អ្នកសង្កេតការណ៍ជាច្រើនយល់ឃើញថា ការបោះឆ្នោតនេះគឺជាការធ្វើប្រជាមតិមិនត្រឹមតែទៅលើលោកប្រធានាធិបតី Donald Trump ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើទំនាក់ទំនងថ្មីរបស់សហរដ្ឋអាមេរិកជាមួយនឹងពិភពលោកទៀតផង។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឲ្យដឹងថា ការប្រយុទ្ធដើម្បីគ្រប់គ្រងនយោបាយនៅក្នុងសភាអាមេរិកបានជំរុញឲ្យអ្នកបោះឆ្នោតជាច្រើនកាន់តែមានភាពរំជើបរំជួលឡើង។
អ្នកដែលបានចុះឈ្មោះបោះឆ្នោតចំនួនជិត ៧៥ ភាគរយ បាននិយាយថា ពួកគេផ្ដោតការយកចិត្តទុកដាក់ទៅលើថាតើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងទាំងលើរដ្ឋសភា និងលើព្រឹទ្ធសភាបានបន្តទៀតឬក៏យ៉ាងណានោះ។
គណបក្សប្រជាធិបតេយ្យត្រូវតែឈ្នះអាសនៈឲ្យបាន ២៣ បន្ថែមទៀតដើម្បីមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា និងអាសនៈចំនួន ២ បន្ថែមទៀតដើម្បីឲ្យពួកគេអាចគ្រប់គ្រងស្ថាប័នព្រឹទ្ធសភាបាន។
ការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតភាគច្រើន ក្នុងចំនួនប្រហែលជិត ៦០ ភាគរយ និយាយថា ការលើកឡើងផ្សេងៗរបស់លោក Trump កន្លងមក នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ពួកគេនៅក្នុងការបោះឆ្នោតនេះ។
ជារួម អ្នកចុះឈ្មោះបោះឆ្នោតចំនួន ៣៧ ភាគរយ និយាយថា ពួកគេនឹងបោះឆ្នោតប្រឆាំងនឹងលោក Trump ចំណែកឯអ្នកចុះឈ្មោះបោះឆ្នោត ២៣ ភាគរយ ថា ពួកគេនឹងបោះឆ្នោតបង្គ្រប់កិច្ចឲ្យលោក Trump។
អ្នកចុះឈ្មោះបោះឆ្នោតផ្សេងទៀតក្រៅពីនេះ បាននិយាយថា ការលើកឡើងផ្សេងៗរបស់លោក Trump នឹងមិនជះឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេទេ។
នៅក្នុងកម្មវិធីទាន់ហេតុការណ៍របស់ VOA ជាមួយនឹងលោកស្រី Greta Van Susteren អ្នកជំនាញនយោបាយនានាបានប្រាប់លោក Jim Malone អ្នកយកព័ត៌មានរបស់ VOA ថា ចរិតក្រអឺតក្រទមរបស់លោក Trump គឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់ការបោះឆ្នោតខាងមុខនេះ។
លោក Michael Steele អតីតប្រធានគណៈកម្មាធិការជាតិនៃគណបក្សសាធារណរដ្ឋ បាននិយាយថា៖ «ជាទូទៅ អ្នកបោះឆ្នោតឯករាជ្យតែងតែងាកទៅគាំទ្រគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីនេះ ហេតុដូច្នេះហើយបានជាគណបក្សសាធារណរដ្ឋតែងតែទទួលបានសំឡេងភាគច្រើន ជាពិសេសនៅក្នុងតំបន់ណាដែលគណបក្សប្រជាធិបតេយ្យហាក់ដូចជាមានមូលដ្ឋានគាំទ្ររឹងមាំ។ ប៉ុន្តែ ឥឡូវនេះ អ្នកបោះឆ្នោតឯករាជ្យទាំងនោះកំពុងងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យវិញ ដែលនេះហើយគឺជាបញ្ហា»។
តើមូលហេតុអ្វីដែលបណ្ដាលឲ្យមានការប្រែប្រួលដូចនេះ?
