​កាន់​សមភាគី​បារាំង​របស់​យើង​ហើយ​បាន​ផ្តល់​ព័ត៌មាន​ដល់​ពួកគេ​ជាមុន‍»។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​សហរដ្ឋ​អាមេរិក​បាន​ស្នើសុំ​ជួយ​មន្រ្តី​បារាំង។

គណៈកម្មការ​រៀប​ចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បារាំង ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍សប្តាហ៍​មុន​ថា «ទិន្នន័យ​យ៉ាង​ច្រើនដែល​ទិន្នន័យ​ខ្លះ​ទំនង​ជា​ក្លែងក្លាយ​បាន​លេចធ្លាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​បន្ទាប់​ពីការ​វាយតាម​ប្រព័ន្ធ​កុំព្យូទ័រលើយុទ្ធ នាការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតីរបស់​លោក Emmanuel Macronបេក្ខជន​កណ្តាល​និយម។

​ការ​លេចធ្លាយ​ព័ត៌មាន​នេះ​បាន​កើត​មាន​ឡើង​៣៦​ម៉ោង​មុនពេល​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី២​របស់​បារាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​លោក Macron ​បាន​ផ្តួល​លោកស្រី Marine Le Pen ​បេក្ខជន​ស្តាំ​និយម។

មន្រ្តី​រៀប​ចំ​ការ​បោះឆ្នោត​បារាំង​បាន​និយាយថា ការ​លេចធ្លាយទិន្នន័យ​នេះ​ទំនង​បាន​កើត​មាន​ឡើងពី​ប្រព័ន្ធកុំព្យូទ័រ​និង​ខ្ទង់​គណនី​អ៊ីមែល​របស់​លោក Macron ​ហើយ​នឹង​ពួក​អ្នកចាត់​ចែង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោតខ្លះ​របស់​លោក។

លោក Rogers បាន​ប្រៀប​ធៀប​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រទៅលើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រប​ស់​លោក Macron ទៅ​នឹងការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណៈកម្មាធិការជាតិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​អ្នក​ជំនួយ​ការ​ជិតស្និទ្ធ​របស់​លោកស្រី Hillary Clintonបេក្ខជន​ប្រធានា​ធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​ដែល​លោក​ដូណាល់ ​ត្រាំ​បាន​ទទួល​ជ័យ​ជម្នះ។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ​បាន​សន្និដ្ឋាន​ថា ​ពួកគេ​មាន​ភស្តុតាង​ថា​ ប្រទេស​រុស្ស៊ី​ជាអ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ៕