មន្រ្តី​សហជីព​ប្រឈម​ការ​បណ្តេញ​ចេញ​ពី​ការងារ ក្រោយ​បង្កើត​សហជីព​នៅ​រោងចក្រ

រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរដើរចេញពីរោងចក្រមួយ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន​ប្រចាំ​នៅ​រោង​ចក្រ​ហបឡុក​(Hop Lok Cambodia)​ក្នុង​ខេត្ត​កណ្តាល​អះអាង​ថា​ពួកគេ​ត្រូវ​បាន​រើស​អើង ក្រោយ​បង្កើត​សហ​ជីព​មួយ​នៅ​ក្នុង​រោង​ចក្រ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣។

រោងចក្រ​ហប​ឡុក ជា​រោងចក្រ​ដេរ​កាបូប​និង​សម្ភារ​ធ្វើ​ដំណើរ ដែល​គ្រប់​គ្រង​ដោយ​ថៅកែ​ជន​ជាតិ​ចិន មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុកអង្គស្នួល ខេត្ដ​កណ្ដាល។

សម្ព័ន្ធ​សហជីព​ចលនា​កម្មករឱ្យដឹង​ថា​ការ​បង្កើត​សហជីព​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការ​ពារ​សិទ្ធិ​សេរី​ភាព និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​កម្មករ។ បើ​តាម​សហជីព កាល​ពី​ថ្ងៃ​ទី​៨ ខែកក្កដា កម្មករ​កម្មការិនី​ចំនួន​១៦​នាក់​បាន​ស្ម័គ្រ​ចិត្ដ​រួមគ្នា​បោះ​ឆ្នោត​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​មួយ​នេះ ដែល​មាន​លោក យ៉ន វណ្ណៈ ជា​ប្រធាន។ ក្រោយ​ពី​បាន​បោះ​ឆ្នោត​រួច និង​បាន​ជូន​ដំណឹង​ទៅ​កាន់​រោងចក្រ​ស្ដី​ពី​ការ​បង្កើត​សហជីព ភ្លាម​នោះ​ពួកគេ​ត្រូវ​បាន​រដ្ឋបាល​រោង​ចក្រ​កោះ​ហៅ​ទៅ​គំរាម​កំហែងឱ្យលា​ឈប់​ពី​សហជីព។

សហជីព​បញ្ជាក់​ថា៖ «ក្រោយ​មក ភាគី​រោង​ចក្រ​បាន​ប្ដូរ​យុទ្ធសាស្រ្ត​បំបែក​ដោយ​កោះ​ហៅ​ស្ថាបនិក​សហជីព​ម្ដង​ម្នាក់ៗ ទៅ​គំរាម​កំហែង​គ្រប់​រូបភាព ​ឱ្យលា​ឈប់​ពី​សហជីព ដោយ​គំរាម​ថា​ប្រសិន​បើ​មិន​យល់​ព្រម ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ពី​សមត្ថ​កិច្ច»។

បន្ទាប់​ពី​ទទួល​រង​នូវ​គំរាម​កំហែង ស្ថាបនិក​សហជីព​ចំនួន​១៥​នាក់ បាន​បង្ខំ​ចិត្ត​លា​លែង ដោយ​សារ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព។ នេះ​បើ​តាម​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។

លោក អ៊ិន រិទ្ធី ប្រធាន​ផ្នែករដ្ឋបាល​នៃរោងចក្រ​ហបឡុក​ បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ថា​ក្រុមហ៊ុន​គំរាម​កំហែង។ លោក​បន្ថែម​ថា​ការ​បង្កើត​សហជីពរបស់​ពួកគេ​មិន​ស្រប​ទៅ​តាម​ច្បាប់​ ដោយ​យក​ឈ្មោះ​អ្នក​ដែល​មិន​ដឹង​ទៅ​ដាក់​ក្នុង​បញ្ជី​សមាជិក​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «ហើយ​គាត់​ទៅ​ចោទ​ថា​រោង​ចក្រ​រើស​អើង​គាត់ ចោទ​ថា​រោងចក្រ​បញ្ឈប់​គាត់ មាន​មក​ពីណា។ គាត់​ទៅ​ប្តឹង​buyers(អ្នក​បញ្ជា​ទិញ)៣​ស្ថាប័ន​ទៀត ឥឡូវ​ខាង​Buyers គាត់​ចុះ​មក​ស៊ើប​អង្កេត​ហើយ​តើ»។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ជំរុញឱ្យក្រសួង​ការងារ​ចាត់​មន្រ្តី​ជំនាញ ដើម្បី​ចុះ​ត្រួត​ពិនិត្យ និង​ដាក់​សម្ពាធ ក៏​ដូចជា​ចាត់​វិធាន​ការ​ជាក់​លាក់​ទៅ​លើ​រោង​ចក្រ​ទាំង​ឡាយ​ណា ដែល​រំលោភ​សិទ្ធិ​សេរី​ភាព​របស់​កម្មករ​នៅ​ក្នុង​ការ​បង្កើត​សហជីព ដែល​ជា​សិទ្ធិ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់៕