ក្រុមសហជីពលើកឡើងថាការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងនោះការនាំចេញធ្លាក់ចុះ បណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជាពិសេសភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកនិងសហភាពអឺរ៉ុប។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន២៣,៦៩ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះទំហំពាណិជ្ជកម្មនេះ ដោយសារការនាំចេញទៅកាន់ប្រទេសមួយចំនួនធ្លាក់ចុះ រួមមានសហរដ្ឋអាមេរិកធ្លាក់ចុះ៨,៩% ទៅបារាំងធ្លាក់ចុះ៦,៥% ចក្រភពអង់គ្លេស១២,៦% អាល្លឺម៉ង់១៥,៧% និងបែលហ្ស៉ិក៣៥%។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូអេថាទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាធ្លាក់ចុះដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលខ្លាំង ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការមិនទាន់ចុះកិច្ចព្រមទាំងឡើងវិញពាក់ព័ន្ធជាមួយប្រព័ន្ធអនុគ្រោះពន្ធ GPS ឬ Generalized System of Preferences)របស់សហរដ្ឋអាមេរិក ក៏ដូចជាការដកប្រព័ន្ធ EBA(Everything But Arms)ចំនួន២០% កាលពីឆ្នាំ២០២០។
បើតាមមេដឹកនាំសហជីពរូបនោះ ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA និង GPS គឺដោយសារតែមានភាពតានតឹងនយោបាយរវាងកម្ពុជានិងបណ្តាប្រទេសប្រជាធិបតេយ្យទាំងនោះលើការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថ្លែងថា៖ «ជាសត្យានុម័ត គឺត្រូវតែប៉ះពាល់ទៅដល់ការបង្កើតការងារថ្មី និងរក្សាការងារចាស់ ហើយនៅពេលដែលមិនមានការងារ ហើយការងារមិនជាប់លាប់ មានន័យថាកម្មករបាត់បង់ប្រាក់ចំណូល បាត់បង់ការងារ ហើយពេលនោះ គឺថាភាពក្រីក្រអាចកើនឡើង និងវិបត្តិសង្គមផ្សេងៗ»។
លោកបន្ថែមថា៖ «ទី១គឺចំពោះខ្ញុំផ្ទាល់ យើងគិតថារដ្ឋាភិបាលត្រូវបង្កើតកិច្ចព្រមព្រៀងទ្វេភាគីច្រើន ឱ្យបានច្រើនទៀតជាមួយប្រទេសនៅជុំវិញពិភពលោក។ ហើយទី២ គឺត្រូវចរចារក្សា GSP និង EBA ធ្វើម៉េចឱ្យបាន»។
ស្រដៀងគ្នានេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា លើកឡើងថាសង្គ្រាមនៅអ៊ុយក្រែនបានបង្អាក់ការបញ្ជាទិញរបស់អ្នកទិញ និងថាការយកពន្ធនៅពេលដែលនាំចេញពីកម្ពុជា ដោយសារតែការដក២០%នៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងការមិនទាន់ចុះកិច្ចព្រមព្រៀងឡើងវិញGPS ដែលជាកត្តារួមផ្សំនៃការធ្លាក់ចុះ។
លោកថ្លែងថា៖ «ប៉ុន្តែខ្ញុំនៅតែយល់ថាស្ថានភាពទាំងអស់ វានឹងអាចមានភាពប្រសើរឡើង ប្រសិនបើរដ្ឋាភិបាលទាំងពីររវាងកម្ពុជានិងសហរដ្ឋអាមេរិក បន្តការជជែកគ្នាជុំវិញចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើម៉េចស្តារឱ្យមានភាពប្រសើរឡើងចំពោះការនាំចេញនេះ ដើម្បីកម្មករយើងគាត់មានភាពកក់ក្តៅ»។
បើតាមប្រធានសហជីពរូបនេះ បើសិនជាមិនមានការស្តារស្ថានភាពទេ កម្មករអាចប្រឈមនឹងការកាត់បន្ថយប្រាក់ខែ ឬក៏ឈានដល់ការព្យួរពីការងារ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាននៅឡើយទេ។
ចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលគណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមការបង្រ្កាបនយោបាយ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជំរុញឱ្យរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យឡើងវិញ និងគោរពសិទ្ធិនយោបាយជាមូលដ្ឋាន។
ចាប់តាំងពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធចំនួន២០%ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរ ស្បែកជើង ទំនិញធ្វើដំណើរ និងស្ករស ដែលជារួមផ្តល់ការងារដល់កម្មករប្រមាណ១លាននាក់។ទន្ទឹមនឹងនោះ ប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកបានផុតកំណត់ក្នុងខែធ្នូ ឆ្នាំ២០២០ ហើយមិនត្រូវបានបន្តទេ មានន័យថាកម្ពុជាកំពុងខាតបង់ប្រាក់ច្រើនរយលានក្នុងការនាំចេញដោយគ្មានបង់ពន្ធ ឬបង់ពន្ធទាប ក្នុងគ្រាដែលសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ នេះបើតាមសហជីព។
ព័ត៌មានទាក់ទង៖ លោកហ៊ុន សែន ថា ការបាត់បង់ EBA ជារឿងមិនត្រូវខ្វល់ព្រោះវានឹងត្រូវបាត់នៅឆ្នាំ២០២៧ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថាវាមិនមានផលប៉ះពាល់ទេ ទោះជាគ្មាន EBA នៅឆ្នាំខាងមុខៗក្តី។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កញ្ញា Stephanie Azarte ប្រាប់វីអូអេតាមសារអ៊ីម៉ែលថាកម្ពុជាចំណេញច្រើនពីការនាំចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក។
កញ្ញាបញ្ជាក់ថា៖ «ទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកយើង គួរតែធ្វើឡើងតាមរបៀបចំណេញដល់គ្នាទៅវិញទៅមក តម្លាភាព តុល្យភាព និងប្រកាន់ខ្ជាប់ទៅតាមស្តង់ដារខ្ពស់ ព្រមទាំងសិទ្ធិកម្មករ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះអះអាងថាប្រព័ន្ធ GSP បានផុតកំណត់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០មកម្លេះ ហើយសភាអាមេរិកនៅមិនទាន់ដំណើរការវាឡើងវិញទេ។
បើតាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អាមេរិកបានផ្តល់ឱ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្មនៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ GSP ដែលជាការធ្វើឱ្យកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញជាង៥ ពាន់មុខ។ នៅក្រោម GSP នេះ កម្ពុជាបាននាំទំនិញសម្រាប់ការធ្វើដំណើរដែលមានតម្លៃជិត១ពាន់លានដុល្លារទៅកាន់អាមេរិកក្នុងមួយឆ្នាំ៕