​មេ​ដឹកនាំ​សហជីព​លោក ​រ៉ុង ឈុន​​ ប្រកាស​ចូលរួម​​ជាមួយ​គណបក្ស​ភ្លើងទៀន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​​​​​​​​​​​

លោក រ៉ុង ឈុន មេដឹកនាំសហជីព ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន នៅទីតាំងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

នៅ​ថ្ងៃ​អង្គារ​នេះ​ ​មេ​ដឹក​នាំ​សហ​ជីព​លោក​ រ៉ុង ឈុន បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹងចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ជំទាស់ ​ដើម្បី​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។

មេ​ដឹកនាំ​សហជីព​រូប​នោះក៏​រំពឹង​ថា​ គណបក្ស​ជំទាស់​នេះនឹង​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៧​នេះ​ ហើយ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មាន​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។​

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​ប្រាប់​សនិ្នសីទ​ព័ត៌មាន​មួយ​ នៅ​ទី​ស្នាក់ការ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ស្ថានភាព​នយោបាយនឹង​មាន​ការ​ប្រែប្រួល​ នៅ​ពេល​លោក​ចូល​រួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ ដែល​ធ្លាប់​មាន​ឈ្មោះ​ថា ​គណបក្សសម រង្ស៊ី។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​ ពេល​វេលា​នេះ ​ម៉ោង​នេះ​ ខ្ញុំនឹ​ង​បិទ​ទំព័រ​ចាស់​...​ហើយ​នឹង​បើក​ទំព័រ​ថ្មី​នៅ​ម៉ោង​នេះ ​អ៊ីចឹង​ខ្ញុំ​នឹង​សម្រេច​ចិត្ត​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន»។​

លោក រ៉ុង ឈុន មេដឹកនាំសហជីព ធ្វើសន្និសីទសារព័ត៌មានមួយ អំពីការប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន នៅទីតាំងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

លោក ​រ៉ុង ឈុន​ ដែល​ជា​អ្នក​និយាយ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃមាត់​ផង​នោះ​បន្ថែមថា ​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការចូល​រួម​ជា​មួយ​គណ​បក្ស​ភ្លើងទៀន​នេះ​គឺ​ដោយ​សារ​តែ​មាន​សំណូម​ពរច្រើន​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ ដែល​ចង់​ឃើញ​សង្គម​កម្ពុជា​មាន​សេរីភាព ​យុត្តិធម៌ ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ។​

ម្យ៉ាងទៀត​ លោក​ រ៉ុង ឈុន​ ដែល​បាន​ដាក់​លិខិត​ទៅ​កាន់​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក ​ទាវ វណ្ណុល ​ដើម្បីសុំចូលរួម​ជាមួយ​គណបក្ស​នៅ​ថ្ងៃ​អង្គារ​នេះ​ រៀប​រាប់​ទៀត​ថា​ ​ការ​ចូល​រួម​សកម្ម​ភាព​នយោបាយរបស់​លោក​នឹង​អាច​ជួយ​ដល់កម្មករ ​ជួយ​គ្រូ​បង្រៀន​បាន​ច្រើន​ជាង​ពេល​ដែល​លោកធ្វើ​ជា​មេដឹក​នាំសហ​ជីព និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ។

លោក​បញ្ជាក់​ថា៖ ​«ប៉ុន្តែ​ការណ៍​ដែល​ខ្ញុំ​សម្រេច​ចិត្ត​បែប​នេះ ​មិន​មែន​មាន​ន័យ​ថា​ ខ្ញុំ​បិទ​ទំព័រ​ចាស់ ​មិនមែន​មាន​ន័យ​ថា​ ខ្ញុំ​បោះ​បង់​កម្មករ ​បោះ​បង់​គ្រូ​បង្រៀន​នោះ​ទេ។ ​ប៉ុន្តែយើង​សម្លឹង​មើល​ថា ​បើ​សិន​យើង​ចូល​ក្នុងជីវភាព​នយោបាយ ​មាន​លទ្ធភាព​ច្រើន​ជាង​ខ្ញុំ​នៅធ្វើ​ការ​សហ​ជីព»។​

