សហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរ ចាយអ៊ិន អាយប៊ីស Giant Ibis នៅតែបន្តតវ៉ាជាមួយនឹងក្រុមហ៊ុនជុំវិញការបញ្ឈប់ពីការងារដោយសារការរើសអើងសហជីព និងការមិនអនុវត្តតាមច្បាប់ស្តីពីសិទ្ធិការងារ។
លោក សៀម ម៉ូរ៉ាឌី ប្រធានសហជីពប្រចាំក្រុមហ៊ុន ចាយអិន អាយ ប៊ីស ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកនិងបុគ្គលិកដែលជាថ្នាក់ដឹកនាំ និងជាសមាជិកសហជីពបានតវ៉ាជាច្រើនលើកមកហើយ គិតចាប់តាំងពីការបណ្តេញចេញពីការងារនៅឆ្នាំ២០២០មក ដើម្បីឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ ចាយអ៊ិន អាយប៊ីស Giant Ibis ទទួលយកពួកគេធ្វើការវិញ និងផ្តល់ឱ្យបុគ្គលិកចំពោះការទាមទារមួយចំនួន ក្នុងនោះមានប្រាក់រំឭកអំឡុងពេលព្យួរការងារ។
លោកថ្លែងថា៖ «យើងនៅតែបន្ត បន្តទៀតព្រោះដោយសារតែក្រុមហ៊ុនអត់មានដំណោះស្រាយសម្រាប់ពួកយើង។ អ្វីដែលយើងទាមទារគឺទីមួយគឺ ទាមទារឱ្យទទួលយកពួកយើង ជាបុគ្គលិកចាស់ចូលធ្វើការវិញ។ ទីពីរសូមឱ្យរំឭកប្រាក់ក្នុងអំឡុងពេលព្យួរការងារ កូវីដមកដល់សព្វថ្ងៃនេះសម្រាប់ពួកយើង។ ទីបីសុំស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងពួកយើងដែលជាសហជីពឯករាជ្យ»។
លោកបន្ថែមថា៖ «មូលហេតុដែលខ្ញុំចេញតវ៉ា គឺដោយសារតែក្រុមហ៊ុន ចាយអ៊ិន អាយប៊ីស Giant Ibis ហ្នឹងគឺជាក្រុមហ៊ុនមួយដែលគេហៅថា លំដាប់មួយនៅប្រទេសកម្ពុជាយើង ដែលអ្នកណាក៏គេដឹងដែរគឺម្ចាស់ជំនួយគឺអ្នកឧកញ្ញា គិត ម៉េង តែបែរជាអត់គោរពច្បាប់ស្តីអំពីការងារនៅ ព្រះរាជាណាចក្រកម្ពុជា បែរជារំលោភសិទ្ធិទៅលើកម្មករ»។
លោក រ៉ាន់ ប្រសើរ អាយុ៣៦ឆ្នាំ ដែលធ្លាប់ជាអ្នកសម្របសម្រួលនៅក្រុមហ៊ុន Giant Ibis ប្រាប់វីអូអេថា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកប្រមាណ៥០ នាក់ដោយខុសពីនីតិវិធីច្បាប់ និងមិនបានផ្តល់សំណងសមរម្យដល់បុគ្គលិក។ លោកបន្ថែមថា ក្រុមហ៊ុនបានទាក់ទងឱ្យបុគ្គលិកមួយចំនួនដែលមិនចូលជាសមាជិកសហជីពឱ្យមកចូលធ្វើការវិញ ដោយកាត់ចោលអតីតភាពការងាររបស់ពួកគេ។
លោកបន្តថា ភាគីក្រុមហ៊ុនតែងតែគេចវេះ អូសបន្លាយពេលវេលា និងមិនបានបញ្ជូនអ្នកមានសិទ្ធិសម្រេចក្នុងការមកចូលរួមចរចារកដំណោះស្រាយលើវិវាទដែលកើតមាននោះឡើយ។
លោកបន្ថែមថា៖ «សម្រាប់ខ្ញុំក៏ដូចជាក្រុមសហជីពគឺយើងចង់ឱ្យក្រុមហ៊ុនយកតំណាងពិតប្រាកដមកចរចាជាមួយខាងសហជីពខាងប្អូន ដើម្បីជួបទល់មុខគ្នានិយាយពីដំណោះស្រាយទៅតាមគោលការណ៍ច្បាប់ដែលក្រុមហ៊ុនបានធ្វើមកលើពួកយើង»។
វីអូអេបានទាក់ទងលេខទូរស័ព្ទរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលមានលើគេហទំព័ររបស់ក្រុមហ៊ុន ប៉ុន្តែបុគ្គលិកដែលទទួលទូរស័ព្ទនោះបដិសេធផ្តល់ការអត្ថាធិប្បាយ។
