សហ​រដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា ​អនាគត​អាហ្វហ្គានីស្ថាន​មិន​ល្អ​ទេ​

ក្រុម​តាលីបង់​​កំពុង​យាម​​ល្បាត​ក្រុង Kunduz ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

សមត្ថភាព​យោធា​របស់​សហ​រដ្ឋ​អាមេរិក​ពី​ចម្ងាយគួប​ផ្សំ​នឹង​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ទំនង​ជា​មិន​អាច​ប្រៀប​ធៀប​ជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​បន្ត​ប្រយុទ្ធ​ឈ្នះ​កងទ័ព​រដ្ឋាភិបាល​ដែល​មាន​ការគាំទ្រ​ផ្នែក​អាវុធ​ប្រសើរ​ជាង​ ហើយ​មាន​កម្លាំង​ច្រើន​ជាង​ ក្នុងការ​ព្យាយាម​ដណ្តើម​កាន់​កាប់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​ទេ។​

ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ហៅ​ស្ថានការណ៍​នៅ​លើ​សមរភូមិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ថា​ «ជា​ការ​ព្រួយ​កង្វល់​ដ៏​ខ្លាំង» ដោយ​បាន​លើក​ពី​ការ​ចូលកាន់​កាប់​របស់​ក្រុម​តាលីបង់​នៅ​ទីរួម​ខេត្ត​ចំនួន​៥​ក្នុង​រយៈ​ពេល​៧២​ម៉ោង ​ជា​បញ្ហា​ដែល​មិន​មែន​មិន​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​មន្ត្រី​នៅ​ឯ​មន្ទីរ​បច្ចកោណនោះ​ទេ។​

លោក​ John Kirby ​អ្នក​នាំពាក្យ​មន្ទីរ​បច្ចកោណ​បាន​សារ​ភាព​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​ប្រទេស​អាហ្វហ្គានីស្ថាន​«ច្បាស់​ណាស់​ថា នឹង​មិន​មាន​អនាគត​ល្អ​នោះ​ទេ»។ ​លោក​និយាយ​ទៀត​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក ​Lloyd Austin​ បាន​បង្ហាញ​ការ​ព្រួយ​កង្វល់​នេះ​ប្រាប់​សហគមន៍​អន្តរជាតិ។ ​

លោក ​Kirby ​បាន​បន្ថែម​ថា ​«លោក​រដ្ឋមន្ត្រី​បន្ត​ជឿ​ថា ​កងកម្លាំង​អាហ្វហ្គានីស្ថាន​មាន​សមត្ថ​ភាព។ ​ពួកគេ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​លើ​សមរភូមិ»។​

ក៏​ប៉ុន្តែ​ជំនឿ​ទុកចិត្ត​នេះ​ រហូត​មក​ទល់​ពេល​នេះ ​មិន​អាច​ទប់​ទល់​ការវាយ​ប្រហារ​របស់​ក្រុម​តាលីបង់​ដែល​បាន​រុញច្រាន​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​កាន់តែ​ខ្លាំង​ឡើងៗ​នោះទេ។​

មន្រ្តី​អាមេរិក​ម្នាក់​បាន​ប្រាប់​វីអូអេ​ថា « ការ​វាទី​ដែល​ពួកតាលីបង់​បានអនុញ្ញាត​ឱ្យ​ពួកគេ​ប្រមូល​បានឧបករណ៍​ និងបានដោះលែង​អ្នកទោសដែល​មាន​ឥទ្ធិពល​លើ​ការ​ពង្រីក​អំណាច​យោធា​របស់​ពួកគេ»។ ​មន្ត្រី​នេះ​បាន​និយាយ​ដូច្នេះ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ដោយសារ​វាជា​ព័ត៌មាន​រសើប។​

សហ​រដ្ឋ​អាមេរិក​បាន​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ពង្រឹង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ដោយ​ដំបូងឡើយ​វាយ​ប្រហារ​តាម​អាកាស​លើឧបករណ៍ ​និង​យានយន្ត​ដែល​ត្រូវ​បាន​លួច​ហើយ​រុញច្រាន​ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់៕