បើ​ទោះ​បីជាមិន​ទាន់មាន​ការ​សម្រេច​ជា​ផ្លូវការ​ពី​គណ​បក្ស​ភ្លើង​ទៀន​ថា​ឲ្យ​លោក​ចូល​រួម​ជីវភាព​នយោបាយ​យ៉ាង​ណា​ក្តី ​ក៏​លោក​រ៉ុង ឈុន​បង្ហាញសុទិដ្ឋិនិយម​ជាមុនថា​ វត្ត​មាន​របស់​លោកក្នុង​គណ​បក្ស​ភ្លើងទៀន​នឹង​ក្លាយ​ជាកម្លាំង​ចលករ​មួយ​ ដែល​អាច​ទាក់​ទាញ​ការ​គាំទ្រពី​ប្រជា​ពល​រដ្ឋ​ ដែល​ធ្លាប់​ស្រឡាញ់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មក​ផ្តល់​ការ​គាំទ្រគណ​បក្ស​ភ្លើង​ទៀន។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ដើម្បី​យក​ឥទ្ធិពល​របស់​ខ្ញុំ​បូក​ជាមួយ​គណ​បក្ស​មួយ​ដែល​មាន​សក្តានុពល​ហើយ​បូក​ជា​មួយ​ឥទ្ធិពល​របស់​ខ្ញុំ​ដើម្បី​ឲ្យ​កម្លាំង​នយោបាយ​កាន់តែ​ខ្លាំង ​ឆ្ពោះ​ទៅ​ធ្វើការ​ប្រកួត​ប្រជែង​យក​លំដាប់​លេខ​១​ នៅ​ថ្ងៃ​២៣ ​ខែ​កក្កដាខាង​មុខ​នេះ»។​

បើ​តាម​លោក ​រ៉ុង ឈុន ទោះបី​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត​ជាតិ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​នៅ​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោតក្តី​ ​ក៏លោក​នៅ​តែ​មាន​ជំនឿ​ថា​ គណ​បក្ស​ភ្លើង​ទៀន​នៅ​តែ​អាច​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​លើក​នេះ​បាន​ បើ​យោងទៅ​តាម​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​ប្រជា​ពលរដ្ឋ។​

លោក​បន្ថែម​ថា៖​ «​ជា​ការណ៍​ពិត​គ.ជ.ប.​ បច្ចុប្បន្ន​នេះ​មិន​ដូច​គ.ជ.ប.​នៅ​ពេល​ដែល​មាន​វត្ត​មាន​ខ្ញុំ​នៅទី​នោះ​ទេ។ ​យើង​ទទួល​ស្គាល់​ការណ៍​ពិត។​ ប៉ុន្តែនៅ​ពេល​ដែល​មាន​ការ​គាំទ្រ​សន្ធឹក​សន្ធាប់​ ពេល​ហ្នឹង​ហើយ​គណបក្ស​ភ្លើង​ទៀន​នឹងឆ្ពោះ​ទៅ​កាន់​លំដាប់​លេខ​១​ ទោះ​បី​គ.ជ.ប. ​ដែល​យើង​មើល​ឃើញ​ថា ​នៅ​មាន​រឿង​អវិជ្ជ​មាន​ខ្លះ​ក៏​ដោយ​ តែ​បើ​មាន​ការ​គាំទ្រ​ច្រើន​លើស​លប់​ហើយ​ ពេល​ហ្នឹង​នឹង​ទទួល​បាន​ជោគ​ជ័យ»។​

ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០២២ គណ​បក្ស​ភ្លើងទៀន​ដែល​បាន​ប្តូរ​ឈ្មោះ​មក​ពី​គណបក្ស ​សម រង្ស៊ី ​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន​ជាង​១,៦​លាន​ដែល​ស្មើ​នឹង២២​ភាគរយ​នៃ​អ្នក​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ ក្រោយ​ពី​គណបក្ស​នេះ​ធ្វើ​សកម្មភាព​រយៈ​ពេល​តែ៣​ខែ​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​កាលពី​ខែ​មិថុនា​ ឆ្នាំ​២០២២​នោះ។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ ភីរិទ្ធ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារនេះ​ថា​ គណ​បក្ស​ភ្លើង​ទៀន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះវត្តមាន​របស់​លោក ​រ៉ុង ឈុន​ និង​ថា​ ​គណបក្ស​នឹង​ធ្វើ​ការ​សម្រេច​ជា​ផ្លូវ​ការនៅ​ពេល​ក្រោយ​ទាក់ទង​សំណើ​របស់​លោក ​រ៉ុង ឈុន។​

លោក​ថ្លែង​ថា៖ ​«យើង​ឃើញ​គាត់​ប្រកាស​ប៉ុណ្ណឹង​ហើយ ​រឿង​អីថ្នាក់​ដឹកនាំ​យើង​មិន​ស្វាគមន៍។ ​ហើយ​ថ្នាក់​ដឹកនាំ​នឹង​ចាត់​ចែង​ថា​ តើ​ត្រូវ​ស្វាគមន៍​គាត់​ក្នុង​កម្រិត​បែប​ណា​ អី​បែប​ណា។​ អាហ្នឹង​ជារឿង​របស់​ថ្នាក់​ដឹកនាំ ​ដែល​ធ្វើ​សេចក្តី​សម្រេច»។​

បើ​តាម​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​រូប​នោះ​ ការ​ចូលរួម​របស់​លោក​រ៉ុង ឈុន​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​គណបក្ស​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ថែម​ទៀត​ពី​អ្នក​បោះ​ឆ្នោត។

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅទីស្នាក់ការសមាគម ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

ចំណែក​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី ​អ៊ុក ឆាយ៉ាវី ប្រាប់​អ្នក​សារ​ព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិកវីអូអេ​ថា ​នៅ​ពេល​ណា​ដែល​គណ​បក្សភ្លើង​ទៀន​ទទួល​យក​លោក ​រ៉ុង ឈុន​ចូល​ជា​សមាជិក​ផ្លូវការ​ នោះ​លោក​ រ៉ុង ឈុន ​នឹង​លែង​ជាទីប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ទៀត​ហើយ។​

អ្នក​ស្រី​បន្ថែមថា៖ ​«ជំហរ​ខ្ញុំ​ជា​ប្រធាន​ ក៏ខ្ញុំ​នៅ​តែរាប់​អាន​ ក៏​ខ្ញុំ​នៅតែ​គោរព​ ព្រោះ​យើង​មិន​អាច​បោះបង់​ ឬ​ក៏ថា​ យើង​ឈប់​រាប់​អាន​គាត់​ ដោយ​សារតែ​គាត់​ទៅ​ធ្វើ​នយោបាយ។ ​ នេះ​គ្រាន់​តែ​ជា​ការ​មួយ​ បើ​យើង​បង្ហាញ​អ៊ីចឹង​បាន​ន័យ​ថា យើង​ខ្មែរ​ លែង​ស្រឡាញ់​ខ្មែរ​ហើយ។ ​អ៊ីចឹង​ខ្មែរ​ ទោះ​បី​ជា​គណបក្ស​នយោបាយ​ណា​ក៏ដោយ​ យើង​ត្រូវតែ​រាប់​អាន​គ្នា»។​

ស្រប​ពេល​លោក ​រ៉ុង ឈុន​ ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​នោះ​ ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត​ កត់​សម្គាល់​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក ​រ៉ុង ឈុន​ ក្នុង​ការ​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ជំទាស់​នេះ​គឺ​ជា​សិទ្ធិរបស់​បុគ្គល ដែល​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ជាធរ​មាន។​

