លោក​សម រង្ស៊ី​សង្ឃឹម​លើ​ឥទ្ធិពល​ថ្នាក់​តំបន់​ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ

លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ។

បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ពីក្រៅ​ប្រទេស​វិញ​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សុទិដ្ឋិ​និយម​ថា​ បណ្តា​មេដឹក​នាំ​នៃ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​នឹង​អាច​ជួយ​ទម្លុះទម្លាយ​វិបត្តិ​នយោបាយ​ក្រោយ​ពីការ​បោះឆ្នោត​បាន។​

លោក​ សម រង្ស៊ី​ មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីចុង​ខែ​កញ្ញា​បាន​ចាកចេញ​ទៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ដើម្បីស្វែង​រក​ការ​អន្តរាគមន៍​ពី​មេដឹក​នាំ​នៃ​ប្រទេស​ទាំង​នោះ​ឱ្យជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​បាន​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត។​

មិនមាន​ព័ត៌មាន​ជាក់​លាក់​ណាមួយ​ថា​លោក​ សម រង្ស៊ី​បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​មួយ​ពិត​ប្រាកដ​ទេ​ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​លោក​សម រង្ស៊ី​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ខ្លី​ក្នុង​ប្រទេស​សឹង្ហបុរី។​

ក្រោយ​ពីបាន​ទស្សន​កិច្ច​នៅ​ឯក្រៅ​ប្រទេស​ចំនួន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះលោក​ សម រង្ស៊ី​បាន​បញ្ជាក់​ថា​មេដឹក​នាំ​នៃ​បណ្តា​ប្រទេស​ទាំង​នោះបាន​អះអាង​ពី​ផល​វិជ្ជមាន​ថា​នឹង​អាច​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ក្នុង​ខណៈ​ពេល​ដែល​លោក​សម​ រង្ស៊ី​ បាន​ចូល​រួម​ដាក់​បិណ្ឌ​និង​សួរ​សុខ​ទុក្ខប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​កំពង់​ចាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​លោកបាន​បញ្ជាក់​ដោយ​មិន​បង្ហាញ​ឈ្មោះ​មេដឹក​នាំ​ប្រទេស​ណា​នោះ​ថា​មេដឹក​នាំ​នៃ​ប្រទេស​នោះ​បាន​សន្យា​ថា​និង​រក​ដំណោះ​ស្រាយ​ឱ្យបាន​សមរម្យ​ដែល​អាច​ទទួល​យក​បាន​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ សម​ រង្ស៊ី​មិន​បាន​បញ្ជាក់​លម្អិត​ថាតើ​ដំណោះ​ស្រាយ​នោះ​និង​ឈរ​លើ​បញ្ហា​អ្វី​ខ្លះ​ទេ​ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា៖«​វិជ្ជមាន​ត្រូវ​តែ​គោរព​រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​តែមាន​គណបក្សទាំង​ពីរ​ចូល​ក្នុង​រដ្ឋសភា​ គណបក្ស​សង្គ្រោះជាតិ​ចូល​ក្នុង​រដ្ឋសភា។ ​ទាល់​តែមាន​ការ​ធានា​ថា​យើង​ចូល​ទៅ​ហ្នឹង​យើង​ធានា​មាន​តុល្យភាព។ កុំឱ្យជញ្ជីង​វា​ផ្អៀង​ទៅ​ម្ខាង»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​មុន​បើក​សម័យ​ប្រជុំ​សភា​ដំបូង​កាល​ពី​ថ្ងៃទី​២៣​ខែកញ្ញា​បាន​ចរចាគ្នា​ចំនួន​ពីរ​លើក​តែការ​ចរចា​នេះ​មិន​បាន​សម្រេច​លទ្ធផល​អ្វី​ដែល​ត្រូវ​បាន​ទម្លាយ​ចេញ​ជាសាធារណៈ​ទេ។​

គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​មក​បាន​និយាយ​ថា​ខ្លួន​ចង់​កាន់​កាប់​តំណែង​ប្រធាន​រដ្ឋសភា​និង​គណៈ​អចិន្ត្រយ៍​និង​គណៈកម្មការ​មួយ​ចំនួន​នៃ​រដ្ឋសភា​និង​ទុក​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​កាន់​កាប់​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល។​

បើទោះ​បី​ជា​មាន​ការ​ទាមទារពី​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ណាក៏​ដោយ​ក៏រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤ខែកញ្ញា​បាន​បោះ​ឆ្នោត​ជា​កញ្ចប់​តែង​តាំង​ស្ថាប័ន​រដ្ឋសភា​និង​រដ្ឋាភិបាល​ក្នុង​ពេល​តែមួយ​ហើយ​ស្ថាប័ន​ទាំង​អស់​នេះ​បាន​កាន់​កាប់ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ការ​តវ៉ា​ដដែល​ដើម្បី​ស្វែង​រក​តុល្យភាព​នៃ​អំណាច។​

លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ទ្វារ​សម្រាប់​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​បើក​ចំហ​ដដែល។​លោក​បាន​បញ្ជាក់​ថា​ជំហរ​របស់​គណបក្ស​កាន់​អំណាច​នៅ​តែ​ចង់​ឱ្យមាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ។​

លោក​បាន​និយាយ​ថា៖​«គណបក្ស​ប្រជាជន​នៅ​តែ​មាន​ជំហរ​ដដែល ​នៅ​តែត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជា​ដែ​គូ​ក្នុង​ការ​ធ្វើ​ឱ្យការ​អភិវឌ្ឍន៍​គ្រប់​វិស័យ​ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ជូន​ដល់​មហាជន»។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុន​នេះ​នឹង​រៀបចំ​សមាជ​មហាជន​មួយ​នៅ​ទីលានប្រជាធិបតេយ្យ​ដើម្បី​ស្នើ​សុំ​យោបល់​ប្រជា​ពលរដ្ឋ​ដែល​ជាម្ចាស់​សន្លឹក​ឆ្នោត​ថា​តើ​គួរ​តែ​សម្រេច​បែប​ណា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាហើយ​នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​ខាង​មុខ​នេះ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ជាលើក​ទីបី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត។​

លោក​ ផៃ​ ស៊ីផាន​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃទី​២៣​ខែតុលា​តទៅ​លោក​សង្ឃឹមថានឹង​ទទួល​បាន​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សារ​ជាថ្មី​ទៀត​ថា​តើ​នឹង​ចង់​ទាមទារ​អ្វី​ពិត​ប្រាកដ៕