មេដឹកនាំសហជីពក្នុងប្រទេសកម្ពុជានឹងយកតួលេខប្រាក់ឈ្នួលអប្បរមាចំនួន១៧៧ដុល្លារក្នុងការចរចាជាមួយនឹងនិយោជកដែលធ្វើការវិនិយោគ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចាប់ពីខែកក្កដាខាងមុខនេះ ខណៈពេលដែលក្រសួងការងារបញ្ចេញឲ្យដឹងនូវប្រតិទិនថ្មីសម្រាប់ការពិភាក្សាប្រាក់ឈ្នួលអប្បរមាឆ្នាំ២០១៦។
ប្រតិទិនថ្មីនៃការពិភាក្សាប្រាក់ឈ្នួលអប្បរមារបស់ក្រសួងការងារដែលប្រកាសឲ្យដឹងកាលពីថ្ងៃសុក្របានបញ្ជាក់ថា ការពិភាក្សាប្រាក់ឈ្នួលអប្បរមានឹងចាប់ពីខែកក្កដារហូតដល់ប្រាក់ឈ្នួលអប្បបរមានថ្មីចូលជាធរមាននៅខែមករាឆ្នាំ២០១៦។
លោកអាត ធន់ ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងថា ការត្រៀមទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន១៧៧ដុល្លារនេះ គឺដោយសារពុំទាន់មានការសិក្សាលម្អិតណាមួយរវាងភាគីនិយោជិត និយោជក និងរដ្ឋាភិបាលដើម្បីរកឲ្យឃើញនូវតួលេខថ្មីទេ ហើយថា ប្រាក់ឈ្នួលអប្បបរមាចំនួន១៧៧ដុល្លារគឺជាចំនួនដែលរកបានតាមរយៈការស្រាវជ្រាវរបស់គណៈកម្មការត្រីភាគី រួមមានខាងនិយោជក ខាងរដ្ឋាភិបាល និងសហជីពកាលពីចុងឆ្នាំ២០១៣។
«មិនទាន់មានតួលេខណាស្រាវជ្រាវច្បាស់លាស់មានន័យថា យើងយកតួលេខ១៧៧ដើម្បីទៅធ្វើការចរចា ដោយសារតែតួលេខ១៧៧ដុល្លារគឺជាតួលេខដែលស្រាវជ្រាវដោយគណៈកម្មការត្រីភាគី មានខាងនិយោជក ខាងរដ្ឋបាល ខាងសហជីពចូលរួមគ្នាកាលចុងឆ្នាំ២០១៣»។
លោកបានបញ្ជាក់ថា ការចរចាទាមទារឲ្យបានប្រាក់អប្បរមា១៧៧ដុល្លារនេះគឺអាស្រ័យលើការចូលរួមរបស់កម្មករ ដោយលោកពុំអាចព្យាករណ៍បានថា និយោជកនឹងព្រមផ្តល់ប្រាក់ឈ្នួលប្រាក់អប្បរមា១៧៧ដុល្លារនេះឬយ៉ាងណាទេ។
«ជាបទពិសោធន៍ យើងឃើញថា នៅពេលដែលមានអន្តរាគមន៍ពីអ្នកពាក់ព័ន្ធ ឬក៏កម្មករតវ៉ាច្រើនហ្នឹង យើងទាមទារបានច្រើនទៅ។ បើមិនមានទេយើងទាមទារបានតិចទៅ។ អញ្ចឹងការចរចាទៅថ្ងៃមុខហ្នឹងក៏អញ្ចឹងដែរ។ ប្រសិនជាមិនមានសម្ពាធអីទេ និយោជកមិនដែលគេចង់ឲ្យឡើងប្រាក់ខែច្រើនទេ មួយដុល្លារពីរដុល្លារច្រើនបំផុតហើយ»។
ឧស្សាហកម្មកាត់ដេរបានផ្តល់ការងារឲ្យមនុស្សយ៉ាងហោចណាស់៦០០.០០០នាក់។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពរំជើបរំជួលនៅក្នុងវិស័យនេះ ដោយសារការធ្វើបាតុកម្មទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បរមាឲ្យបានសមស្របទៅនឹងការកើនឡើងនូវថ្លៃទំនិញនានាក្នុងប្រទេសកម្ពុជាដែលបានបន្តកើនឡើងលឿនជាងប្រាក់ខែកម្មករ។
ការតវ៉ារបស់កម្មករដើម្បីឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីខែមករាដើមឆ្នាំ២០១៤បានប្រឈមនឹងការបង្រ្កាបដោយអំពើហិង្សាពីរដ្ឋាភិបាល ដែលនាំឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួនប្រាំនាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ព្រមជាមួយនឹងការដាក់ពន្ធនាគារមេដឹកនាំសហជីព និងកម្មករមួយចំនួនទៀត។
បន្ទាប់ពីមានការតវ៉ាទាំងនោះមក រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់១២៨ដុល្លារក្នុងមួយខែ ប៉ុន្តែក្រុមកម្មករបាននិយាយថា ពួកគេត្រូវការយ៉ាងហោចណាស់១៧៧ដុល្លារក្នុងមួយខែដើម្បីទប់ទល់នឹងការកើនឡើងនូវការចំណាយក្នុងការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ន។
លោកហេង សួ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់វីអូអេខេមរភាសាថា ក្រុមសហជីពត្រូវត្រៀមឲ្យបានរួចរាល់នូវអំណះអំណាងនានាដើម្បីទាមទារប្រាក់ឈ្នួលថ្មី ព្រោះពួកគេពុំអាចចេះតែលើកឡើងនូវតួលេខណាមួយមកពិភាក្សាស្តីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងឆ្នាំ២០១៦បានទេ។
«ក្នុងនាមក្រសួង ក្នុងនាមរដ្ឋាភិបាលគឺថា មិនប្រកាន់លើភាគីណាមួយទេ គឺថា សុំភាគីនិមួយត្រៀមមូលហេតុ ត្រៀមទិន្នន័យ ត្រៀមឯកសារដើម្បីយកមកចរចាគ្នា។ ហើយភាគីណាដែលមានសមត្ថភាពមានលក្ខណៈគេហៅថា វិទ្យាសាស្រ្តច្រើនជាងបូកគ្នាទៅ ខ្ញុំគិតថា គាត់អាចមានលទ្ធភាពដើម្បីពន្យល់អង្គប្រជុំបាន»។
លោកវ៉ាន់ ស៊ូអៀង ប្រធានសមាគមន៍រោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា បដិសេធពុំធ្វើអធិប្បាយទេ ដោយលោកជាប់បេសកកម្មការងារនៅប្រទេសថៃ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងការងារបានស្នើឲ្យគ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម រួមមានស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច រួមមានផលិតភាព ភាពប្រកួតប្រជែង និងស្ថានភាពទីផ្សារការងារ ក៏ដូចជាពិនិត្យមើលបន្ទាត់ភាពក្រីក្រ សម្រាប់ជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅក្នុងកម្ពុជា៕