មេ​ដឹកនាំ​សហជីព​និង​សកម្មជន​សិទ្ធិ​មនុស្ស​​ប្រារព្ធ​ទិវា​ពលកម្ម​ដោយ​ទាមទារ​ប្រាក់ខែ លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​ជួបជុំ​ប្រសើរ​ជាង​មុន​

សហជីព​កម្មករ​រាប់រយ​នាក់​លើក​ស្លាក​ទាមទារ​សិទ្ធិ​ផ្សេងៗ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

ពួកគេ​​បាន​ដាក់​ញត្តិ​និង​សំណើ​ជាច្រើន​ចំណុច​ទៅ​រដ្ឋាភិបាល​ ទាម​ទារ​ឲ្យ​មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព និង​ដំណោះ​ស្រាយ​បញ្ហា​ផ្សេងៗ​របស់​កម្មករ​ឲ្យ​បាន​ពេញ​លេញ ខណៈ​មាន​​មាន​វត្តមាន​អ្នក​រាយការណ៍​ពិសេស​​អ.ស.ប.ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កំពុង​ធ្វើ​ទស្សនកិច្ច​ បាន​ចូល​រួម​ផង​ដែរ។

ក្រុម​សហជីព កម្មករ​ និង​អ្នក​ធ្វើ​ការងារ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ជាង​១.០០០​នាក់​ បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ​ដោយ​ទាមទារ​ឲ្យ​មាន​ការ​បើក​លំហសេរីភាព​ក្នុង​ការ​ជួបជុំ​បញ្ចេញ​មតិ​ និង​ធានា​ឲ្យ​កម្មករ​និយោជិត​មាន​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ការ​បំពេញ​ការងារ។

នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ ក្រុម​សហជីព និង​អ្នក​ការពារ​សិទ្ធិពីរ​ក្រុម​បានប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីតាំង​ពីរ​ផ្សេង​គ្នា គឺ​នៅ​សួន​ប្រជាធិបតេយ្យ​ថ្មី និង​នៅ​សួន​ច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តាម​បណ្តោយ​មាត់​ទន្លេ​ ក្រោម​ការ​ឃ្លាំ​មើល​របស់​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់។

កម្រង​រូបភាព៖ «ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព​ប្រារព្ធ​ទិវាពលកម្មអន្តរជាតិ​លើកទី១៣៣»

​ក្រុម​សហជីព និង​អ្នក​ការពារ​សិទ្ធិ​ទាំង​នោះ បាន​ថ្លែង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រើសអើង​កម្មករ ការ​រំលោភ​សិទ្ធិ​ការងារ ការ​ខ្វះ​ទីផ្សារ​ការងារ ព្រមទាំង​ការ​លើក​ឡើង​អំពី​ប្រាក់​ឈ្នួល​ទាប​មិន​សម​នឹងតម្លៃ​ទំនិញ​លើ​ទីផ្សារ​ជាដើម។​

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ដែលតំណាង​ឲ្យ​សហជីព​ចំនួន​៨ បាន​ដឹកនាំ​កម្មករ​ប្រមាណ​ជា​ជិត​១.០០០​នាក់​ ដើម្បីទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​២០​ចំណុច​សម្រាប់​កម្មករ។ លោក​ប្រាប់​អ្នក​សារព័ត៌មានថា ចំណុច​អាទិភាព​ដែល​សហជីព​ទាមទារ​មាន​ដូច​ជា ​ការ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​២៥០​ដុល្លារ​ក្នុង​១​ខែ​ ការ​ធានា​ឲ្យ​មាន​ប្រព័ន្ធ​ថែទាំសុខភាព​កម្មករ​ និង​ការ​ធានា​ឲ្យ​កម្មករ​សហជីព​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ និងជួបជុំ​គ្នាជា​ដើម។