វីអូអេក៏បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ទាំងតាមទូរស័ព្ទ និងតេឡេក្រាម ប៉ុន្តែមិនទទួលបានការឆ្លើយតបគិតត្រឹមរសៀលថ្ងៃអង្គារនេះ។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់វីអូអេថា ក្រុមហ៊ុន ចាយអ៊ិន អាយប៊ីស បានព្យួរកិច្ចសន្យាការងារបុគ្គលិកតាំងតែពីឆ្នាំ២០២០ ដោយមូលហេតុកូវីដ១៩ ប៉ុន្តែមកទល់ពេលបច្ចុប្បន្នក្រុមហ៊ុននៅតែមិនទទួលយកបុគ្គលិកទាំងនោះដែលជាសមាជិកសហជីពចូលធ្វើការងារវិញទេ។ លោកបន្ថែមថា វិវាទការងារនេះធ្លាប់បានក្រសួងការងារហៅទៅចរចារវាងភាគីទាំងពីរ ប៉ុន្តែការចរចានោះមិនទទួលបានដំណោះស្រាយឡើយ។
លោកបន្តថា៖ «នៅក្នុងក្រុមហ៊ុន ចាយអ៊ិន អាយប៊ីស វាមិនពិបាកទេដោយសាតែកម្មករសុខចិត្តថាមិនទាមទារចូលធ្វើការវិញ ហើយក៏មិនទាមទាឱ្យផ្តល់សហជីពដែរ ទាមទារឱ្យតែផ្តល់ត្រឹមត្រូវតាមច្បាប់ប្រាំចំណុចតែប៉ុណ្ណោះ អ៊ីចឹងដូចវាពិបាកព្រោះលក្ខខណ្ឌពីរបី ខាងកម្មករគាត់ទម្លាក់ហើយនៅតែចំនួនលុយដែលត្រូវផ្តល់ឱ្យគាត់បញ្ជាប់រឿងតែប៉ុណ្ណឹងគឺចប់ហើយ»។
លោកបន្ថែមថា៖ «ជារួមគឺក្រសួងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជំរុញនិងលើកឱ្យភាគីអនុវត្តច្បាប់ ប្រសិនបើតំណាងរដ្ឋក្រសួងប៉ុណ្ណាប៉ុណី្ណមិនមានប្រសិទ្ធិភាពទៀត អ៊ីចឹងមានន័យថាវាអត់មានន័យអីទេប្រព័ន្ធដោះស្រាយវិវាទរបស់យើង»។
យ៉ាងណាមិញ លោក សៀម ម៉ូរ៉ាឌី មើលឃើញពីភាពអសកម្មរបស់រដ្ឋាភិបាលចាស់ក្នុងការដោះស្រាយវិវាទការងាររវាងសហជីព និងម្ចាស់ក្រុមហ៊ុន ហើយលោករំពឹងថា នៅពេលដែលលោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី លោកនឹងអាចមើលឃើញពីទុក្ខលំបាករបស់សហជីព និងកម្មករនិយោជិត។
លោកថ្លែងថា៖ «សូមឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ប្រសិនបើគាត់មានឆន្ទៈជានាយករដ្ឋមន្ត្រីគឺគាត់មានធ្វើដូចឪពុកគាត់មុន ខ្ញុំនិយាយត្រង់ហ្មងមិនធ្វើដូចឪពុកគាត់មុន គឺមើលឃើញកម្មករមើលឃើញតែភ្នែក។ មិនមែនថាគាត់មិនឃើញទេ ខ្ញុំជឿថាគាត់ឃើញ អ៊ីចឹងខ្ញុំជឿថាគាត់កែសម្រួលនូវអ្វីដែលជាកម្មករនិយោជិតយើងពិបាក ហើយប្រជាជនរាល់ថ្ងៃនេះគឺរកសម្រាប់តែអាហារ៣ពេលទេ អត់រកសល់ទៅណាទេ រាល់ថ្ងៃរកសម្រាប់តែចិញ្ចឹមប្រពន្ធកូនទេបាទ»។
គួររំឭកថា កាលពីខែមេសា បុគ្គលិកនៃក្រុមហ៊ុនដឹកអ្នកដំណើរ ចាយអ៊ិន អាយប៊ីស Giant Ibis បាននាំគ្នាឈរតវ៉ាលើកបដា នៅមុខទីស្នាក់ការរបស់ក្រុមហ៊ុនក្បែរផ្សាររាត្រី។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនព្យួរកិច្ចសន្យាការងារតាំងតែពីឆ្នាំ២០២០ ដោយមិនបានកំណត់ថ្ងៃចូលធ្វើការងារវិញនោះទេ។ ពួកគេបានធ្វើការតវ៉ាដើម្បីឱ្យក្រុមហ៊ុនទទួលយកបុគ្គលិករាប់សិបនាក់ចូលធ្វើវិញ ខណៈអ្នកតវ៉ាចោទថា ក្រុមហ៊ុននេះមានការរើសអើងសហជីព៕