ការពិភាក្សាត្រីភាគីអំពីវិសោធនកម្មច្បាប់ស្តីពីការងារ បានចាប់ផ្តើមជាថ្មីទៀតនៅសប្តាហ៍នេះ ដោយមានការជជែកគ្នាលើមាត្រាចំនួនបីសំខាន់ៗដើម្បីកែលម្អលក្ខខណ្ឌការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាដែលអាចទាក់ទាញអ្នកវិនិយោគទុនថ្មីៗបន្ថែមទៀត។
ការពិភាក្សាត្រីភាគី ដែលមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងទៀតរួមមានទាំងអ្នកជំនាញក្នុងវិស័យការងារផង បានធ្វើឡើងកាលពីថ្ងៃពុធ កន្លងទៅនេះនៅក្នុងទីក្រុងភ្នំពេញ។ ក្រុមតំណាងសហជីព តំណាងនិយោជក និងភាគីរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យការងារ បានបង្ហាញការយល់ឃើញផ្សេងៗគ្នា នៅក្រោយការពិភាក្សានេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា វិសោធនកម្មច្បាប់ស្តីពីការងារនៅលើកនេះ ផ្តោតលើមាត្រាចំនួនបី គឺមាត្រា១៤៤ថ្មី មាត្រា១៦២ និងមាត្រា ៣០០។ លោកយល់ថា ការកែប្រែមាត្រាទាំងនេះ នឹងមិនផ្តល់ផលចំណេញដល់កម្មករទេ។
«ដូចជាមាត្រា១៤៤ថ្មី ដែលស្តីអំពីការធ្វើការការងារវេនយប់នោះ គឺនៅក្នុងច្បាប់នេះ កាលនៅឆ្នាំ ១៩៩៧ គឺមាត្រានេះ គឺនៅពេលដែលកម្មករធ្វើការវេនយប់ គឺគេផ្តល់ឲ្យ២០០ ភាគរយ ប៉ុន្តែនៅឆ្នាំ២០០៧ គឺរដ្ឋាភិបាលបានធ្វើវិសោធនកម្មម្តងឲ្យថយពី២០០ ភាគរយ មកនៅត្រឹម១៣០ ភាគរយ។ ឥឡូវនេះ គឺនិយោជក និងរដ្ឋាភិបាល បានពង្រាងថ្មី គឺថយពី១៣០ ភាគរយ មកនៅ១០០ ភាគរយ។ អ៊ីចឹងជាការបាត់បង់៣០ភាគរយ បើសិនកម្មករធ្វើការវេនយប់»។
ការធ្វើការវេនយប់នេះ គឺសំដៅដល់ការងារធ្វើចាប់ពីម៉ោង២២ ឬម៉ោង១០យប់ ដល់ម៉ោង៥ភ្លឺ។ ប្រាក់ឈ្នួល គឺខុសពីការធ្វើការងារវេនថ្ងៃ។ បើតាមច្បាប់ស្តីពីការងារនៅឆ្នាំ១៩៩៧ ប្រសិនបើកម្មករធ្វើការវេនថ្ងៃទទួលបានប្រាក់ឈ្នួល១០០ដុល្លារក្នុងមួយខែ នោះកម្មករដែលធ្វើការវេនយប់អាចទទួលបាន២០០ដុល្លារក្នុងមួយខែ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកអាត់ ធន់។
លោកបន្តថា បើតាមការកែប្រែមាត្រា១៦២ ក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការងារនេះកម្មករនឹងមិនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកនៅថ្ងៃបន្ទាប់ ពីថ្ងៃអាទិត្យដែលជាន់គ្នានឹងថ្ងៃមានពិធីបុណ្យសំខាន់ៗនោះទេ។ កាលពីមុន បើថ្ងៃបុណ្យចំថ្ងៃឈប់សម្រាក នោះច្បាប់តម្រូវឲ្យកម្មករបានឈប់សម្រាកនៅថ្ងៃបន្ទាប់ពីថ្ងៃអាទិត្យ។
«កាលមុនគឺថា ពេលថ្ងៃបុណ្យហ្នឹងចំថ្ងៃអាទិត្យ គឺនិយោជក ត្រូវផ្តល់ប្រាក់ឈ្នួលឲ្យមួយថ្ងៃទៀត ឬ ក៏លើកពេលមួយថ្ងៃទៀត។ ប៉ុន្តែឥឡូវនេះ គឺស្នើឲ្យលុបអាហ្នឹងមានន័យថា វាបាត់បង់ប្រយោជន៍កម្មករ ក្នុងមួយឆ្នាំ បើយើងគិតមើលរយៈពេលនេះ ថ្ងៃបុណ្យចំថ្ងៃអាទិត្យ ប្រហែលជាពីរទៅបីថ្ងៃហើយ កន្លងមកខាងរដ្ឋាភិបាលហ្នឹង គឺបាន សម្រេចលុបចោលថ្ងៃបុណ្យប្រាំមួយថ្ងៃហើយ អ៊ីចឹងបើសិនជាបន្ថែមថ្ងៃបុណ្យចំថ្ងៃអាទិត្យ ពីរ បីថ្ងៃទៀត ខ្ញុំថា កម្មករយើងខាតបង់ច្រើនមែនទែនជិត១០ថ្ងៃឯណោះបាទ»។
