សម្រាប់ឪពុកម្តាយដែលបារម្ភថាកូនរបស់ពួកគេជក់នឹងការប្រើប្រាស់កម្មវិធីកុំព្យូទ័រច្រើនពេកនៅពេលដែលពួកគេនៅផ្ទះ មានសហគ្រិនបច្ចេកវិទ្យាមួយចំនួនព្យាយាមជួយដោះស្រាយការបារម្ភនេះ។
លោក David Drobik សហស្ថាបនិកនៃកម្មវិធីកុំព្យូទ័រ Vividbooks ថ្លែងថា៖
«បើពួកគេចំណាយពេលឥតប្រយោជន៍មើល YouTube Instagram និង TikTok នេះជាការចំណាយពេលមិនល្អដែលយើងខ្ញុំចង់លុបបំបាត់ចោល»។
សហគ្រិនម្នាក់ទៀតគឺលោក Martin Horstman ស្ថាបនិកនៃកម្មវិធីកុំព្យូទ័រ Tink Digital ថ្លែងយ៉ាងដូច្នេះថា៖
«បច្ចេកវិទ្យាពិតជាអស្ចារ្យ។ មានបច្ចេកវិទ្យាគ្រប់បែបយ៉ាងនិងល្អនៅជុំវិញយើង។ ប៉ុន្តែរបៀបដែលកូនក្មេងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះមានលក្ខណៈអសកម្ម»។
ជំនួសឲ្យការលេងហ្គេមវីដេអូនិងរៀនអំពីគំនិតរបស់អ្នកដទៃ លោក Martin Horstman ដែលជាវិស្វករកម្មវិធី software កុំព្យូទ័រ បានបង្កើតមធ្យោបាយមួយដើម្បីអនុញ្ញាតឲ្យកូនក្មេងអាចបញ្ចេញគំនិតរបស់ពួកគេផ្ទាល់ ដោយបញ្ចូលជំនាញនានាក្នុងពិភពពិត ជាមួយនឹងជំនាញខាងបច្ចេកវិទ្យា។ មធ្យោបាយនោះគឺកម្មវិធី app ឈ្មោះ Doodlematic។ ដើម្បីប្រើ app នេះ ដំបូងត្រូវគូសរចនាល្បែងហ្គេមមួយដោយប្រើពណ៌ផ្សេងៗ។ ពណ៌ផ្សេងៗគ្នានឹងប្រាប់កម្មវិធីកុំព្យូទ័រនេះ ថាតើមានអ្វីជា តួអង្គ ជាគោលដៅ ឬជាឧបសគ្គ។ រួចយើងគ្រាន់តែប្រើទូរស័ព្ទថតគំនូសរចនារបស់យើង ចូលក្នុង app នេះ ហើយគំនូលនោះនឹងក្លាយទៅជាហ្គេមវីដេអូ។
លោក Martin Horstman ស្ថាបនិកនៃកម្មវិធីកុំព្យូទ័រ Tink Digital បន្ថែមថា៖
«យើងជឿជាក់យ៉ាងខ្លាំងថា គំនិតច្នៃប្រឌិតនិងការស្រមើស្រម៉ៃជាជំនាញយ៉ាងសំខាន់សម្រាប់គ្រប់មាគ៌ាវិជ្ជាជីវៈដែលពួកគេនឹងចាប់យក»។
កូនក្មេងអាចបង្កើតកម្មវិធីហ្គេមជីវចលដោយឥតគិតថ្លៃ រួចអាចបង់ប្រាក់តិចជាង៣០ដុល្លារ ដើម្បីបង្កើតហ្គេមជីវចលចំនួន១០០០ទៀត។
កម្មវិធី app មួយទៀតឈ្មោះ Vividbooks ប្រើបច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត ដើម្បីធ្វើឲ្យទំព័រសៀវភៅមេរៀនលំបាកៗដូចជារូបវិទ្យា អាចមានចលនារស់រវើកនិងងាយស្រួលយល់ នេះបើតាមការបញ្ជាក់របស់សហស្ថានិកកម្មវិធី Vividbooks លោក David Drobik ដោយលោកបញ្ជាក់ថា៖
«ប្រសិនបើអ្នកមើលទៅលើសៀវភៅសិក្សាធម្មតា ដែលកូនក្មេងប្រើប្រាស់សព្វថ្ងៃ ឬដែលពួកធ្លាប់ប្រើក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ អ្នកនឹងឃើញមានក្រាហ្វិកបន្តិចបន្តួច ហើយជុំវិញសុទ្ធអត្ថបទ។ មុខវិជ្ជារូបវិទ្យា បានគោលចំណុចជាច្រើនដែលងាយស្រួលយល់ ប្រសិនបើយើងប្រើរូបភាព ហើយប្រើបច្ចេកវិទ្យាឌីជីថលបញ្ជូលជាមួយគំនូរជីវចលដោយពន្យល់គោលចំណុចទាំងនេះ ហើយធ្វើដូច្នេះងាយស្រួលជាងការពន្យល់ដោយឲ្យកូនក្មេងអានអត្ថបទយ៉ាងច្រើន»។
គេអាចបោះពុម្ពទំព័រឌីជីថលរបស់កម្មវិធី Vividbook តាមកុំព្យូទ័រធម្មតាឬទូរស័ព្ទចល័ត។ ពេលប្រើកម្មវិធី app នេះ អ្នកនឹងឃើញរូបនេះនៅពេលប្រើទូរស័ព្ទមើលពីលើទំព័រ Vividbook តាមការរៀបរាប់របស់លោក David Drobik៖
«ទូរស័ព្ទនឹងស្គាល់រូបភាពនៅលើទំព័រលំហាត់ ហើយពេលនោះទូរស័ព្ទនឹងធ្វើឲ្យរូបភាពណាមួយមានជីវចល»។
កម្មវិធី app នេះបច្ចុប្បន្នមានសម្រាប់តែអ្នកប្រើប្រាស់ឧបករណ៍ចល័តរបស់ Apple ប៉ុណ្ណោះ។ កម្មវិធីសម្រាប់គេហទំព័រធម្មតានិងឧបករណ៍ Android ដែលរំពឹងថានឹងចេញនៅខែមិថុនា។ ក្នុងអំឡុងពេលមានការផ្ទុះរាតត្បាតជាសាកលនៃមេរោគកូរ៉ូណាវីរុសកូវីដ១៩ ឪពុកម្តាយទាំងឡាយអាចប្រើប្រាស់ទំព័រមេរៀនដោយឥតគិតថ្លៃ។ គោលដៅសម្រាប់អ្នកប្រើប្រាស់កម្មវិធី app នេះ សំខាន់គឺកូនក្មេងអាយុពី១០ទៅ១២ឆ្នាំ។ ក្រុមហ៊ុននេះមានគម្រោងនឹងបញ្ចូលមុខវិជ្ជាគីមីវិទ្យានិងជីវវិទ្យា និងមេរៀនសម្រាប់សិស្សអាយុផ្សេងទៀត។
កម្មវិធី app ទាំងនេះព្យាយាមបញ្ចូល គ្នារវាងទាំងជំនាញសំខាន់ៗក្នុងពិភពពិតនិងពិភពឌីជីថល ដើម្បីជួយដល់កុមារឲ្យមានភាពសកម្មផ្លូវចិត្តនិងស្មារតី ខណៈដែលពួកគេកំពុងស្ថិតនៅឆ្លាយពីសាលារៀន៕
ប្រែសម្រួលដោយ សឹង សុផាត