លោក​បញ្ជាក់​ថា៖ «ទី១​គឺ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ និង​វិស័យ​ផ្សេងៗ។ ទី២​គឺ​ប្រព័ន្ធ​សន្តិសុខ​សង្គម ត្រូវ​ធានា​ថា​ កម្មករ​ហ្នឹង​មាន​ការ​ធានា ហើយ​អនុវត្តនៅ​ឆ្នាំ​២០១៩​ហ្នឹង​ឲ្យ​បាន នូវ​របប​សោធននិវត្តន៍។ ហើយ​ចំណុច​មួយ​ទៀត​គឺ​ការ​ដក​បណ្តឹង និង​កែប្រែ​ច្បាប់​សហជីព។ ចំណុច​ទាំង​៣​ហ្នឹង​គឺ​សំខាន់​បំផុត»។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។​ (កាន់ វិច្ឆិកា/VOA)


លោក អាត់ ធន់ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ពេលនេះ សិទ្ធិសេរីភាពក្នុងការជួបជុំ និងបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត នៅ​តែ​មាន​ការ​រឹតត្បិត​ដដែល​។ លោក​បន្ថែម​ដោយ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​កម្មករ​សហជីព​ដោយ​មាន​ប្រសិទ្ធភាព។​

​ចំណែក​ក្រុម​ស្រ្តី​តំណាង​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១ បាន​ដឹកនាំ​កម្មករប្រមាណ​ជា​៥០០​នាក់ និង​ជួប​ជុំ​គ្នា​នៅ​សួនទីលាន​ប្រជាធិបតេយ្យ​ថ្មី ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ក្រោម​ប្រធាន​បទ «រួមគ្នា​ការពារ​សិទ្ធិ​ជាមូលដ្ឋាន​របស់​កម្មករ​និយោជិត និង​ទីផ្សារ» ក្នុង​គោល​បំណង​អបអរ​សាទរ​ដល់​ការ​រួម​ចំណែក​របស់​កម្មករ​និយោជិត​ក្នុងការ​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ចកម្ពុជា។ ពួកគេ​ក៏បានរួមគ្នា​បង្កើត​ញត្តិ​មួយដោយ​ស្នើ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ និង​តម្រូវការ​អាទិភាព​ចំនួន​១១​ចំណុច ព្រម​ទាំង​ធ្វើ​ការ​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព និង​គុណភាព​ជីវិត​របស់​កម្មករ​នៅ​កម្ពុជា​ប្រសើរ​ឡើង។

អ្នកស្រី អ៊ូ ទេពផល្លីន ​នាយិកា​ប្រតិបត្តិ​សហព័ន្ធ​សហជីព​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា​ និង​ជា​តំណាង​សហជីព​មួយ​រូប​ក្នុង​ចំណោម​២១ ដែល​ដឹកនាំ​កម្មករ​និយោជិត​ប្រមាណ​ជា៥០០​នាក់​ថ្លែង​ថា ក្នុង​ពេល​បច្ចុប្បន្ន​ ទាំង​សិទ្ធិ​ប្រមូល​ផ្តុំ និង​បញ្ចេញ​មតិ កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ខ្លាំង ដែល​អ្នកស្រី​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ជា​ចម្បង។

អ្នក​ស្រី​អ៊ូ ទេពផល្លីន ប្រធានសហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា​ថ្លែង​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

អ្នកស្រី​និយាយ​ថា៖ «មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​សិទ្ធិ​របស់​ពួកយើង​ត្រូវ​បាន​រឹតត្បិត គំរាមកំហែង​ច្រើន ដែល​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្នឹង​រីករាយ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ ហើយ​រដ្ឋាភិបាល​ហ្នឹង​ក៏​អត់​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ឲ្យ​ពលរដ្ឋ​លោក​មាន​សិទ្ធិ​ក្នុង​ប្រើប្រាស់​សិទ្ធិ​ដោយ​ពេញ​លេញ ដោយ​ភាពរីករាយ​ទៅ​ទៀត។ អញ្ចឹង​សេចក្តី​បារម្ភ​របស់​ពួក​យើង​គឺ​សិទ្ធិ​ជា​មូលដ្ឋាន គឺវា​ក្តោប​ទៅ​លើ​សិទ្ធិ​ក្នុង​ការ​ចងក្រង​សហជីព សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ»។​

ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិលើកទី​១៣៣​នៅ​ព្រឹក​នេះ ធ្វើ​ឡើង​ស្របពេល​ដែល​អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​នៅ​កម្ពុជា។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ អ្នកស្រី រ៉ូណា ស្មីត ក៏បាន​ចូលរួម​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ដែល​រៀបចំ​ដោយ​ក្រុម​សហជីព​ កម្មករ ​និង​អ្នក​ការពារ​សិទ្ធិ​ទាំង​ពីរ​កន្លែង​ផង​ដែរ។

អ្នកស្រី​បាន​ថ្លែង​នៅ​សួន​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ថា សេរីភាព​ក្នុង​ការ​ជួបជុំ និង​បញ្ចេញ​មតិ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ។

អ្នកស្រី រ៉ូណា ស្មីត​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចូល​រួម​និង​ថ្លែងក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​ថ្

អ្នកស្រី​បញ្ជាក់​ថា៖ «យើង​ឃើញ​មាន​មន្រ្តី​អាជ្ញាធរ​យ៉ាង​ច្រើន​លើស​លុប​ ហើយ​ពួកមន្រ្តី​ទាំង​នោះ​ពិត​ជា​អាច​មាន​វត្តមាន​នៅ​កន្លែង​នោះ​ដើម្បីថែររក្សា​សន្តិសុខសណ្តាប់​ធ្នាប់ តែ​ពួកគេ​មិន​គួរ​មាន​វត្តមាន​ដ៏ច្រើន​ហួស​ហេតុ​ ឬ​ប្រើ​កម្លាំងណាមួយ​នោះ​ទេ»។

ក្រោយ​ការ​ថ្លែង​របស់​ក្រុម​សហជីព​ គេ​ឃើញ​មាន​តំណាង​ពី​រដ្ឋសភា និង​សាលា​រាជធានី ព្រម​ជាមួយ​នឹង​តំណាង​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចេញ​មក​ទទួល​យក​ញត្តិ​ពីក្រុម​សហជីព​នោះ​ផង​ដែរ។

​លោក សួន រិនឌី តំណាងរាស្រ្ត​មណ្ឌល​ភ្នំពេញ និង​ជា​តំណាង​មក​ពី​គណៈកម្មការ​ទី​មួយ​រដ្ឋសភា ផ្នែក​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា បាន​ទទួល​យក​ញត្តិ​ពី​ក្រុម​សហជីព និង​បាន​សន្យា​ថា នឹង​ស្វែង​រក​ដំណោះស្រាយ​តាម​ការ​ទាមទាររបស់​សហជីព និង​កម្មករ។

លោក សួន រិនឌី តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ និង​ជា​តំណាង​មក​ពី​គណៈ​កម្មការ​ទី​មួយ​រដ្ឋសភា ទទួល​យក​ញត្តិ​ពី​ក្រុម​សហជីព ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​លើកទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។(កាន

លោក​និយាយ​ថា៖​ «យើង​ខ្ញុំ​នឹង​ពាំនាំ​យក​នូវ​សំណូមពរ​នេះ និង​ខិតខំ​រាយការណ៍​ទៅ​ថ្នាក់​លើ​ ដើម្បី​បាន​ដោះស្រាយ​ជា​បន្ត​បន្ទាប់។ ហើយ​នឹង​ខ្ញុំ​មាន​សង្ឃឹម​មុន​បងប្អូន​ទៀត​ថា ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​ពិត​ជា​មាន​ភាព​វិជ្ជមាន​ច្រើន​ទៅៗ​ ចំពោះ​ជីវភាព​របស់​បង​ប្អូន​កម្មករ»។​

​ខណៈ​ដែល​ក្រុម​សហជីព និង​អ្នក​កាពារ​សិទ្ធិ​ដឹកនាំ​កម្មករ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ គេ​ឃើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​តែង​ចុះ​ជួប​កម្មករ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពី​សំឡេង​គាំទ្រ​គណបក្ស​កាន់​អំណាច​បាន​ធ្លាក់​ចុះ​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​មក ក៏​បាន​ទៅ​ជួប​កម្មករ​នៅ​ខេត្ត​កណ្តាល ដោយ​មាន​ការ​បរិភោគ​អាហារ និង​រាំ​លេង​កម្សាន្ត​ផង​ដែរ៕