ទាក់ទិនមាត្រា ៣០០ លោកនិយាយថា ខាងភាគីសហជីពមិនជំទាស់ទេ ព្រោះការកែប្រែមាត្រានេះ នឹងបើកផ្លូវឲ្យពង្រីកវិសាលភាពដោះស្រាយវិវាទការងាររបស់បុគ្គលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាជាងតាមផ្លូវតុលាការ។
ទោះជាយ៉ាងណាក៏ដោយ លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMACគាំទ្រឲ្យបន្តវិសោធនកម្មនេះ ពីព្រោះវានឹងជួយឲ្យកម្ពុជា មានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសក្បែរខាង និងប្រទេសក្នុងតំបន់ ដែលមានថ្ងៃឈប់សម្រាកពីការងារតិចជាងនៅកម្ពុជា។
«អ៊ីចឹង យើងមើលថា ថ្ងៃឈប់សម្រាកពួកយើង ទោះបីឆ្នាំ២០២០ កាត់បន្ថយប្រាំមួយថ្ងៃហើយ ប៉ុន្តែ នៅតែខ្ពស់ជាងគេ។ នៅតែខ្ពស់ជាងគេ យើងឈប់សម្រាក២២ថ្ងៃមិនអ៊ីចឹង?... យើង២២ថ្ងៃ បង់ក្លាដេស ១៧ថ្ងៃ វៀតណាម១១ថ្ងៃឡាវ១៣ថ្ងៃថៃឡង់ដ៍១៨ថ្ងៃម៉ាឡេស៊ី១៤ថ្ងៃ។ អ៊ីចឹងយើងនៅតែលើស។ យើងនៅតែច្រើនជាងគេ។ អ៊ីចឹងខ្ញុំអត់យល់ថា អាកាត់បន្ថយផលប្រយោជន៍បុគ្គលិកមកពីណា»។
លោកបន្ថែមថា កម្ពុជា នៅពេលបច្ចុប្បន្ននេះ ក៏មិនអាចពឹងផ្អែកតែទៅលើឧស្សាហកម្មកាត់ដេរជាចម្បងនោះដែរដូច្នេះ វិសោធនកម្មច្បាប់ស្តីពីការងារនេះអាចជំរុញឲ្យមានការបណ្តាក់ទុនក្នុងផលិតកម្មផ្សេងទៀត។
«ឥឡូវយើងអត់អាចពឹងលើកាត់ដេររហូតទេ។ យល់ទេ? យើងត្រូវទាញវិស័យផ្សេងៗ។ ខ្ញុំអត់ដឹងឧទាហរណ៍យ៉ាងម៉េចទេ វិស័យផ្សេងដែលចង់ [ធ្វើ] ២៤ម៉ោង នៅលើ២៤ម៉ោងវិស័យធ្វើកង់ វិស័យធ្វើម៉ូតូវិស័យធ្វើឡានមិនចឹង»។
បើតាមឯកសារស្តីពីការកសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ការងាររៀបចំដោយក្រសួងការងារដែលវីអូអេបានទទួល បានឲ្យដឹងថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របទៅនឹងនយោបាយរបស់ប្រទេសកម្ពុជា ដែលប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ចពីឧស្សាហកម្មអតិពលកម្ម ទៅរកឧស្សាហកម្មដោយប្រើជំនាញនៅឆ្នាំ២០២៥។ តាមរយៈវិស័យឧស្សាហកម្មថ្មី ដែលមានការបង្កើតតម្លៃបន្ថែមខ្ពស់ ភាពច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ជាច្រើន ដូចជា «វិស័យឱសថ សម្ភារៈសំណង់ វេចខ្ចប់ វិស័យកសិឧស្សាហកម្ម [និង]ឧស្សាហកម្មធន់ធ្ងន់» នោះ នោះពលរដ្ឋកម្ពុជាអាចរកបានចំណូលខ្ពស់ជាងមុន។
ប៉ុន្តែលោក អាត់ ធន់ ស្នើឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមផ្សេងទៀតជំនួសឲ្យការកាត់បន្ថយអត្ថប្រយោជន៍កម្មករ។បញ្ហាប្រឈមដែលត្រូវដោះស្រាយទាំងនោះ មានដូចជាការកាត់បន្ថយថ្លៃទឹក ភ្លើង ការិយាធិបតេយ្យ អំពើពុករលួយ និងកសាងប្រព័ន្ធច្បាប់ដែលអាចជឿទុកចិត្តបានជាដើម ដើម្បីទាក់ទាញឲ្យអ្នកវិនិយោគមកដាក់ទុនក្នុងវិស័យឧស្សាហកម្មថ្មីៗ ឬក៏ធ្វើឲ្យទាន់ឧស្សាហកម្មជំនាន់ទីបួននោះ។
