នាវាផ្ទុកយន្តហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានទៅដល់ទីក្រុងដាណាងភាគកណ្តាលវៀត ណាមកាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលក្រុងហាណូយបានតវ៉ាប្រឆាំងនឹងវត្តមានកប៉ាល់ចិនដែលបានបើកបរនៅក្នុងផ្ទៃទឹករបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការចូលចតរបស់នាវាផ្ទុកយន្តហោះ USS Ronald Reagan នៅកំពង់ផែដាណាងកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងវៀតណាមប្រារព្ធខួបលើកទី១០ឆ្នាំនៃ«ភាពជាដៃគូគ្រប់ជ្រុងជ្រោយ»របស់ប្រទេសទាំង២។
នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយនៃកងនាវាទី៧របស់សហរដ្ឋអាមេរិកដែលធ្វើសកម្មភាពដើម្បី«គាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ»បានទៅដល់ដោយមាននាវា២គ្រឿងអមគឺនាវា USS Antietam និង USS Robert Smalls បំពាក់ទៅដោយកាំជ្រួចមីស៊ីល។ នេះបើតាមការប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងហាណូយ។
ពួកមន្ត្រីសហរដ្ឋអាមេរិកបានចុះពីនាវាហើយចាប់ដៃជាមួយទាហានវៀតណាមនៅក្នុងពិធីដ៏ខ្លីមួយកាលពីថ្ងៃអាទិត្យថ្ងៃត្រង់ម្សិលមិញ។
លោកវរនាវីឯក Daryle Cardone ដែលបញ្ជានាវា USS Ronald Reagan បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ទាហានជើងទឹកជាង៥០០០នាក់នៅលើនាវា USS Ronald Reaganអន្ទះសារចង់ទស្សនាទីក្រុងដាណាងនិងចង់ឃើញវប្បធម៌របស់វៀតណាម»។
វៀតណាមនិងសហរដ្ឋអាមេរិកមានការទាក់ទងពាណិជ្ជកម្មកាន់តែជិតស្និទ្ធនិងការព្រួយកង្វល់ដូចគ្នាអំពីកម្លាំងកាន់តែកើនឡើងរបស់ចិននៅក្នុងតំបន់។
នាវាស្រាវជ្រាវក្រោមបាតសមុទ្រ នាវាឆ្មាំការពារដែនសមុទ្រជាច្រើនគ្រឿងនិងទូកនេសាទរបស់ចិនបានធ្វើប្រតិបត្តិការអស់ជាច្រើនសប្តាហ៍នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមនៅក្នុងសមុទ្រចិនខាងត្បូងដែលបណ្តាលឱ្យមានការទាមទារឱ្យនាវាទាំងនោះចាកចេញដោយក្រសួងការបរទេសវៀតណាម។
នាវាទាំងនោះនៅទីបំផុតបានចាកចេញកាលពីដើមខែមិថុនា។
ចិនបានទាមទារផ្ទៃទឹកដែលសម្បូរដោយធនធានស្ទើរតែទាំងអស់ ថ្វីបើមានការទាមទារប្រកួតប្រជែងគ្នាពីប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ហ្វីលីពីននិងម៉ាឡេស៊ីផងដែរ៕