ដោយ​ឡែក​ អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក ​ឈឹម ផលវរុណ​ យល់​ថា​ គណបក្ស​គ្រប់​គ្រង​ប្រទេស​មិន​ព្រួយ​បារម្ភ​ចំពោះ​វត្តមាន​របស់​លោក ​រ៉ុង ឈុន​ នៅ​ក្នុងគណបក្ស​ភ្លើងទៀន​នា​ថ្ងៃ​ខាង​មុខទេ ​ព្រោះនេះ​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ក្នុង​ការ​ធ្វើ​នយោបាយ។​

លោក​ថ្លែង​ថា៖ ​«សិទ្ធិ​សេរី​ភាព​នេះ ​ដែល​ត្រូវ​បាន​ធានា​គ្រប់​មនុស្ស​ទាំង​អស់​ឲ្យ​តែ​បំពេញ​ក្នុងបែប​បទ​លក្ខខណ្ឌ​នៃ​ច្បាប់​វា​ចប់​ហើយ ​មាន​ទៅ​កើត​ការ​ព្រួយ​បារម្ភ​អី?​ វា​អត់​មាន​ទេ។ ​ហើយ​ក្តី​សង្ឃឹម​របស់​អ្នក​នយោបាយ​ ឬ​របស់​គណបក្ស​គណ​បក្ស​នីមួយៗ​តែង​តែ​មាន​ហើយ។​ ​អាហ្នឹង​ជា​វោហារ​សព្ទ»។​

ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​លោក​រ៉ុង ឈុន​លើ​ភាព​ខ្វះខាត​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នោះ លោក ​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប.​លើក​ឡើង​ថា​ គ.ជ.ប.​តែងតែ​ផ្ទៀង​ផ្ទាត់​សកម្ម​ភាព​ការងារ​របស់​ខ្លួនទៅតាម​ច្បាប់។​ ហើយ​លោក​ទទួល​ស្គាល់​ថា ​ការ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​មែន​ ​ប៉ុន្តែ​គឺ​មាន​តិច​តួច​បំផុត​ ដែល​មិន​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«ជា​ការណ៍​ពិត​ណាស់ ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​អាច​មាន​ភាព​មិន​ប្រក្រតី​តិច​តួច​ស្តួច​ស្តើង​មែន​ទែន ​ហើយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទេ។ ​ហើយ​មើល​លទ្ធផល​ដែល​បង​ប្អូន​អញ្ជើញ​ចេញ​ទៅ​បោះឆ្នោត​គឺ​ច្រើន​លើស​លប់​ទៅ​នឹង​សម្តី​ ឬពាក្យ​ដែល​បាន​លើក​ឡើង​ខាង​ដើម ​ដែល​លើក​ឡើង​ថា ​មាន​បញ្ហា​នេះ ​បញ្ហា​នោះ​ជា​ដើម។ ​ហើយគ.ជ.ប.​តែង​តែ​បើក​ទូលាយ ​ប្រសិន​បើមាន​ការ​សង្ស័យ​លើ​ចំណុច​ណា​ អាច​ដាក់​ពាក្យ​បណ្តឹង​ ហើយ​យើង​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀតដើម្បីបញ្ជាក់។ ​ប៉ុន្តែ​សម្តីខ្លះ ​មតិខ្លះ​គ្រាន់​តែ​ជា​ហេតុ​ផល​ដើម្បី​កេង​ចំណេញ​នយោបាយ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក ​រ៉ុង ឈុន ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ឆ្នាំ​២០២០​ ​ពី​បទ​ញុះញង់​ ព្រោះ​ការ​អត្ថាធិប្បាយ​របស់​លោក​ពាក់​ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ​ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០២១​ បន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​សកម្មជន​ក្នុង​ស្រុក​ និង​ការ​អំពាវនាវ​ជា​បន្ត​បន្ទាប់​ពីក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ៕​