ដោយឡែក អ្នកស្រី ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល បង្ហាញការសោកស្តាយ នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមកិច្ចពិគ្រោះយោបល់អំពីវិសោធនកម្មច្បាប់ស្តីពីការងារនេះ។អ្នកស្រីនិយាយថាវិសោធនកម្មច្បាប់នេះ នឹងរឹតតែធ្វើឲ្យកម្មករបាត់បង់អត្ថប្រយោជន៍បន្ថែមក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩។
«សមាជិករបស់យើងខ្លះបានចោទជាសំណួរថា តើ រាជរដ្ឋាភិបាលយើងរាល់ថ្ងៃគាត់បានគិតគូរ ពីកម្មករខ្លះទេ? តើរដ្ឋាភិបាលយើងរាល់ថ្ងៃហ្នឹង គឺជារដ្ឋាភិបាលរបស់ប្រជាជនទូទៅ ឬក៏ជារដ្ឋាភិបាលរបស់ថៅកែ ពីព្រោះយើងឃើញថារាល់ការអនុម័តសម្រេចអ្វីទាំងអស់ គឺផ្តល់អត្ថប្រយោជន៍ទៅដល់ថៅកែទាំងអស់ ប៉ុន្តែពីកម្មករនិយោជិតមានតែដកចេញពីពួកគាត់ខណៈពេលដែលពួកគាត់គឺក្រលំបាកហើយប្រាក់ខែតិចស្រាប់»។
ឆ្លើយតបទៅនឹងការជំទាស់របស់ក្រុមសហជីពនេះអ្នកនាំពាក្យក្រសួងការងារលោកហេង សួ មានប្រសាសន៍ថា ការអត្ថាធិប្បាយរបស់បុគ្គលមួយចំនួន ត្រូវបានធ្វើឡើងដោយមិនយល់អំពីបញ្ហាសេដ្ឋកិច្ច។ លោកបានសរសេរតាមសារទំនាក់ទំនងបណ្តាញសង្គមមួយថា៖«វាគឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់បុគ្គលនីមួយៗដែលពេលខ្លះបុគ្គលទាំងនោះមិនមានជំនាញសេដ្ឋកិច្ច និងមិនដឹងអំពីផ្លូវដែលបង្កើត ឬបង្កើនការងារធ្វើឱ្យបានជាអតិបរិមានោះទេ។ ការយល់ឃើញរបស់បុគ្គលនីមួយៗគឺផ្សេងគ្នា។ យើងនឹងវាយតម្លៃទៅលើមតិភាគច្រើន ដែលគាំទ្រការធ្វើវិសោធនកម្មនេះ»។
លោកបន្ថែមថា គោលបំណងនៃវិសោធនកម្មនេះ គឺ«បង្កើនភាពប្រកួតប្រជែងជាតិនិងទាក់ទាញវិនិយោគថ្មីបន្ថែមពីវិស័យឧស្សាហកម្មទំនើបថ្មីៗ ឧស្សាហកម្មធុនធ្ងន់ដែលដំណើរការ២៤ម៉ោង លើ២៤ម៉ោង ពង្រឹងនិងពង្រីកការប្រកួតប្រជែងនិងបង្កើនសមត្ថភាពផលិតកម្មរបស់ប្រទេស ហើយបង្កើតឱកាសការងារថ្មីបន្ថែមនិងផ្តល់ជម្រើសនៃវេនការងារ តាមពេលវេលានៃស្ថានភាពគ្រួសារ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន»។
ឧស្សាហកម្មកាត់ដេរគឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០ ម៉ឺននាក់ ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងតំបន់ជនបទ។ឯកសារស្តីពីការកសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងាររបស់ក្រសួងការងារ បានអះអាងថាចំនួនអ្នកមានការងារនៅក្នុងអនុវិស័យកម្មន្តសាលទំនើបបានកើនឡើង និងបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៥៤ម៉ឺននាក់។ បើតាមការបញ្ជាក់របស់មេដឹកនាំសហភាពការងារកម្ពុជាលោកអាត់ ធន់ការពិភាក្សាអំពីវិសោធកម្មច្បាប់សី្តពីការងារនេះនឹងត្រូវធ្វើពីរលើកទៀតក្នុងដំណាច់ខែកក្កដានេះ៕