សាកល​វិទ្យាល័យ Oxford សិក្សា​ស្រាវជ្រាវ​លើ​ប្រសិទ្ធភាព​នៃ​ឱសថ Hydroxychloroquine សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩

រូបភាព​បង្ហាញ​ពី​ដប​ដាក់ថ្នាំ Hydroxychloroquine ក្នុង​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ​២០២០។ ​

បុគ្គលិក​ផ្នែក​សុខាភិបាល​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​ចក្រភព​អង់គ្លេស​គឺ​ជា​អ្នក​ចូលរួម​ដំបូង​គេ​នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដើម្បី​សាកល្បង​ថ្នាំ​គ្រុនចាញ់​ឈ្មោះ Chloroquine និង Hydroxychloroquine ដើម្បី​ឱ្យ​ដឹង​ថា​តើ​ឱសថ​ទាំង​ពីរ​នេះ​អាច​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល និង​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​ឬ​ក៏​អត់។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ​ដឹក​នាំ​ដោយ​សាកល​វិទ្យាល័យ Oxford និង​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែ​ឧសភា។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​នឹង​ធ្វើ​ការ​សាកល្បង​លើ​បុគ្គលិក​ផ្នែក​សុខាភិបាល​ជួរ​មុខ​ចំនួន ៤ ម៉ឺន​នាក់ នៅ​ក្នុង​ទ្វីប​អឺរ៉ុប ទ្វីប​អាហ្វ្រិក ទ្វីប​អាស៊ី និង​ទ្វីប​អាមេរិក​ខាង​ត្បូង ដោយ​នៅ​ក្នុង​នោះ មន្ទីរពេទ្យ​នៅ​ចក្រភព​អង់គ្លេស​ចំនួន ២៥ កន្លែង​ចូលរួម​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ។

បុគ្គលិក​ផ្នែក​សុខាភិបាល​ទាំង​អស់ ដែល​មិន​ឆ្លង​ជំងឺ​កូវីដ១៩ អាច​ចូលរូម​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ «COPCOV» នេះ​បាន។

បុគ្គលិក​ផ្នែក​សុខាភិបាល​នៅ​ចក្រភព​អង់គ្លេស​នឹង​ប្រើ​ថ្នាំ Hydroxychloroquine ឬ​ក៏ placebo ចំនួន ៣ ខែ។ ចំណែក​នៅ​ក្នុង​ទ្វីប​អាស៊ី​វិញ ពួកអ្នក​ចូលរួមនឹង​ប្រើ​ថ្នាំ Chloroquine ឬ​ក៏ Placebo។

ការ​កើន​ឡើង​នូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​ថ្នាំ​នេះ បាន​កើត​ឡើង បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចាប់​ផ្តើម​សរសើរ​ឱសថ​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ខែ​មេសា។

កាលពី​ដើម​សប្តាហ៍​ទី ៣ នៃ​ខែ​ឧសភា លោក Trump បាន​ប្រកាស​ថា​លោក​បាន​ប្រើ​ថ្នាំ​នេះ​ជា​ឱសថ​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩។

ទោះបីជា​រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ឱសថ​នេះ​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ស្ថានការណ៍​មួយ​ចំនួន​នៅ​តាម​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ក៏​ដោយ ក៏​រដ្ឋបាល​នេះ​មិន​បាន​យល់​ព្រម​ឱ្យ​ប្រើ​ឱសថ​នេះ​នៅ​ក្រៅ​គ្លីនិក​នោះ​ទេ ដោយសារតែ​វា​អាច​ប៉ះពាល់​ដល់​សង្វាក់​បេះដូង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​សហរដ្ឋ​អាមេរិក​នេះ។

ទោះបីជា​ភស្តុតាង​ពី​មន្ទីរពិសោធន៍​បង្ហាញ​នូវ​សេចក្តី​សង្ឃឹម​អំពី​ឱសថ​នេះ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ ក៏​ដោយ ក៏​លទ្ធផល​ទាំង​នេះ​មិន​ទាន់​អាច​សម្រេច​យក​ជា​ការ​បាន​នៅ​ឡើយ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​បង្កើត​ឱ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​អន្តរជាតិ​ដោយ​ហ្មត់ចត់​នេះ​ឡើង។

លោក Nicholas White ដែល​ជា​សាស្ត្រចារ្យ​នៃ​សាកល​វិទ្យាល័យ Oxford និង​ជា​អ្នក​ស្រាវជ្រាវ​ចម្បង​មួយ​រូប​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​បាន​ដឹង​ឲ្យ​ប្រាកដថា ថ្នាំ Chloroquine ឬ​ក៏​ថ្នាំ Hydroxychloroquine នេះ មាន​ផលល្អ ឬ​ក៏​ផល​អាក្រក់​នោះ​ទេ​ទាក់ទិន​នឹង​ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

ចំណាប់​អារម្មណ៍​ចំពោះ​ការ​ព្យាបាល​បែប​បង្ការ​ជា​មុន​សម្រាប់​ជំងឺ​កូវីដ១៩ នេះ មាន​ការ​កើន​ឡើង ស្រប​ពេល​ដែល​ការ​ប្រឹង​ប្រែង​បង្កើត​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​កំពុង​បន្ត​ធ្វើ។

លោក Martin Llewelyn ដែល​ជា​សាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ Brighton and Sussex និង​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ជាមួយ​នឹង​លោក Nicholas White បាន​បញ្ជាក់​ថា៖ «ថ្នាំ​វ៉ាក់​សាំង​មួយ​ដែល​មានសុវត្ថិភាព​និងមាន​ប្រសិទ្ធិភាព​ដែល​អាច​មាន​សម្រាប់​មនុស្ស​ទូទៅ​គឺ​ប្រហែល​ជា​នៅ​ត្រូវការ​ពេល​វេលា​យូរ​បន្ថែម​ទៀត​ដើម្បី​បង្កើត។ ប្រសិន​បើ​ឱសថ​នានា​ដូចជា​ឱសថ Chloroquine​ និង​ឱសថ Hydroxychloroquine ជា​ដើម អាច​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន នោះ​វា​អាច​មាន​ប្រយោជន៍​ខ្លាំង​ណាស់»៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