លោក Michael Steele បានបញ្ជាក់ថា៖ «វាគឺអាស្រ័យលើលោកប្រធានាធិបតី Trump ទាំងស្រុង។ វាមានលក្ខណៈផ្ទាល់ខ្លួនដូច្នេះ ដោយសារតែលោក Trump ធ្វើឲ្យទៅជាដូច្នេះ។ ឥឡូវនេះ អ្នកបោះឆ្នោតនឹងបោះឆ្នោតអាស្រ័យលើការសម្ដែងឡើងរបស់បេក្ខជនប្រកួតប្រជែងនីមួយៗនៅក្នុងការបោះឆ្នោតខាងមុខនេះ»។
លោក Dutch Ruppersberger សមាជិករដ្ឋសភាប្រចាំរដ្ឋ Maryland ខាងគណបក្សប្រជាធិបតេយ្យ មានការព្រួយបារម្ភចំពោះការបដិសេធរបស់លោក Trump នៅក្នុងការទទួលយកការជួយជ្រោមជ្រែងពីសម្ព័ន្ធមិត្តអាមេរិកនានានៅលើពិភពលោក។
លោក Dutch Ruppersberger និយាយដូច្នេះថា៖ «យើងកំពុងបាត់បង់ទំនាក់ទំនងរបស់យើងជាមួយនឹងបណ្ដាប្រទេសនានានៅលើពិភពលោក ជាពិសេសនៅទ្វីបអឺរ៉ុប។ យើងធ្លាប់ត្រូវបានគេចាត់ទុកថាជាប្រទេសនាំមុខគេ។ ប្រទេសផ្សេងៗបានមករកយើងដើម្បីធ្វើពាណិជ្ជកម្ម ដើម្បីការការពារ ដើម្បីសន្តិសុខជាតិ ដើម្បីការគាំទ្រផ្នែកយោធាជាដើម។ ប៉ុន្តែឥឡូវនេះ គឺវាផ្ទុយស្រឡះពីលើកមុនហើយ ដោយសារតែគោលនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក»។
បណ្ដាប្រទេសភាគច្រើននៅតំបន់អាមេរិកឡាទីនមានការព្រួយបារម្ភអំពីបញ្ហាអន្តោប្រវេសន៍។ នេះបើតាមការបញ្ជាក់របស់លោក Gilberto Cabrera នៃ VOA។
លោក Gilberto Cabrera និយាយដូច្នេះថា៖ «លោកប្រធានាធិបតី Trump បានសន្យាថានឹងសាងសង់ជញ្ជាំងព្រំដែន ហើយលោកបាននិយាយថា ប្រទេសម៉ិកស៊ិកជាអ្នកចំណាយថវិកាសម្រាប់ការសាងសង់នេះ។ ករណីនេះគឺវាមិនអាចទៅរួចនោះទេ។ ប្រសិនបើគណបក្សប្រជាធិបតេយ្យអាចគ្រប់គ្រងយ៉ាងហោចណាស់សភាណាមួយនៃសភាទាំងពីរថ្នាក់នៅក្នុងសហរដ្ឋអាមេរិកនេះ នោះឱកាសនៃការសាងសង់ជញ្ជាំងព្រំដែននេះ ប្រហែលជាកាន់តែតូចជាងឱកាសដែលគណបក្សសាធារណរដ្ឋមាននាពេលបច្ចុប្បន្ននេះទៅទៀត»។
ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញថា ចំណាប់អារម្មណ៍របស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកលើកនេះ គឺមានកម្រិតខ្ពស់ជាងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិប្រធានាធិបតីនានានៅក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។
ប៉ុន្តែការស្ទង់មតិនេះបានបង្ហាញថា ភាពរំជើបរំជួលរបស់អ្នកបោះឆ្នោតគឺមានកម្រិតខ្ពស់ក្នុងចំណោមអ្នកដែលគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលក្នុងនោះមានចំនួន ៦៧ ភាគរយ បើប្រៀបធៀបជាមួយនឹងអ្នកបោះឆ្នោតគាំទ្រគណបក្សសាធារណរដ្ឋដែលមានចំនួន ៥៩ ភាគរយ៕
ប្រែសម្រួលដោយ ហេង រស្មី