លោក Chuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិស.រ.អា.និយាយថា កងទ័ពអាមេរិកកំពុងពន្លឿនបេសកកម្មការបណ្តុះបណ្តាលនិងបេសកកម្មទីប្រឹក្សាយោធារបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់ នៅពេលដែលកងកម្លាំងនៅទីនោះបន្តប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនេះ។
លោករដ្ឋមន្ត្រីការពារប្រទេស Chuck Hagel និយាយថា កងទ័ពបានចល័តកងយោធាខ្លះនៃកងកម្លាំងប្រតិបត្តិការណ៍ពិសេសរបស់ស.រ.អា.នៅក្នុងប្រទេសអ៊ីរ៉ាក់ចូលទៅក្នុងបេសកកម្មដំបូងៗជាមួយកងកម្លាំងអ៊ីរ៉ាក់ នៅក្នុងខេត្តAnbar ដែលមានបញ្ហាច្រើននោះ។
«វាដូចជាការបន្តបេសកកម្ម ពន្លឿនបេសកកម្មក្នុងការរៀបចំសម្រាប់ការបណ្តុះបណ្តាល និងការបំពាក់សម្ភារៈ ហើយនិងកិច្ចការផ្សេងៗទៀត ដែលយើងត្រូវធ្វើដើម្បីចាប់ផ្តើមប្រតិបត្តិការ»។
លោករដ្ឋមន្ត្រីការពារប្រទេស Chuck Hagel និយាយថា កងទ័ពបានចល័តកម្លាំងចូលទៅក្នុងខេត្ត Anbar ក្នុងពេលពីរបីថ្ងៃកន្លងទៅនេះ។ លោកនិយាយថា លោកឧត្តមសេនីយ៍ Lloyd Austin មេបញ្ជាការនៃកងកម្លាំងអាមេរិកនៅមជ្ឈឹមបូព៌ាបានផ្តល់អនុសាសន៍ដល់ការប្រឹងប្រែងនេះ៕
ក្រសួងការបរទេសអាមេរិកនិយាយថា កងទ័ពអាមេរិកមានផែនការបណ្តុះបណ្តាលកងពលតូចចំនួន១២ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់។ កងពលតូចចំនួន៩នៃកងពលតូចទាំង១២នេះគឺជាកងពលរបស់កងសន្តិសុខអ៊ីរ៉ាក់ រីឯកងពលចំនួន៣ទៀតគឺជាកងកម្លាំងរបស់ពួកKurd៕
លោកពិន ស៊ីសុវណ្ណប្រែសម្រួល