អ.ស.ប. បើក​សម័យ​ប្រជុំ​ពិសេស​ដើម្បី​រក​វិធី​ប្រយុទ្ធនឹង​ជំងឺ​រាតត្បាត​កូវីដ១៩

រូបឯកសារ៖ លោក Volkan Bozkir ​​ប្រធាន​​សម័យ​ប្រជុំ​ពេញ​អង្គរបស់​អ.ស.ប.។

មេដឹកនាំ​ពិភពលោក​និង​មន្ត្រីរដ្ឋាភិបាល​ជាន់​ខ្ពស់​នានា​ជាង​១០០​នាក់ ​នឹង​ជួប​ប្រជុំតាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គពិសេសរបស់អ.ស.ប. ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ពិភាក្សាពី​វិធី​ឆ្លើយតប​ជា​សាកល​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​និង​ការបង្កើត​យុទ្ធសាស្ត្រ​សម្រាប់​ការស្តារឡើង​វិញ។

លោក​ Brendan Varma អ្នកនាំពាក្យ​របស់ប្រធានសម័យ​ប្រជុំ​ពេញ​អង្គរបស់​អ.ស.ប.​ បានលើក​ឡើង​ថា ​សម័យ​ប្រជុំ​ពិសេស​នេះ​ មាន​គោលបំណង​បង្កើត​នូវ​យុទ្ធសាស្ត្រ​ពហុភាគី​ក្នុង​ចំណោម​ប្រទេស​នានា​ ​ភាគី​អ.ស.ប. ​វិស័យ​ឯកជន​និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជំងឺកូវីដ​១៩​ ដើម្បី​រក​វិធី​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ស្តារ​ឡើង​វិញ។ ​

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP ​បាន​ឲ្យ​ដឹង​ថា​ ​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ ​ដែល​ជា​ថ្ងៃ​ទី​២ ​និង​ជា​ថ្ងៃ​ចុង​ក្រោយ​នោះ​ នឹង​មាន​រួម​ផង​ដែរ​ នូវ​វេទិកា​នៃ​កិច្ចពិភាក្សា​ចំនួន​៣​តាម​ប្រព័ន្ធ​អនឡាញ​ ​គឺ​ការពិភាក្សា​ពី​ការឆ្លើយតប​ជា​សាកលចំពោះ​ជំងឺ​រាតត្បាត​ ការ​វិវត្តន៍ទៅ​មុខ​នាពេល​បច្ចុប្បន្ន​ជុំវិញ​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​ និង​ការស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សាកល​ក្រោយការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។​ ​

កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ (UNDP) ​បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​សិក្សា​មួយ​ ដោយ​ប៉ាន់​ប្រមាណ​ថា​ ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ អាច​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​២០៧​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក​ ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ ដោយ​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​ជនក្រីក្រ​កើន​ជាង​១ពាន់ ​លាន​នាក់ ត្រឹម​ឆ្នាំ​២០៣០។​ នៅ​ក្នុងរបាយ​ការណ៍​ផ្សេង​មួយ​ទៀត​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយនៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​កិច្ចប្រជុំ​របស់​អ.ស.ប.​ ស្តី​ពី​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិច​ប្រមាណ​ជិត​៥០​ប្រទេស​និងជួប​ប្រទះ​ស្ថានភាពសេដ្ឋកិច្ច​ដ៏​អាក្រក់​ ក្នុង​រយៈ​ពេល៣​ទសវត្សរ៍​ខាងមុខ​ និង​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​ប្រមាណ៣២​លាន​នាក់ ​ធ្លាក់​ក្នុង​ភាពក្រីក្រ គ្រាន់​តែ​ក្នុង​ឆ្នាំ​នេះ​តែ​មួយ​ប៉ុណ្ណោះ៕